ដោយ ហង្ស សាវយុត
2014-07-06
RFA
ប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ ចោទអាជ្ញាធរភូមិកូនដំរី និងមន្ត្រីក្រុមប្រឹក្សាសង្កាត់សំរោង ខ្លះថាបានចុះទៅវាស់វែងដីស្រែចម្ការ ហើយបង្កើតឱ្យមានតំបន់ហាមឃាត់ដោយមិនឱ្យអ្នកភូមិចូលទៅធ្វើស្រែចម្ការទៀតទេ។
សមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តឧត្តរមានជ័យ បញ្ជាក់ថា គេក៏បានទទួលញត្តិ១ច្បាប់ស្ដីពីបញ្ហានេះដែរ ហើយគេគ្រោងនឹងចុះស៊ើបអង្កេតនៅពេលឆាប់ៗ។
ប្រជាពលរដ្ឋជាង ៩០គ្រួសារ នៅភូមិកូនដំរី សង្កាត់សំរោង កំពុងទាមទារឱ្យអាជ្ញាធរខេត្តឧត្តរមានជ័យ ដកហូតតំណែងអនុប្រធានភូមិម្នាក់ និងមន្ត្រីក្រុមប្រឹក្សាសង្កាត់សំរោង ២នាក់ទៀតចេញពីតួនាទី។ ការទាមទារធ្វើឡើងតាមរយៈពាក្យបណ្ដឹង ១ច្បាប់ ដែលគេអះអាងថា បានដាក់ជូនទៅមន្ត្រីសាលាខេត្តរួចហើយ។
បុរសអ្នកភូមិកូនដំរី ម្នាក់ ក្នុងចំណោមអ្នកភូមិជាច្រើនទៀតដែលមិនហ៊ានបញ្ចេញឈ្មោះមានប្រសាសន៍កាលពីរសៀលថ្ងៃអាទិត្យ ទី៦ ខែកក្កដា ថា រូបគាត់និងអ្នកភូមិ ៩០គ្រួសារទៀត កំពុងព្រួយបារម្ភខ្លាចបាត់បង់ដីស្រែ និងចម្ការដែលធ្លាប់ធ្វើជាច្រើនឆ្នាំមកហើយ។ បុរសដដែលចោទប្រកាន់ថា កាលពីថ្ងៃទី៣០ ខែមិថុនា កន្លងទៅ អនុប្រធានភូមិកូនដំរី ឈ្មោះ នួន ឡី និងមន្ត្រីក្រុមប្រឹក្សាសង្កាត់សំរោង ២រូបទៀត ឈ្មោះ ហាប់ សុគុន និង មិន ភាព បានចុះទៅវាស់វែងដីដែលអ្នកភូមិធ្លាប់ដាំដំឡូងនិងធ្វើស្រែ។ បន្ទាប់មកអាជ្ញាធរមូលដ្ឋានទាំងនោះ បានចាត់ទុកដីខ្លះជាតំបន់ហាមឃាត់ និងដីមួយចំនួនទៀត គឺរក្សាទុកជូនអ្នកធំ។
ក្រុមអ្នកភូមិមិនស្វាគមន៍ ចំពោះសកម្មភាពបែបនោះទេ ហើយក៏បានដាក់ពាក្យបណ្ដឹងទៅសាលាខេត្តឧត្តរមានជ័យ៖ «គឺប្ដឹងសុំឱ្យទី១ ទម្លាក់មេភូមិចេញ ហើយទី២ សុំឱ្យធ្វើការដោះស្រាយបញ្ហាដីទីនោះឡើងវិញ ពីព្រោះដីនោះរដ្ឋបាលព្រៃឈើ បានកាត់មកឱ្យប្រជាពលរដ្ឋចំនួន ៧៧២ហិកតារ។ ផ្ទុយទៅវិញដីនោះ ក្លាយទៅជាសុទ្ធតែរបស់អ្នកធំ ឬក៏ដីសម្រាប់ឱ្យអ្នកផ្សេងចំពោះប្រជាពលរដ្ឋនៅភូមិកូនដំរីវិញ មានក៏ដូចជាមិនមានព្រោះអីគាត់បានធ្វើហើយ តែគេយកបង្គោលទៅបោះពីលើកន្លែងដាំដំឡូងទៀតថា ជាដីតំបន់ហាមឃាត់ ហើយហាមចូលធ្វើបន្ត»។
