ដោយ ជិន ជេដ្ឋា
2014-07-06
RFA

សកម្មភាពបួងសួងផឹកទឹកសម្បថនិងដាក់បណ្ដាសារបស់ប្រជាពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) នៅឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅថ្ងៃ៦ កក្កដា ឆ្នាំ២០១៤។ RFA/Chin Chetha
ប្រជាពលរដ្ឋប្រមាណជា ១០០នាក់ នាំគ្នាធ្វើពិធីបួងសួងផឹកទឹកសម្បថដើម្បីប្ដេជ្ញាចិត្តទាមទារដីរបស់ខ្លួនពីក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) នៅថ្ងៃទី៦ ខែកក្កដា។
ពិធីនេះធ្វើឡើងបន្ទាប់ពីការប្រយុទ្ធគ្នាដោយចម្ពាមកៅស៊ូប្រើគ្រាប់ដែក និងដុំថ្មបណ្ដាលឲ្យអ្នកភូមិរងរបួសចំនួន ១០នាក់ និងកម្លាំងកម្មកររបស់ក្រុមហ៊ុនចំនួន ៦នាក់បានរងរបួសដែរនៅអំឡុងពេលដែលប្រឈមមុខដាក់គ្នាអស់រយៈពេលពីរថ្ងៃជាប់ៗគ្នានៅចុងសប្ដាហ៍នេះ។
ក្រុមអ្នកភូមិឡពាង បឹងកក់ និងភូមិសូវង្ស នៃឃុំតាជេស ស្រុកកំពង់ត្រឡាច ចាត់ទុកការប៉ះទង្គិចគ្នារវាងអ្នកភូមិមានជម្លោះដីធ្លី និងក្រុមកម្មករស៊ីឈ្នួលធ្វើរបង និងកាប់ព្រៃឲ្យក្រុមហ៊ុនកាលពីថ្ងៃទី៤ និងទី៥ ខែកក្កដា ថាជាល្បិចកលរបស់ម្ចាស់ក្រុមហ៊ុន ខេ.ឌី.ស៊ី គឺលោកស្រី ជា ខេង និងអាជ្ញាធរមួយចំនួនក្នុងការបំបែកកម្លាំងសាមគ្គីពលរដ្ឋក្នុងរឿងតវ៉ាដីធ្លី។ ពួកគាត់បន្ដថា សកម្មភាពនេះធ្វើឲ្យកម្មករនិងពលរដ្ឋដែលជាអ្នកភូមិរស់នៅក្បែរខាងគ្នាក្លាយជាសត្រូវ និងបាញ់គ្នាទៅវិញមក ដោយគ្មានការហាមឃាត់ពីកម្លាំងសមត្ថកិច្ចនោះទេ។
ប្រជាពលរដ្ឋតវ៉ា និងជាអ្នកដែលត្រូវគ្រាប់ចម្ពាមបែកក្បាលម្នាក់មកពីភូមិបឹងកក់ អ្នកស្រី ពៅ ឌឿន ថ្លែងបញ្ជាក់ថា អ្នកភូមិអស់ជំនឿលើអាជ្ញាធរភូមិឃុំ រហូតដល់អាជ្ញាធរខេត្តក្នុងការដោះស្រាយបញ្ហានេះជូនអ្នកភូមិ ដូច្នេះពួកគាត់នឹងតតាំងប្ដូរស្លាប់រស់ដើម្បីដីធ្លី។
អ្នកស្រីសូមឲ្យប្រមុខរដ្ឋាភិបាលពិនិត្យមើល និងដោះស្រាយបញ្ចប់វិវាទនេះឲ្យបានឆាប់៖ «ទេ! តែគេធ្វើពួកខ្ញុំបើមិនស្ដាប់ទេពួកខ្ញុំមានសកម្មភាពប្រឡូកទាំងអស់គ្នាហ្នឹង ហើយបើគេធ្វើមកលើយើងអត់ខ្លាចផងយើងខ្ញុំតាំងចិត្ដថាអត់ខ្លាចដែរ។ ហ្នឹងសច្ចាទាំងអស់គ្នាឲ្យស្មោះត្រង់ជាមួយគ្នា ស្រុះគ្នាទាំងអស់គ្នាតែម្ដង»។
ក្រុមអ្នកភូមិបានអុជធូបកាន់គ្រប់ៗដៃ និងស្រែកបន្ទរដាក់បណ្ដាសាចំៗទៅលើលោកស្រី ជា ខេង ជាភរិយាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងអាជ្ញាធរសមត្ថកិច្ចក្នុងខេត្តមួយចំនួនទៀតដែលពួកគាត់គិតថា មានជាប់ពាក់ព័ន្ធនឹងរឿងពុករលួយ និងធ្វើបាបប្រជាពលរដ្ឋ។ ពួកគាត់អះអាងថា ការដាក់បណ្ដាសារបស់អ្នកភូមិ គឺមានប្រសិទ្ធភាពដោយកន្លងមកគេឃើញអ្នកដែលត្រូវបណ្ដាសាទាំងនោះ បានស្លាប់ជាបន្តបន្ទាប់ ដូចជា មេឃុំតាជេស លោក សួស ស៊ីផៃ និងអតីតអភិបាលខេត្តកំពង់ឆ្នាំង លោក ទូច ម៉ារីម ជាដើម។
