ថៃ​អរគុណ​កិច្ចសហការ​របស់​កម្ពុជា

ពលករ​ខ្មែរ​១៤​រូប រួមមាន​ស្រី​១០ នាក់​មាន​អាយុ​ចន្លោះ​ពី​១៨ ដល់ ៣៦​ឆ្នាំ ដែល​ត្រូវ​បាន​ថៃ​ដោះលែង​ពី​ពន្ធនាគារ ពេល​មក​ដល់​ក្រុង​ប៉ោយប៉ែត កាលពី​ថ្ងៃ​ម្សិលមិញ។

ពលករ​ខ្មែរ​១៤​រូប រួមមាន​ស្រី​១០ នាក់​មាន​អាយុ​ចន្លោះ​ពី​១៨ ដល់ ៣៦​ឆ្នាំ ដែល​ត្រូវ​បាន​ថៃ​ដោះលែង​ពី​ពន្ធនាគារ ពេល​មក​ដល់​ក្រុង​ប៉ោយប៉ែត កាលពី​ថ្ងៃ​ម្សិលមិញ។ រូបថត សហការី



ភ្នំពេញប៉ុស្តិ៍

មេដឹកនាំ​រដ្ឋប្រហារ​យោធា​ថៃ លោក​ប្រាយុធ ចាន-អូចា បាន​សរសេរ​លិខិត​ជូន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ការ​អរគុណ​កិច្ចសហប្រតិបត្តិការ​របស់​កម្ពុជា ចំពោះ​រដ្ឋាភិបាល​ថៃ​ថ្មី ដែល​ទើប​ឡើង​កាន់​អំណាច​ក្នុង​រយៈពេល​ដ៏ខ្លី។

ការ​ថ្លែង​អំណរគុណ​របស់​ថៃ​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់ពី​កម្ពុជា​បាន​ដោះលែង​ទណ្ឌិត​ដែល​ជា​សកម្មជន​អាវ​លឿង​ថៃ​ឲ្យ​វិល​ត្រឡប់​ទៅ​ស្រុក​វិញ ស្រប​ពេល​ដែល​ប្រមុខ​ការទូត​ថៃ​មក​ទស្សនកិច្ច​នៅ​កម្ពុជា​កាលពី​ថ្ងៃ​អង្គារ​។

លោក​ប្រាយុធ ជា​ប្រធាន​ក្រុមប្រឹក្សា​រក្សាសន្តិភាព​និង​សណ្តាប់ធ្នាប់​ថៃ​ដែល​ជា​រដ្ឋាភិបាល​កើត​ចេញ​ពី​រដ្ឋប្រហារ​យោធា កាលពី​ខែ​ឧសភា​កន្លង​ទៅ បាន​សរសេរ​លិខិត​ចុះ​ថ្ងៃ​ទី​២ ខែ​កក្កដា និង​ត្រូវ​ក្រសួង​ការបរទេស​កម្ពុជា​ផ្សព្វផ្សាយ​កាលពី​ម្សិលមិញ បាន​អរគុណ​ចំពោះ​ការ​ទទួល​របស់​កម្ពុជា​នូវ​ប្រមុខ​ការទូត លោក​ស៊ីហាសាក់ ភួងកេត​កែវ កាលពី​ថ្ងៃ​ទី​១ កក្កដា​កន្លងមក និង​ស្រប​ពេល​ដែល​លោក វីរៈ ស៊ុមខ្វាមឃីត ត្រូវ​បាន​ដោះលែង ហើយ​អរគុណ​ពី​ការ​យោគយល់​របស់​កម្ពុជា ចំពោះ​ស្ថានការណ៍​នយោបាយ​ក្នុង​ប្រទេស​ថៃ ដែល​តម្រូវ​ឲ្យ​មាន​ការ​រៀបចំ​ការ​គ្រប់គ្រង​ពលករ។

