​ក្រុម​សហជីព​ថា​ ភាព​ធ្ងន់ធ្ងរ​នៃ​ការរំលោភ​សិទ្ធិ​កម្មករ​នឹង​ធ្វើឲ្យ​បាត់បង់​អ្នក​បញ្ជា​ទិញ​​

ដោយ៖​ ជន ស្រី​ណុ​ច​​
ថ្ងៃសុក្រ ទី4 កក្កដា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

កម្មករក្នុងវិស័យវាយនភណ្ឌនៅកម្ពុជា (រូបថត៖ កាន់ វិច្ឆិកា)

​សហជីព​មួយ​ក្រុម​លើកឡើង​ជា​ថ្មី​ទៀត​ថា ភាព​ធ្ងន់ធ្ងរ​នៃ​បញ្ហា​រំលោភ​សិទ្ធិ​កម្មករ​នៅ​កម្ពុជា នឹង​ធ្វើឲ្យ​អ្នក​បញ្ជា​ទិញអស់​ជំនឿ​ចិត្ត ហើយ​បញ្ឈប់​ការបញ្ជា​ទិញ​ផលិតផល​ពី​រោងចក្រ​នៅ​កម្ពុជា​។​

​ការព្រមាន​នេះ ធ្វើឡើង​ក្នុង​សិក្ខាសាលា​ស្តី​ពី​សន្តិសុខ​ការងារ និង​ទំនាក់ទំនង​ឧស្សាហកម្ម​នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃ​សុក្រ ទី​០៤ ខែកក្កដា ដោយ​មាន​ការចូលរួម​ពី​តំណាង​សហជីព​ធំៗ​មួយចំនួន មន្ត្រី​ក្រសួង​ការងារ និង​ម្ចាស់ជំនួយ​ពី​ប្រទេស​ជប៉ុន។​

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន មានប្រសាសន៍ថា វិស័យ​កាត់ដេរ​នៅ​ប្រទេស​កម្ពុជា នៅតែ​មាន​លក្ខណៈ​ផុយស្រួយ ដែល​ងាយ​នឹង​ដួលរលំ​ប្រសិនបើ​រដ្ឋាភិបាល បណ្តោយ​ឲ្យ​កម្មករ​រង​នូវ​ការរំលោភបំពាន​សិទ្ធិ​ពី​សំណាក់​និយោជក ដូច​បច្ចុប្បន្ន​នេះ។ លោក​បន្តថា កត្តា​មួយទៀត​គឺ​បញ្ហា​ប្រាក់​ឈ្នួល​របស់​កម្មករ​មានកម្រិត​ទាប ក៏​នាំ​ឲ្យ​ពួកគេ​ផ្ទុះ​ការតវ៉ា ធ្វើឲ្យ​ចរន្ត​ការងារ​មិន​ដំណើរកា​រ។

រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក សាទ សាមុត ទទួលស្គាល់ថា បញ្ហា​កម្មករ​នៅក្នុង​វិស័យ​កាត់ដេរ​ពិតជា​មាន​លក្ខណៈ​មិន​ទាន់​ល្អប្រសើរ​មែន ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​លោក​សង្កេតឃើញថា សហជីព​ធំៗ​មួយចំនួន​នៅ​មិនទាន់​មាន​ការសហការ​គ្នា រក​ផ្លូវ​ដើរ ដើម្បី​ឲ្យ​វិស័យ​នេះ​ដំណើរការ​ទៅ​ដោយ​រលូន។ លោក​បន្តថា ប្រសិនបើ​សហជីព​ណាមួយ​រកឃើញថា និយោជក ឬ​សហជីព​ណា​ប្រព្រឹត្តិ​ខុសច្បាប់ មាន​តែ​លើក​យក​មាត្រា​ច្បាប់ មក​បង្ហាញ ហើយ​ដាក់​ពាក្យបណ្តឹង ទៅ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ជា​អ្នកដោះស្រាយ។

​ចាប់តាំងពី​ចុងឆ្នាំ​២០១៣ រហូតមកដល់​ពេលនេះ កម្មករ​បាន​ធ្វើ​បាតុកម្ម​ជា​បន្តបន្ទាប់ ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​គោល​អប្បបរមា​ចំនួន​១៦០​ដុល្លារ ក្នុង​មួយ​ខែ​។ ប៉ុន្តែ​ការទាមទារ​នោះ ធ្វើឲ្យ​សមត្ថកិច្ច​បាញ់​បង្ក្រាប បណ្តាលឲ្យ​មនុស្ស​៧​នាក់​ស្លាប់​ជា​បន្តបន្ទាប់ ខណៈ​ជិត​៤០​នាក់​រងរបួស និង​២៣​នាក់​ត្រូវបាន​ចាប់ឃុំខ្លួន តែ​ទើប​ត្រូវបាន​តុលាការ​ដោះលែង​វិញ​៕

សូមសរសេរមកកញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com

What Next?

Recent Articles