ដោយ៖ បូ សាវី
ថ្ងៃសុក្រ ទី4 កក្កដា 2014
http://vodhotnews.com
ប្រជាសហគមន៍ជាង១០០នាក់ នៅស្រុករវៀង ខេត្ដព្រះវិហារ នាព្រឹកថ្ងៃសុក្រនេះ ស្វែងរកអន្ដរាគមន៍ពីសមាគមការពារសិទ្ធិមនុស្ស អាដហុក ដើម្បីឲ្យសមត្ថកិច្ចដោះលែងសមាជិកសហគមន៍ពួកគេម្នាក់ ឲ្យមានសេរីភាពវិញ បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនពីថ្ងៃម្សិលមិញ។
សមាជិកសហគមន៍តំបន់ការពារធនធានធម្មជាតិទន្លេម្រេច ឃុំរមណី អ្នកស្រី សុខ សុផុន ប្រាប់VODថា កងកម្លាំងសមត្ថកិច្ចប្រមាណ៤០នាក់ ប្រដាប់ដោយអាវុធ បានបាញ់កាំភ្លើង ជាច្រើនគ្រាប់ គំរាមនិងចាប់ខ្លួនប្រជាសហគមន៍ម្នាក់ ខណៈបីនាក់ផ្សេងទៀត ប្រតាយប្រតប់ហើយរួចខ្លួន ដោយសារពួកគេធ្វើសង់ផ្ទះនៅលើដីសហគមន៍ នៅខាងមុខក្រុមហ៊ុនទ្រីភាព។
សមាជិកមួយសហគមន៍មួយរូបទៀត លោក ថេប ផាត ឲ្យដឹងថា ប្រជាសហគមន៍ដែលសមត្ថកិច្ចចាប់ខ្លួននោះឈ្មោះ ធិន ថា អាយុជាង៥០ឆ្នាំ ត្រូវបានសមត្ថកិច្ចដាក់ខ្នោះភ្លាមៗ បើទោះជាបុរសរូបនោះសំពះអង្វរសមត្ថកិច្ចយ៉ាងណាក៏ដោយ។ លោកបន្ដថា ពួកគាត់បានកាប់ព្រៃសង់ផ្ទះលើដីសហគមន៍ ប៉ុន្ដែបែរជាសមត្ថកិច្ច ហាមឃាត់និងចាប់ខ្លួនពលរដ្ឋទៅវិញ ដោយលោកសង្ស័យថា មានការបញ្ជាពីបុគ្គលិកក្រុមហ៊ុនទ្រីភាព។
VOD មិនអាចទាក់ទងស្នងការនគរបាលខេត្តព្រះវិហារ លោក ស៊ី ការី និងអភិបាលស្រុករវៀង លោក ឯ សារ៉ូ ដើម្បីបំភ្លឺពីករណីនេះ បាននៅឡើយទេ ដោយទូរស័ព្ទចូលច្រើនដងមិនមានអ្នកទទួល។
យ៉ាងនេះក្ដី អ្នកសម្របសម្រួលសមាគមការពារសទិ្ធមនុស្ស អាដហុក ខេត្ដព្រះវិហារ លោក ឡោ ចាន់ មានប្រសាសន៍ថា ការចាប់ខ្លួន និងប្រើអាវុធបាញ់គំរាមពលរដ្ឋនេះ ជាករណីរំលោភសិទ្ធិមនុស្សមួយយ៉ាងធ្ងន់ធ្ងរនៅក្នុងសង្គមប្រជាធិបេតយ្យ។ លោកស្នើឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធអន្ដរាគមន៍ ដោះលែងសមាជិកសហគមន៍ឲ្យមានសេរីភាពវិញជាបន្ទាន់ ព្រោះពួកគេ សង់ផ្ទះតែលើដីសហគមន៍ពួកគាត់ប៉ុណ្ណោះ។
កាលពីពាក់កណ្ដាលខែឧសភាឆ្នាំ២០១៤ ប្រជាសហគមន៍ តំបន់ការពារធនធានធម្មជាតិទន្លេម្រេច ចំនួន១១នាក់ ស្ថិតនៅភូមិអូរពោធិ ស្រុករវៀង ត្រូវតុលាការខេត្ដព្រះវិហារ កោះហៅឲ្យទៅបំភ្លឺ ជាបន្ដបន្ទាប់ ដោយចោទថា រារាំងកិច្ចការសាធារណៈ បន្ទាប់ពីពលរដ្ឋនាំគ្នារារាំងគ្រឿងចក្ររបស់ក្រុមហ៊ុនទ្រីភាព៕
សូមសរសេរមកលោក បូ សាវី តាមរយៈ savy@vodhotnews.com