ដោយ យាង សុជាមេត្តា
2014-07-05
RFA

ព្រឹត្តិការណ៍វប្បធម៌ អប់រំ និងសិល្បៈ របស់មូលនិធិកេរដំណែលខ្មែរ នាសាកលវិទ្យាល័យ ហ្សាម៉ាន់ (ZAMAN UNIVERSITY) ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៤។ RFA/Yeang Socheametta
មូលនិធិកេរដំណែលខ្មែរ សហការជាមួយសាកលវិទ្យាល័យ ហ្សាម៉ាន់ (ZAMAN University) នៅថ្ងៃទី៥ ខែកក្កដា រៀបចំព្រឹត្តិការណ៍វប្បធម៌ អប់រំ និងសិល្បៈ។
ប្រធានបទនៃព្រឹត្តិការណ៍នេះ គឺយើងរួមគ្នាតែ១ក្នុងគោលបំណងចូលរួមលើកស្ទួយវិស័យស្រាវជ្រាវផ្នែកបុរាណវិទ្យា ប្រវត្តិសាស្ត្រ វប្បធម៌ សិល្បៈ ស្ថាបត្យកម្ម សិលាចារឹក ការគ្រប់គ្រងរមណីយដ្ឋាន ច្បាប់ ការការពារបេតិកភណ្ឌជាតិ និងជាពិសេស ដើម្បីចូលរួមអបអរសាទរខួបទី៦ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ កក្កដា ខាងមុខ។
សិស្សនិស្សិតប្រមាណ ៣០០នាក់ មកពីតាមបណ្ដាសាលា និងសាកលវិទ្យាល័យមួយចំនួន ក្នុងក្រុងភ្នំពេញ ចូលរួមក្នុងព្រឹត្តិការណ៍វប្បធម៌ អប់រំ និងសិល្បៈ និងការតាំងពិព័រណ៍រូបថតប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ដែលរៀបចំដោយក្រុមការងារស្រាវជ្រាវយុវជនស្ម័គ្រចិត្តរបស់មូលនិធិកេរដំណែលខ្មែរ និងក្រុមនិស្សិតនៃសាកលវិទ្យាល័យ ហ្សាម៉ាន់។
ព្រឹត្តិការណ៍ដើម្បីលើកស្ទួយការស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរ និងការថែរក្សាសម្បត្តិបេតិកភណ្ឌជាតិនេះ ត្រូវបានរៀបចំឡើងរយៈពេលពេញមួយថ្ងៃ តាមរយៈសកម្មភាពផ្សេងៗជាច្រើនរួមមាន ការធ្វើបទបង្ហាញ ការចាក់បញ្ចាំងវីដេអូឯកសារ ការសម្ដែងល្ខោន និងរាំរបាំ ការច្រៀងចម្រៀង ការសម្ដែងរឿង ការសូត្រកំណាព្យ ព្រមទាំងការដើរបង្ហាញម៉ូដសម័យអង្គរ និងសម័យលង្វែក ជាដើម។
ប្រធានមូលនិធិកេរដំណែលខ្មែរ លោកបណ្ឌិត ចិន្ត ច័ន្ទរតនា ថ្លែងថា ក្រៅតែពីមានបំណងដើម្បីលើកស្ទួយការស្រាវជ្រាវវប្បធម៌ និងប្រវត្តិសាស្ត្រខ្មែរ ព្រឹត្តិការណ៍នេះក៏មានបំណងរំលឹកស្នាព្រះហស្តនៃអតីតព្រះមហាក្សត្រ និងបុព្វបុរសខ្មែរ ដែលបានបូជាអស់កម្លាំងកាយចិត្ត ក្នុងការកសាងប្រាសាទ និងស្នាដៃជាច្រើន ទុកឲ្យកូនចៅខ្មែរជំនាន់ក្រោយ និងជាពិសេស គឺស្នាព្រះហស្តរបស់ព្រះករុណា សម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានខិតខំទាមទារប្រាសាទព្រះវិហារ មកឲ្យកម្ពុជា វិញ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។ លើសពីនេះ ព្រឹត្តិការណ៍នេះក៏មានបំណងដាស់ស្មារតីប្រជាពលរដ្ឋខ្មែរទូទៅ ជាពិសេសយុវជន ឲ្យយកចិត្តទុកដាក់ចូលរួមក្នុងការថែរក្សាសម្បត្តិវប្បធម៌ខ្មែរ។
