​វត្ត​មួយ​នៅ​ខេត្ត​សៀមរាប រង​ការរិះគន់​ថា លក់​វត្ថុ​អនុ​ស្សារី​យ​នៅ​ក្នុង​ព្រះវិហារ​ខុស​ពី​បញ្ញត្តិ​ពុទ្ធ​សាសនា​

ដោយ៖​ បូ សាវី​
ថ្ងៃអាទិត្យ ទី6 កក្កដា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

ការដាក់តាំងលក់​វត្ថុ​អនុស្សាវរីយនៅ​ក្នុង​ព្រះវិហារ (រូបថត៖ បូ សាវី)

​មគ្គុទេសក៍​ទេសចរណ៍​មួយចំនួន នៅ​ខេត្ដ​សៀមរាប រិះគន់​ចៅអធិការ​វត្ដ​មួយ នៅ​ខេត្ដ​នេះ​ថា អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចិន លក់​វត្ថុ​អនុស្សាវរីយ នៅ​ក្នុង​ព្រះវិហារ ខុស​ពី​បទ​ប្បញ្ញត្តិ​របស់​ពុទ្ធសាសនា​។

​អនុប្រធាន​មគ្គុទេសក៍​ទេសចរ ខ្មែរ​អង្គរ ខេត្ដ​សៀមរាប លោក ធៀប ប៊ុនធិន ប្រាប់​VOD​នៅ​ថ្ងៃ​នេះ​ថា រយៈពេល​បី​ខែ​មក​ហើយ វត្ដ​ពោធិ​វង្ស ហៅ​វត្ដ​ថ្មី ឬ​ហៅ​វត្ដ​អដ្ឋិ​ស្មសាន្ដ ស្ថិតនៅ​ក្នុង​សង្កាត់​គោកចក ក្រុង​សៀមរាប មានការ​តុទូរ​កញ្ចក់​ជាច្រើន​តាំង​លក់​វត្ថុ​អនុស្សាវរីយ ឲ្យ​ភ្ញៀវទេសចរ​បរទេស នៅ​ខាង​មុខ​ព្រះ​បដិមា ដែល​ធ្វើឲ្យប៉ះពាល់​ដល់​ព្រះពុទ្ធសាសនា​។ លោក​បន្ដថា ក្រុម​ភ្ញៀវ​ទេសចរ​អន្ដរជាតិ​បាន​សួរ​លោក​ថា ហេតុ​អី​បានជា​លក់​វត្ថុ​អនុស្សាវរីយ​នៅ​កន្លែង​អ្នកបួស​ដូច្នេះ​ទៅ​វិញ​។

​អនុប្រធាន​សមាគម​ទ្រទ្រង់​ក្ដីសង្ឃឹម មគ្គុទេសក៍ លោក ព្រហ្ម សុវណ្ណ ឲ្យដឹងថា វត្ថុ​អនុស្សាវរីយ​ដែល​ដាក់​តាំង​លក់​ទាំងនោះ មាន​គ្រឿងអលង្កា និង​ពុទ្ធរូប​ជាដើម ដែល​វត្ថុ​ទាំងនោះ​មាន​តម្លៃ​ថ្លៃ ហើយ​មួយចំនួន​ជា​វត្ថុ​ក្លែងក្លាយ​។ លោក​ថា ទី​វត្ត​អារាម មិនមែន​ជា​កន្លែង​រក​ស៊ី​លក់ដូរ​នោះ​ទេ ការធ្វើ​ដូច្នេះ​គឺ​ខុស​នឹង​ច្បាប់​របស់​ព្រះពុទ្ធសាសនា​។​

(រូបថត៖ បូ សាវី)

​ករណីនេះ ព្រះចៅអធិការ​វត្ដ​ពោធិ​វង្ស ហៅ​វត្ដ​ថ្មី និង​ជា ព្រះ​អនុគណ ក្រុង​សៀមរាប ព្រះ​តេជគុណ ឡា​ច លាង មាន​ថេរ​ដីកា​ថា វត្ថុ​អនុស្សាវរីយ​នោះ​ជា​របស់​ក្រុមហ៊ុន​ចិន និង​តៃវ៉ាន់ ហើយ​គ្រប់គ្រង​ដោយ​លោក នាក់ សំបូរ ដែល​អះអាង​ខ្លួនឯង​ថា ជា​ទីប្រឹក្សា​ក្រសួង​ធម្មការ និង​សាសនា និង​ជា​ជំនួយការ​ស្ថានទូត​កម្ពុជា ថៃ​។ ព្រះអង្គ​បន្ដ​ថា លោក​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ដាក់តាំង​លក់​តែ​ពុទ្ធរូប​ប៉ុណ្ណោះ​។ ព្រះអង្គ​បញ្ជាក់ថា ក្រុមហ៊ុន​មិន​បាន​ផ្ដល់​កម្រៃ​ដល់​វត្ដ​ឡើយ​។​

VOD​មិនអាច​ទាក់ទង លោក នាក់ សំបូរ ដែល​ចៅអធិការ​វត្ដ​ថ្មី អះអាងថា ជា​ទីប្រឹក្សា​ក្រសួង​ធម្មការ​និង​សាសនា និង​ជា​ជំនួយការ​ស្ថានទូត​កម្ពុជា​ថៃ ដើម្បី​បំភ្លឺ​ពី​ករណី​នេះ បានទេ​។​

​វត្ដ​ពោធិ​វង្ស ហៅ​វត្ដ​ថ្មី ឬ​ហៅ​វត្ដ​អដ្ឋិ​ស្មសាន្ដ មាន​ចម្ងាយ​ប្រមាណ​៧​គីឡូម៉ែត្រ​ពី​ប្រាសាទ​អង្គរវត្ដ ស្ថិតនៅ​សង្កាត់​គោកចក ក្រុង​សៀមរាប​។ ទី​អារាម​នេះ ជា​បូជនីយដ្ឋាន​ប្រវត្ដិសាស្ដ្រ​ដ៏​សំខាន់ ដែល​ជា​កន្លែង​តម្កល់​អដ្ឋិធាតុ​មនុស្ស​រាប់ពាន់នាក់ ដែល​បាន​ស្លាប់​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ  ៣​ឆ្នាំ​៨​ខែ​២០​ថ្ងៃ​កន្លងមក​នោះ​។ ជាមួយគ្នា​នោះ​ដែរ​នៅ​ក្នុង​ព្រះវិហារ ក៏​មាន​រូបគំនូរ​ពុទ្ធ​ប្រវត្ដិដ៏​សំខាន់ សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្ដរជាតិ​ផង​ដែរ​។

សូមសរសេរមកលោក បូ សាវី តាមរយៈ savy@vodhotnews.com

What Next?

Recent Articles