វិទ្យុអាស៊ីសេរីបានព្យាយាមទាក់ទងតំណាងក្រុមហ៊ុន ខេ.ឌី.ស៊ី លោក ថៃ ហ៊ី ជាច្រើនលើកច្រើនសា ប៉ុន្តែត្រូវលោកបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីទាំងអស់ជុំវិញបញ្ហានេះ ដោយលោកគ្រាន់តែប្រាប់ថាជាប់រវល់។ យ៉ាងណាមេការគ្រប់គ្រងកម្មករដែលកំពុងចុះអនុវត្តសកម្មភាពធ្វើរបង និងឆ្ការព្រៃរបស់ក្រុមហ៊ុនលោក ស៊ិន ឃីម ថ្លែងបញ្ជាក់ថា លោកអាចនឹងបន្ថែមកម្លាំងកម្មករលើសពីចំនួន ៥០នាក់ដែលមានស្រាប់ក្នុងពេលឆាប់ៗ ដើម្បីធ្វើការងារ ឬទប់ទល់ជាមួយជាមួយក្រុមអ្នកភូមិ ប្រសិនបើនៅតែមានការរំខាន។
លោកថា សកម្មភាពតវ៉ារបស់ប្រជាពលរដ្ឋគឺមានអ្នកនៅពីក្រោយខ្នង ប៉ុន្តែសម្រាប់លោកគ្រាន់តែទទួលបញ្ជាពីខាងលើ ដើម្បីអនុវត្តការងារទៅតាមទំហំដីដែលមានប្លង់កម្មសិទ្ធិស្របច្បាប់ចំនួន ៥១២ហិកតារ៖ «ប្រសិនជាពួកគាត់តវ៉ាគឺតវ៉ាទៅតាមផ្លូវច្បាប់ទៅ ពីព្រោះអីមានតុលាការហាមឃាត់ថានៅកន្លែងហ្នឹងគឺជាដីមានជម្លោះ អ៊ីចឹងអត់ឲ្យយើងសាងសង់ អត់ឲ្យយើងធ្វើទេ អាហ្នឹងពួកខ្ញុំក៏អត់ធ្វើដែរ ពីព្រោះអីខ្ញុំយកលុយពីគេដើម្បីធ្វើការឲ្យគេ។ មានអង្គការនៅពីក្រោយខ្នង ទី១ មានអាដហុក (Adhoc) និងសហគមន៍អភិវឌ្ឍន៍ដីធ្លី ហើយឥឡូវហ្នឹងខ្ញុំឃើញមានខាងពួកនយោបាយមកដែរដូចជាលោក ប៉ូច ទិតធានី»។
ជម្លោះដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន ខេ.ឌី.ស៊ី បានអូសបន្លាយអស់រយៈជិត ១០ឆ្នាំហើយ។ បច្ចុប្បន្នមានអ្នកភូមិចំនួន ៨៣គ្រួសារ បានអះអាងថា ខ្លួនគឺជាជនរងគ្រោះ និងប្ដឹងទាមទារដីទំហំជាង ១០០ហិកតារពីក្រុមហ៊ុន។ ប្រជាពលរដ្ឋទាំងនោះមានចំនួន ១៧គ្រួសារ មិនទាន់បានដោះស្រាយជាសំណងគោលនយោបាយ និងចំនួន ២៣គ្រួសារទទួលបានសំណងរួចហើយ ប៉ុន្តែងើបតវ៉ាទាមទារសំណងបន្ថែម ចំណែកចំនួន ៤៣គ្រួសារទៀត គ្រោងនឹងដាក់ពាក្យចូលតុលាការរាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៤៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អ្នកភូមិជាង៩០គ្រួសារនៅឧត្ដរមានជ័យទាមទារដកតំណែងមន្ត្រីមូលដ្ឋាន
- ជនជាតិដើមភាគតិចនៅក្រចេះរារាំងក្រុមហ៊ុនវៀតណាមឈូសឆាយប៉ះលើដីចម្ការ
- ពលរដ្ឋនៅព្រះវិហារចោទក្រុមហ៊ុនដីសម្បទានចិនយកថ្នាំគីមីបាញ់បំផ្លាញស្រូវ
- ពលរដ្ឋប្រមាណ១០នាក់របួសពេលប៉ះទង្គិចគ្នាជាមួយកម្មករក្រុមហ៊ុនខេ.ឌី.ស៊ីនៅកំពង់ឆ្នាំង
- ពលរដ្ឋរិះគន់អាជ្ញាធរថាបើកដៃឲ្យឈ្មួញបូមខ្សាច់ចាក់លុបបឹងសំរោងនៅព្រែកព្នៅ
- សហគមន៍ទន្លេម្រេចមានទំនាស់ដីជាមួយក្រុមហ៊ុន ទ្រី ភាព នៅព្រះវិហារតវ៉ាមុខមន្ទីរបរិស្ថាន
- មេឃុំបឹងប្រាំខេត្តបាត់ដំបងរងការចោទប្រកាន់ពីករណីខ្វះតម្លាភាពបែងចែកដីធ្លី
- ពលរដ្ឋនៅកំពតបារម្ភខ្លាចបាត់បង់បឹងធម្មជាតិដោយការជីកដីយកធ្វើឥដ្ឋ
- ប្រជាជនមានជម្លោះដីជាមួយក្រុមហ៊ុនចិននៅកោះកុងនៅតែគ្មានដំណោះស្រាយ
Why? Why? Why? Why can’t the rich help the poor to live in peace?
Su Sem bribe Hun Sen to retain his position. I heard that he gave hun sen a few million us dollars. If Hun sen is corrupt so his fellow also corrupt. Hun Sen need more money for his after life.