​ក្រុមនិស្សិត​រក្សា​ជំហរ​ធ្វើបាតុកម្ម​មុខ​ស្ថានទូត​វៀតណាម ខណៈ​សាលា​រាជធានី​ហាមឃាត់​​

ដោយ៖​ ញឹម សុខន​​
ថ្ងៃសុក្រ ទី4 កក្កដា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

​និស្សិត​មួយក្រុម នៅ​តែ​រក្សា​ជំហរ​ធ្វើ​បាតុកម្មអហិង្សា​នៅមុខ​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា នា​ដើម​សប្តាហ៍​ក្រោយ តាម​ការគ្រោងទុក បើ​ទោះបី​គ្មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​ដែនដី​ក៏ដោយ​។​

​ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវ័ន្ត​កម្ពុជា លោក ម៉ៅ ពិសេស ឲ្យ​VOD​ដឹងថា ក្នុង​កិច្ច​ពិភាក្សា​បន្ទាន់​មួយ នា​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០១៤​នេះ មន្ត្រី​សាលា​រាជធានី មិន​អនុញ្ញាត​ឲ្យ​ពួកគេ​ធ្វើបាតុកម្ម​ដោយ​សន្តិវិធី​ដូច​ការគ្រោង​ទុក​ទេ ដោយ​អះអាង​ពី​ហេតុផលសន្តិសុខស្ថានទូត និង​សណ្តាប់​ធ្នាប់​សាធារណៈ​។​

​ប៉ុន្តែ​លោក ម៉ៅ​ ពិសេស​ អះអាងថា ក្រុមនិស្សិត​នឹង​នៅ​តែ​រក្សា​ធ្វើបាតុកម្ម​នៅ​ថ្ងៃ​ទី​៨ ​ខែកក្កដា ​ឆ្នាំ​២០១៤ ដដែល​ដើម្បី​ឲ្យម​ន្ត្រី​វៀតណាម​ចេះ​ទទួលស្គាល់​ការពិត​។ លោក​ចាត់​ទុកបម្រាម​របស់​សាលា​រាជធានី​ថា​ បាន​រំលោភ​រដ្ឋធម្ម​នុញ្ញ​​ធ្ងន់ធ្ង​រ «យើងមានការឈឺចាប់ យើងមិនអនុញ្ញាត ឲ្យជនឬក៏ជនជាតិ ដែលបានឈ្លានពានទឺកដីរបស់យើង មើលងាយមកលើប្រជាពលរដ្ឋ ជាពិសេសយុវជនយើងបានទេ»។

​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉ង់ អះអាងថា ការហាមឃាត់​នេះ ដោយ​សាលា​រាជធានី​ភ្នំពេញ​បារម្ភ​ថា បាតុកម្ម​នេះ អាច​នឹង​ឈាន​ដល់​មានការ​ញុះញង់​ឲ្យ​រើសអើង​ពូជសាសន៍។​ លោក​ថា វិធានការ​នេះ មិនមែន​ន័យ​ថា រំលោភ​សិទ្ធិ​មនុស្ស​ទេ «គាត់ចង់ធ្វើៗទៅ យើងមានវិធានការចាប់ បើគាត់ហ៊ានល្មើសជាមួយបម្រាមរបស់យើង»។

តាម​ឯកសារ​ប្រវត្តិសាស្ត្រ​បញ្ជាក់ថា​កាល ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​១៩៤៩ អាណានិគមនិយម​បារាំង បាន​អនុម័ត​ច្បាប់​មួយ ដោយ​សម្រេច​កាត់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោមចំនួន​២១​ខេត្ត​ក្រុងទៅ​ឲ្យ​វៀតណាម​ត្រួតត្រា ដោយ​មិន​បាន​សួរ​មតិ​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​ស្រុក ឬ​ថ្នាក់ដឹកនាំ​នៃ​កម្ពុជា​នា​សម័យ​នោះ​ឡើយ​។​

​ប៉ុន្តែ​នៅ​ដើមខែ​មិថុនា​ ឆ្នាំ​២០១៤​នេះ មន្ត្រី​នាំពាក្យ​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា លោក ត្រឹង វ៉ាន​ថុង បាន​អះអាង​ថា បារាំង​មិន​បាន​កាត់ទឹកដី​ខ្មែរកម្ពុជា​ក្រោម​ឲ្យ​វៀតណាម​ទេ​។ មន្ត្រី​រូប​នោះ​ឲ្យដឹង​ទៀត​ថា កម្ពុជា​ក្រោមជា​ទឹកដី​របស់​វៀតណាម តាំងពី​យូរយារ​ណាស់​មកហើយ​។ លោក​ថាព័ត៌មាន​បាត់បង់​ទឹក​ដី​គ្មាន​អ្វី​ជា​មូលដ្ឋាន និង​គ្មាន​អ្វី​ជា​ភ័ស្តុ​តាង​​​ទេ​។​

យ៉ាងនេះ​ក្តី​លោក ម៉ៅ ពិសេស អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ក្រុមយុវជន​គ្រប់​និន្នាការ ចូលរួម​គាំទ្រ​ការធ្វើ​បាតុកម្ម ដើម្បី​បង្ហាញ​​ថា​ខ្មែរ​មិន​រង​ឥទ្ធិពល​ពី​ប្រទេស​ជិតខាង​ «វៀតណាម ជនជាតិវៀតណាម អាចមើលងាយហ៊ុនសែន និងគ្រួសារលោកហ៊ុនសែនបាន ប៉ុន្តែមិនអាចមើលងាយដល់យុវជនខ្មែរដទៃៗទៀតបានទេ»។​

​មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៅ​អង្គការ​លីកាដូ លោក អំ សំអាត យល់ថា រដ្ឋាភិបាល និង​មន្ត្រី​ពាក់ព័ន្ធ​គួរ​ធានា​​សិទ្ធិ​សម្តែង​មតិរបស់​ពលរដ្ឋ ដែល​ធានា​ដោយ​រដ្ឋ​ធ​ម្មនុ​ញ្ញ​ ដើម្បី​បង្ហាញ​ថា​កម្ពុជា​កំពុង​ដើរ​តាម​គន្លង​ប្រជា​ធិប​តេយ្យ​។​

​ប្រទេស​វៀតណាម បាន​គ្រប់គ្រង​ទឹកដី​ក​កម្ពុជា​ក្រោម អស់​រយៈពេល​ជិត​៦៥​ឆ្នាំ​ហើយ​។ ប្រធាន​សមាគម ឲ្យដឹងថា ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​ច្រើន​នាក់​បាន​ស្លាប់ និង​មួយចំនួនទៀត​ត្រូវ​អាជ្ញាធរ​វៀតណាម​ចាប់​ដាក់​ពន្ធនាគារ ដោយសារ​ចេញមុខ​តវ៉ា​ប្រឆាំង​នឹង​ការរំលោភ​សិទ្ធិ​របស់​ម្ចាស់​ទឹកដី​៕

សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles