ដោយ៖ ប្រែង សត្យាភិរក្ស
ថ្ងៃសុក្រ ទី4 កក្កដា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មើលរូបភាពបន្ថែម
(រូបដោយ៖ សត្យា ភិរក្ស)
ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ដែលធ្លាប់នាំកូនៗទៅកំសាន្តនៅក្នុងសួនកុមារមុខវត្តបុទុមវត្តី ថ្មីៗនេះ រិះគន់ចំពោះអ្នកគ្រប់គ្រងទីតាំងសាធារណៈមួយនេះ ដែលបានរឹតបន្តឹងលើការយកចំណីអាហារ និងភេសជ្ជៈពីខាងក្រៅចូលកន្លែងនោះ។
ពលរដ្ឋម្នាក់រស់នៅសង្កាត់ផ្សារចាស់ លោក មាស ពិសិដ្ឋ ប្រាប់ VODនៅព្រឹកថ្ងៃសុក្រនេះថា បំរាមបែបនេះ បង្កការលំបាកចំពោះមាតាបិតាដែលចង់នាំកូនទៅកំសាន្តនៅទីនោះ ក្នុងការទិញចំណីផ្សេងៗដែលកូនរបស់ខ្លួនពេញចិត្ត យកទៅទីនោះ។ លោកបន្តថា បំរាមថ្មីនេះវាខុសប្លែកពីទីតាំងសួនកុមារផ្សេងៗទៀត នៅក្នុងរាជធានីភ្នំពេញ ដែលនាំឲ្យសួនសាធារណៈមួយនេះ ហាក់ក្លាយទៅជាកន្លែងឯកជនផ្តាច់មុខទៅវិញ «ប៉ុន្តែកាលពីមុនគេមិនអនុវត្តន៍រឿងនឹងទេ គួរតែចំនីអាហារអាចយកចូលបាន គ្រាន់តែបញ្ហារឿងហាមបោះកាកសំណល់ពាសវាល ពាសកាល ពិព្រោះក្នុងនឹងដាក់ធុងសំរាមធ្វើអ្វី បើមិនឲ្យនាំអ្វីចូលចឹង ធុងសំរាមមានច្រើនៅជាប់ហ្នឹងផ្លាកនឹងទៀត ចំនីអាហារមិនឲ្យយកចូល តែចំនីអាហារក្នុងនឹងអាចយកទៅហូបកន្លែងណាក៏បាន»។
លោក មាស ពិសិដ្ឋ បន្ថែមថា បើតាមអ្វីដែលលោកបានសាកសួរទៅសន្តិសុខនៅក្នុងទីតាំងសួនកុមារមួយនេះ ការចេញបំរាមថ្មីនេះ ទើបតែកើតឡើងបន្ទាប់ពីមានការផ្លាស់ប្ដូរអ្នកគ្រប់គ្រងថ្មីជាជនបរទេស ជាម្ចាស់ហាងទំនិញក្នុងទីតាំងនោះ ។
បើតាមពលរដ្ឋម្នាក់ទៀត អ្នកស្រី មិល វាសនា ឲ្យដឹងថា បំរាមថ្មីនោះមានដូចជា ទីសួនកំសាន្តមិនឲ្យនាំយកអាហារពីខាងក្រៅចូល ដោយសារម្ចាស់ហាងទំនិញ ចង់ឲ្យអតិថិជនទិញចំណីអាហាររបស់គេនៅទីនោះ។អ្នកស្រីថា ជាក់ស្តែងច្រកចេញ-ចូលផ្សេងៗដែលធ្លាប់បើកឲ្យប្រើប្រាស់ត្រូវបាន បិទដោយទុកឲ្យចេញចូលតែច្រកនៅជាប់នឹងហាងទំនិញនោះប៉ុណ្ណោះ។ អ្នកស្រី ស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច ជួយសម្រួលករណីនេះឡើងវិញ។
ឆ្លើយតបនឹងរឿងនេះ អ្នកគ្រប់គ្រងហាងទំនិញក្នុងសួនកំសាន្តមុខវត្តបុទុមវត្តី ជនជាតិហ្វីលីពីន អ្នកស្រី អាយរីន ហ្វើណាន់ដេស បានទទួលស្គាល់ចំពោះការដាក់បំរាមនេះដែរ ប៉ុន្តែអ្នកស្រីថាបំរាមនេះ ត្រូវបានអនុវត្តតាំងពីអំឡុងខែមេសា នៅពេលដែលអ្នកស្រី ទទួលបានសិទ្ធិលក់បន្តនៅហាងទំនិញនោះ «ពេលខ្ញុំបាននិយាយជាមួយម្ចាស់ហាងទំនិញពីមុន គាត់ប្រាប់ថា គឺមិនអនុញ្ញាត្តឲ្យយកចំណីអាហារ និងភេសជ្ជៈចូលក្នុងសួននោះទេ។ ពីមុនគេក៏មានដាក់ជាបំរាមដូចគ្នានេះដែរ អ្នកដឹងហើយ នៅទីនេះក៏មានហាងទំនិញដែរ ហេតុនេះអ្នកមកលេងអាចទិញអ្វីដែលគេចង់បាន ហេតុនេះទើបមិនអនុញ្ញាត្តឲ្យមានការយកទំនិញផ្សេងចូល»។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា ការហាមយកចំណីខាងក្រៅចូលទៅសួនកំសាន្តនេះ គឺ ដោយសារតែមានពលរដ្ឋមួយចំនួន មិនបានរក្សាអនាម័យឲ្យបានត្រឹមត្រូវ ដែលនាំឲ្យខូចខាតឧបករណ៍កំសាន្ត និងមានក្លិនមិនល្អប៉ះពាល់ដល់អ្នកដែលមកកំសាន្តដទៃទៀត «កន្លងមកកាលដែលគាត់ យករបស់ទៅញ៉ាំនឹង ថាគាត់មិនបានរក្សាអនាម័យទេ ឥលូវនឹង យើងមិនបានហាមឃាត់ទាំអស់ទេ ហើយមួយចំនួនតូចគាត់បានខ្ជីខ្ជារឿងបញ្ហាសំរាមនឹង អនាម័យនឹងឯង ហើយវាធ្វើឲ្យប៉ះពាល់រហូតឲ្យខូច ព្រំយើងទាំងអស់បាត ដូចនេះបើសម្រាប់តែគាត់ ពីមួយចំនួនតូច ធ្វើឲ្យប៉ះពាល់ដល់អ្នកដទៃទឿត ដែលគ្នាមិនបានលេង គ្នាមិនបានកម្សាន្តទីកន្លែងនេះ គឺមិនត្រឹមត្រូវទេ»។
បើតាមពលរដ្ឋ ពួកគេមិនពេញចិត្តចំពោះបំរាមនេះ ដោយសារតែហាងទំនិញនៅក្នុងសួនកំសាន្តសាធារណៈនោះ គឺលក់ក្នុងតម្លៃខ្ពស់ ហើយមិនសូវសំបូរចំណីសម្រាប់ក្មេងៗ ដែលធ្វើឲ្យពួកគេពិបាករត់ទៅទិញនៅកន្លែងផ្សេង ខណៈការផ្ញើយានយន្តក៏មានតម្លៃថ្លៃដែរ៕
សូមសរសេរមកកាន់លោក ប្រែង សត្យាភិរក្ស តាមរយៈ phireak1988.kth@gmail.com