លោកបណ្ឌិត ចិន្ត ច័ន្ទរតនា៖ «បើសិនជាយុវជនម្នាក់ៗមិនបានស្គាល់អំពីតម្លៃនៃសម្បត្តិវប្បធម៌ តម្លៃនៃបេតិកភណ្ឌរបស់ជាតិ បានន័យថា យើងអត់ស្គាល់ខ្លួនឯង យើងអត់ដឹងខ្លួនយើងមកពីណា ដូនតារបស់យើងជានរណា ហើយវប្បធម៌វាមានប្រវត្តិសាស្ត្ររបៀបម៉េច។ អ៊ីចឹងពេលដែលយើងឈរនៅក្នុងឆាកជាតិ និងអន្តរជាតិ ពេលដែលគេសួរថា តើកម្ពុជា មានប្រវត្តិសាស្ត្ររបៀបម៉េច យើងអត់អាចដឹងបាន អាហ្នឹងវាជារឿងគួរឲ្យខ្មាសគេ ដោយសារយើងជាកូនខ្មែរ ហើយយើងមិនអាចដឹងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា យើង»។
ជាការពិតណាស់ យុវវ័យខ្មែរក្នុងសម័យបច្ចុប្បន្ន ហាក់ចាប់អារម្មណ៍តិចតួចណាស់ពីការសិក្សាស្រាវជ្រាវទៅលើផ្នែកវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ខ្លួន។ ពួកគេហាក់ចាប់អារម្មណ៍ច្រើនទៅលើអ្វីៗដែលថ្មី និងទាន់សម័យ។ ការភ្លើតភ្លើន រួមផ្សំនឹងបច្ចេកវិទ្យាវិទ្យាសាស្ត្ររីកចម្រើនទៀតនោះ បានធ្វើឲ្យយុវវ័យខ្មែរមួយចំនួន ហាក់ងាយចាប់យកវប្បធម៌របស់បរទេសខ្លាំងណាស់ តាំងពីរបៀបរៀបឫក ការតុបតែងខ្លួន និងម៉ូតសក់ ជាដើម។ ទោះជាយ៉ាងណា វាពិបាកធ្វើឲ្យយុវជនកម្ពុជា ជៀសផុតពីការទទួលវប្បធម៌បរទេសណាស់ ក្នុងសម័យកាលនៃសកលភាវូបនីយកម្មរីកចម្រើននេះ ក៏ប៉ុន្តែការទទួលយកវប្បធម៌បរទេសមកអនុវត្តទាំងស្រុង ដោយមិនមានការកែច្នៃ ឲ្យស្របនឹងវប្បធម៌ដើមរបស់ខ្លួន វាជារឿងមួយគួរឲ្យព្រួយបារម្ភ។
ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ២០០៨ នេះជាលើកទី៣ហើយដែលមូលនិធិកេរដំណែលខ្មែរ បានរៀបចំព្រឹត្តិការណ៍របៀបនេះ។ ដោយឡែកព្រឹត្តិការណ៍ឆ្នាំនេះ ត្រូវបានរៀបចំឡើងរយៈពេល២ថ្ងៃ មុនខួបទី៦ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ជំនឿបន់ស្រន់សុំទឹកភ្លៀងនិងសេចក្ដីសុខរបស់អ្នកភូមិនៅព្រៃវែង
- ជំនឿរបស់ពុទ្ធសាសនិកប្រារឰពិធីបុណ្យបច្ច័យ៤តបស្នងសងគុណមាតាបិតា
- អ្នកជំនាញបារម្ភពីការបាត់បង់គំនូរបុរាណលើជញ្ជាំងប្រាសាទអង្គរវត្ត
- កម្ពុជាទទួលបានគ្រូបន្តវេនខាងស្ថាបត្យករបេតិកភណ្ឌថ្នាក់តំបន់៦រូប
- អត្ថន័យនៃទម្រង់សិល្បៈរបាំបុរាណខ្មែរ”កូរសមុទ្រទឹកដោះ”
- មន្ត្រីរដ្ឋាភិបាលនិងអ្នកជំនាញបរទេសចូលរួមកិច្ចប្រជុំអាយ.ស៊ី.ស៊ីនៅសៀមរាប
- កម្ពុជាអបអរការវិលត្រឡប់នៃបដិមាបីអង្គដែលបាត់ជាង៤០ឆ្នាំមុន
- អ្នកស្រាវជ្រាវរកឃើញគំនូរជាង២០០ផ្ទាំងនៅលើជញ្ជាំងប្រាសាទអង្គរវត្ត
- ប៉ូលិសរារាំងក្បួនដង្ហែទៅកាន់អគារពុទ្ធសាសនបណ្ឌិត្យ