ដោយ៖ ញឹម សុខន
ថ្ងៃសុក្រ ទី4 កក្កដា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
ប្រជាពលរដ្ឋប្រមាណ១០០នាក់ នៅស្រុកបវេល ខេត្តបាត់ដំបង នាព្រឹកថ្ងៃសុក្រនេះ បានប្រមូលផ្តុំគ្នាមុខសាលាស្រុក ដើម្បីដាក់ពាក្យបណ្តឹង ប្តឹងមេឃុំរបស់ខ្លួនថាបានឃុបឃិតគ្នាយកដីពលរដ្ឋជាង១០០គ្រួសារទៅលក់ជាប្រយោជន៍ផ្ទាល់ខ្លួន ។
អ្នកស្រី នួន នឿន ឲ្យVODដឹងនៅថ្ងៃទី៤ខែកក្កដាឆ្នាំ២០១៤នេះថា អាជ្ញាធរមូលដ្ឋានបានរឹបអូសយកដីពួកគាត់ដែលធ្លាប់អាស្រ័យផល ទៅប្រគល់ឲ្យអ្នកចំណូលថ្មី ដោយសន្យាចែកដីសង្គមកិច្ចឲ្យក្នុងមួយគ្រួសារ៣រ៉ៃ ស្មើនឹងជិតកន្លះហិកតា។ ស្ត្រីរូបនោះបន្តថាមកដល់ពេលនេះ ជាង២ឆ្នាំហើយ ដែលដីចាស់ពួកគាត់ក៏ត្រូវដកហូត ហើយដីថ្មីដែលសន្យាចែកឲ្យនោះក៏មិនទាន់ឃើញ ដែលនាំឲ្យពួកគេជួបការលំបាកផ្នែកជីវភាព «ពេលកណ្តាលវស្សាខ្ញុំគ្រាន់តែរកអង្ករ បបរមិនបានផង វេទនាមិនមានអ្នកណាដូចខ្ញុំទេ គ្មានដំណោះស្រាយតែម្តងលោកពូ ខ្ញុំយំ ខ្ញុំស្រែកក៏គ្មាននណារជួយខ្ញុំដែរ បើមេឃុំគាត់គំរាមខ្ញុំថា បើឯងហ៊ានតវ៉ា អញនឹងដាក់គុកឯងថ្ងៃណាក៏បានដែរ»។
អ្នកតវ៉ាម្នាក់ទៀត លោក វណ្ណនី ពិសិដ្ឋ ឲ្យដឹងដែរថាពលរដ្ឋរងគ្រោះ១៥២គ្រួសារបានផ្តិតមេដៃប្តឹងមេឃុំបឹង៥លោក ឈា នី ពីបទឆបោក ដោយចោទប្រកាន់ថា មេឃុំរូបនោះ បានយកប្រាក់ពីពលរដ្ឋហើយមិនបានឲ្យដី និងដីមួយចំនួនត្រូវបានមេឃុំរូបនោះឃុបឃិតគ្នារំលោភយក។
មេឃុំបឹង៥ លោក ឈា នី បានច្រានចោលការចោទប្រកាន់នេះ ដោយអះអាងថា ក្រុមអ្នកប្តឹងលោក មិនសហការជាមួយសមត្ថកិច្ចចម្រុះ ដែលកំពុងចុះវាស់ដី។លោកចោទថា ការតវ៉ានោះជារូបភាពនយោបាយ «បាទចឹងទេអំពាវនាវ វិទ្យុវីអូឌីនឹង ឲ្យប្រជាពលរដ្ឋមានកម្មសិទ្ធិ សុំឲ្យគាត់សហការជាមួយ ស្ថាប័នមានសម្ថកិច្ច មានចម្រុះគ្នា គ្រប់ស្ថាប័នដែលមានពាក់ព័ន្ធនឹងការងារនេះ»។
មន្ត្រីសម្របសម្រួលរបស់អង្គការលីកាដូប្រចាំខេត្តបាត់ដំបង លោក ហេង សាយហុង អះអាងថា លោកមិនទាន់បានស៊ើបអង្កេតករណីនេះបានស៊ីជម្រៅទេ ប៉ុន្តែលោកថា តាមការកឃើញបឋម ពលរដ្ឋទាំងនោះពិតជាមិនទាន់ទទួលបានដី តាមការសន្យារបស់អាជ្ញាធរពិតប្រាកដមែន «ប្រជាពលរដ្ឋគាត់ពិតជាបាត់បង់ដីមែន គាត់មានប័ណ្ណត្រឹមត្រូវមែន រហូតដល់គាត់មានការបង់លុយបង់កាក់មួយចំនួន ដាក់ឲ្យអាជ្ញាធរមូលដ្ឋានក្នុងការដាក់ពាក្យ ចឹងទៅគាត់មិនទទួលបានដីទេ គាត់រងការគំរាមកំហែង ហើងគ្មានការដោះស្រាយសោះ សូម្បីតែគាត់ធ្វើការតវ៉ា មានការគំរាមកំហែងពីអាជ្ញាធរឃុំនឹង »។
VODនៅមិនទាន់អាចសុំការអត្ថាធិប្បាយពីអភិបាលស្រុកបវេល ចំពោះកិច្ចអន្តរាគមន៍លើជម្លោះដីធ្លីនេះបាននៅឡើយទេ។
យ៉ាងនេះក្តីមន្ត្រីអង្គការលីកាដូប្រចាំខេត្តនេះ អះអាងថា នឹងអន្តរាគមន៍ផ្លូវច្បាប់ ដើម្បីរកយុត្តិធម៌ជូនប្រជាពលរដ្ឋដែលរងគ្រោះពិតប្រាកដ៕
សូមសរសេរមកកាន់លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com