ដោយ៖ តាំង វីដា
ថ្ងៃសុក្រ ទី4 កក្កដា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
ពលករកម្ពុជា ពេលយោធាថៃបញ្ជូនមកស្រុកកំណើតវិញ (រូបថត៖ សីហា)
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា ឲ្យដឹងនៅថ្ងៃសុក្រនេះថា ពលករខ្មែរ១៤នាក់ ដែលជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ឯកសារក្លែងក្លាយធ្វើការនៅប្រទេសថៃ ត្រូវបានបញ្ជូនមកកម្ពុជាវិញនៅម៉ោងជាង៩ព្រឹកនេះ។
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក កុយ គួង ប្រាប់VODឲ្យដឹងថា ពលករខ្មែរ១៤នាក់ ក្នុងនោះស្រី១០នាក់ និងប្រុស៤នាក់ ដែលថៃចាប់ឃុំខ្លួន ក្នុងខេត្តស្រះកែវប្រទេសថៃ ទទួលបានការដោះលែង តាមការស្នើសុំរបស់ប្រមុខ រដ្ឋាភិបាល កម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង។ លោកបន្តថា អ្នកទាំងនោះបានបញ្ជូនត្រលប់មកកម្ពុជាវិញ តាមច្រកព្រំដែន ក្រុងប៉ោយបែតនៅម៉ោងប្រមាណជា៩កន្លះព្រឹកនេះ។
លោក កុយ គួង បញ្ជាក់ជាថ្មីថា ការស្នើដោះលែងនេះ គឺដោយសារតែពលករទាំងនោះ ពិតជាត្រូវបានរកឃើញថា ជាជនរងគ្រោះចាញ់បោកពីជនខិលខូច ឲ្យប្រើប្រាស់ឯកសារក្លែងក្លាយជាភាសាថៃដើម្បីបម្រើការនៅប្រទេសថៃ។ យ៉ាងណាក៏ដោយ លោកថា ស្ថានកុងស៊ុល ខ្មែរប្រចាំប្រទេសនិងអាជ្ញាធរថៃ នឹងបង្កើតកិច្ចសហប្រតិបត្តិការរួមចាប់មេក្លោង ករណីនេះ មកផ្ទន្ទាទោស រួមនឹងបង្ការករណីក្រោយៗទៀត។ ជាមួយគ្នានេះ លោកថា ពលករ ទាំង១៤ នាក់នោះ មានសិទ្ធិសម្រេចថា ត្រលប់ទៅធ្វើការនៅប្រទេសថៃវិញបាន លុះណាតែ រៀបចំឯក សារជាថ្មី និងធ្វើឲ្យស្របច្បាប់ជាមុនសិន។
ក្នុងពិធីមួយនៅកោះពេជ្រ ស្តីពីការលើកកម្ពស់សិទ្ធិជនពិការ នៅថ្ងៃម្សិលមិញនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា ការស្នើដោះលែងពលករខ្មែរ១៤នាក់នេះ គឺមិនមែនជាថ្នូរនឹងការដែលកម្ពុជាដោះលែងអ្នកទោសថៃនោះ លោក វីរ៉ា ស៊ុំក្វាមឃីត ដែល រងចោទពីបទចារកម្ម នៅពេលពួកគេឆ្លង ចូលបន្ទាយទាហានកម្ពុជាកាលពីដើមឆ្នាំ ២០១៣ នោះទេ៕
សូមសរសេរមកលោក តាំង វីដា តាមរយៈ vida@vodhotnews.com