​កម្មករ​ជួសជុលប្រាសាទតាព្រហ្ម ព្រមាន​ហែ​ក្បួនទៅ​មុខ​ស្នាក់ការរបស់​ជនជាតិ​ឥណ្ឌា​

ដោយ៖​ បូ សា​វី​
ថ្ងៃសុក្រ ទី4 កក្កដា 2014
http://vodhotnews.com

ក្រុម​កម្មករ​ប្រមាណ​១០០​នាក់ នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ ព្រមាន​ហែក្បួន​ទៅមុខ​ស្នាក់ការគម្រោង​ជួសជុល​ប្រាសាទ តាព្រហ្ម (India Cambodia Project) បើសិន​ម្ចាស់​គម្រោង​ជា​ជនជាតិ​ឥណ្ឌា មិន​ផ្ដល់​ដំណោះស្រាយ​តាម​ការទាមទារ​។​

​ការព្រមាន​នេះកើតឡើង​បន្ទាប់ពីក្រុមកម្មករជួសជុល​ប្រាសាទបុរាណ​នោះ ធ្វើ​កូដ​កម្ម​នៅក្នុង​ប្រាសាទតាព្រហ្ម អស់​រយៈពេល​ពីរ​ថ្ងៃ​កន្លងមកនេះ ដើម្បី​ទាមទារ​ឲ្យ​យក​កម្មករ​៣១នាក់ និង​មន្ត្រី​សហ​ជី​ពចូលធ្វើការ​វិញ និង​ផ្ដល់​សំណង​ប្រាក់​អតីតភាព​ការងារ​។

អគ្គលេខាធិការរងនៃ​សហព័ន្ធ​សហជីព កម្មករ សំណង់ និង​ព្រៃឈើនៅ​កម្ពុជា លោក ផាត់ ភន ប្រាប់VOD​នៅ​រសៀល​​ថ្ងៃ​សុក្រ​នេះ​ថា ក្រុមកូដករ នឹង​ហែក្បួន​ចេញពី​ប្រាសាទតាព្រហ្ម ទៅ​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​ស្នាក់ការគម្រោង​ជួសជុល​ប្រាសាទតាព្រហ្ម នៅក្នុង​តំបន់​អភិរក្ស​អង្គរ ស្ថិតនៅ​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប និង​ឆ្ពោះទៅ​កាន់​​​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​ជនជាតិ​ឥណ្ឌា​ជា​អ្នកគ្រប់គ្រង​ដោះស្រាយ​តាម​ការទាមទារ​របស់​កម្មករ​។ ​ប៉ុន្ដែ​លោកមិន​ទាន់​កំណត់​ពេល​ជាក់លាក់​ទេ​ដែល​ត្រូវ​ធ្វើ​ទេ ដោយ​ប្រាប់ថាប្រហែល​ជា​សប្ដាហ៍​ក្រោយ​។​

​អនុប្រធាន​សមាគម​មគ្គុទេសក៍​ទេសចរណ៍ ខ្មែរ​អង្គរ ខេត្ដ​សៀមរាប លោក ធៀប ប៊ុនធិន មានប្រសាសន៍ថា គម្រោង​ហែក្បួន​ធ្វើ​បាតុកម្ម​របស់​កម្មក​រ​នេះ មិន​​ប៉ះពាល់​ដល់​តំបន់​ទេសចរណ៍​នោះទេ​ ព្រោះ​កម្មករ​មាន​សមាជិក​តិចតួច ដែល​​ខុស​ពី​បាតុកម្ម​រឿង​នយោបាយ​។​

ប្រធាន​ការដ្ឋាន​ជួសជុល​ប្រាសាទតា​ព្រហ្មរបស់​គម្រោងASI និង​ជា​អ្នកគ្រប់គ្រង​ទូទៅ​បន្ទាប់​ពី​ជនជាតិ​ឥណ្ឌា លោក ចាន់ ឡាយ មានប្រសាសន៍ថា លោក​បាន​បញ្ជូន​ព័ត៌មាន​ទៅ​ស្ថានទូត​ឥណ្ឌា​ហើយ។​

កម្មករ​ឲ្យដឹងថា វិវាទ​ការងារ​នេះ បានអូសបន្លាយ​ជិត​៣​ឆ្នាំ​មកហើយ ដោយសារ​ម្ចាស់​គម្រោង​បញ្ឈប់​កម្មករ​ចំនួន​៣១​នាក់ និង​ថ្នាក់ដឹកនាំ​សហជីព​ចំនួន​ពីរ​នាក់ ដោយសារ​រើសអើង​ការចូល​ជា​សមាជិក​សហជីព​។ កម្មករ​បន្ដ​ថា បញ្ហា​នេះ ដោយសារ​ម្ចាស់​គម្រោង​មិន​អនុវត្ដ​​តាម​សេចក្ដីសម្រេច​របស់​មន្ទី​រកា​រងារ ខេត្តសៀមរាប និង​ក្រុមប្រឹក្សា​អាជ្ញាធរ​កណ្ដាល​​៕ 

សូមសរសេរមកលោក បូ សាវី តាមរយៈ savy@vodhotnews.com

What Next?

Recent Articles