លោក ប្រាយុធ សរសេរ​ថា ៖ «ខ្ញុំ​សូម​ផ្ញើ​ជូន​សម្តេច​នូវ​ការ​កោតសរសើរ​ដ៏​ស្មោះស្ម័គ្រ​របស់​ខ្ញុំ​ចំពោះ​ការ​យោគយល់​របស់​សម្តេច ពី​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​ក្នុង​ប្រទេស​ថៃ និង​វិធានការ​ដែល​អាជ្ញាធរ​ថៃ បាន​ដាក់​អនុវត្ត ក្នុង​ការ​គ្រប់គ្រង​លំហូរ​ចេញ​នៃ​ពលករ​កម្ពុជា​កាលពី​ពេល​ថ្មីៗ​នេះ»។

រដ្ឋាភិបាល​យោធា​ថៃ ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ថ្កោលទោស ដោយសារ​តែ​ការ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស្រប​ច្បាប់​ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​របស់​លោកស្រី យីងឡាក់ ហើយ​ឡើង​កាន់​អំណាច​ខ្លួន​ឯង ដែល​ខុស​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ បើ​ទោះបី​ជា​ព្រះរាជា​ថៃ បាន​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​ក៏ដោយ។ ត្រង់​ចំណុច​នេះ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ប្រៀបធៀប​ក្នុង​ន័យ​ឆ្លើយតប​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ធ្វើ​ពហិការ​មិន​ចូល​រដ្ឋសភា​ថា​ការ​កាន់អំណាច​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​របស់​លោក គឺ​មាន​ភាព​ស្រប​ច្បាប់ ដោយសារ​មាន​ព្រះមហាក្សត្រ​ទទួល​ស្គាល់។ ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​លើក​ឡើង​ថា ទាំង​រដ្ឋាភិបាល​ថៃ​ទាំង​រដ្ឋាភិបាល​កម្ពុជា មិនមែន​ជា​រដ្ឋាភិបាល​តាម​បែប​ប្រជាធិបតេយ្យ​ទេ។

ជាមួយ​គ្នា​នេះ ពលករ​កម្ពុជា ចំនួន​១៤ រូប ដែល​ថៃ​បាន​ដោះលែង​ពី​ពន្ធនាគារ ពីរ​ថ្ងៃ​បន្ទាប់ពី​កម្ពុជា បាន​ដោះលែង​ទណ្ឌិត​ដែល​ជា​សកម្មជន​អាវ​លឿង​ថៃ​ម្នាក់ បាន​វិល​មក​ដល់​ទឹកដី​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​ហើយ កាលពី​ព្រឹក​ម្សិលមិញ ដោយ​មាន​អភិបាល​ក្រុង​ប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួន និង​មន្ត្រី​ផ្នែក​ព្រំដែន ព្រម​ទាំង​នគរបាល​អន្តោប្រវេសន៍​រង់ចាំ​ទទួល។

លោក ពេជ្រ ស៊ីថូ នាយរង​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ព្រំដែន​ប៉ោយប៉ែត ឲ្យ​ដឹង​ថា ពលករ​ទាំង ១៤​រូប មាន​ស្រី​១០​រូប មាន​អាយុ​ចន្លោះ​ពី​១៨ ដល់​៣៦​ឆ្នាំ បាន​វិល​ទៅ​កាន់​ស្រុក​កំណើត​វិញ​រៀងៗ​ខ្លួន ជាមួយ​នឹង​ការ​ឧបត្ថម្ភ​ពី​លោកនាយករដ្ឋមន្ត្រី​ហ៊ុន សែន នូវ​ទឹកប្រាក់​ក្នុង​ម្នាក់​១​លាន​រៀល និង​មី​មួយ​កេស។

លោក​និយាយ​ថា៖ «ពួកគេ មាន​មកពី​ខេត្ត​កំពង់ស្ពឺ ព្រៃវែង កំពង់ចាម ពោធិ៍សាត់ បាត់ដំបង និង​សៀមរាប។ ពួកគេ​ចាញ់​បោក​មេខ្យល់ ធ្វើ​លិខិត​ឆ្លងដែន​មាន​ត្រា​ក្លែងក្លាយ ដោយ​បង់​លុយ​ឲ្យ​មេ​ខ្យល់​ធ្វើ​ឯកសារ​អស់​ក្នុង​ម្នាក់ៗ​១​ម៉ឺន​២​ពាន់​បាត​»៕


What Next?

Recent Articles