ទោះយ៉ាងណា វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអនុប្រធានភូមិកូនដំរី លោក នួន ឡី និងមន្ត្រីក្រុមប្រឹក្សាសង្កាត់សំរោង លោក ហាប់ សុគុន និងលោក មិន ភាព ដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់បានយ៉ាងណានៅឡើយ។ ក៏ប៉ុន្តែចៅសង្កាត់សំរោង លោក ចៀប តុប បានបដិសេធចោលបណ្ដឹងរបស់អ្នកភូមិទាំងនោះ ថាមិនត្រឹមត្រូវតាមផ្លូវច្បាប់ ព្រមទាំងលើកឡើងខុសការពិត។
លោកចៅសង្កាត់អះអាងថា ភូមិកូនដំរី គឺជាភូមិថ្មីដែលក្រសួងមហាផ្ទៃ ទើបតែទទួលស្គាល់ផ្លូវការកាលពីឆ្នាំ២០១២ ហើយប្រជាពលរដ្ឋដែលចូលទៅរស់នៅទីនោះ មិនទាន់មានកម្មសិទ្ធិដីធ្លីនៅឡើយ ដោយអ្នកខ្លះបានទៅរុករានដីព្រៃឈើដែលមានដីកាដកហូតរបស់រដ្ឋបាលព្រៃឈើ។ លោកចៅសង្កាត់ថា អាជ្ញាធរភូមិកូនដំរី និងមន្ត្រីរបស់លោកដែលចូលទៅទីនោះ មិនមែនវាស់វែងដីទេ គឺគ្រាន់តែជំរឿនអំពីចំនួនប្រជាពលរដ្ឋប៉ុន្មានគ្រួសារដែលមិនទាន់មានដីធ្វើកសិកម្ម។
ចំណែកឯបណ្ដឹងចោទប្រកាន់មន្ត្រីរបស់លោកទៀតសោត ក៏មិនមានតំណាងនិងដើមបណ្ដឹងច្បាស់លាស់ទេ៖ «នាំគ្នាធ្វើគោលដៅអត់ច្បាស់អ្នកដែលផ្ដិតមេដៃក៏ចេះតែផ្ដិត អាអ្នកអត់បានផ្ដិតនាំគ្នាផ្ដិតម្រាមដៃក៏ចេះតែផ្ដិត។ វាមានកន្លែងខ្លះខុស កន្លែងខ្លះអត់ខុស អាកន្លែងគាត់អាស្រ័យផលក៏គាត់នៅតែធ្វើមិនមានអ្នកណាទៅធ្វើអ្វីគាត់»។
ក្រុមប្រឹក្សាសង្កាត់សំរោង ធ្លាប់កោះហៅតំណាងប្រជាពលរដ្ឋឱ្យចូលទៅដោះស្រាយបញ្ហាបណ្ដឹងនេះម្ដងមកហើយ កាលពីថ្ងៃទី២ ខែកក្កដា ក៏ប៉ុន្តែអ្នកភូមិមិនបានចូលខ្លួនទេ ដោយពួកគេអះអាងថាមិនមានតំណាង។
អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សអាដហុក ខេត្តឧត្តរមានជ័យ លោក ស្រី ណារ៉េន ឱ្យដឹងថា លោកបានទទួលញត្តិ១ច្បាប់ពីប្រជាពលរដ្ឋជុំវិញករណីនេះ ក៏ប៉ុន្តែលោកជំរុញឱ្យអ្នកភូមិដាក់ពាក្យបណ្ដឹងមកអង្គការរបស់លោកនៅមុនពេលដែលចុះអង្កេតករណីនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អ្នកភូមិនៅកំពង់ឆ្នាំងផឹកទឹកសម្បថប្ដេជ្ញាទាមទារដីពីក្រុមហ៊ុនខេ.ឌី.ស៊ី
- ជនជាតិដើមភាគតិចនៅក្រចេះរារាំងក្រុមហ៊ុនវៀតណាមឈូសឆាយប៉ះលើដីចម្ការ
- ពលរដ្ឋនៅព្រះវិហារចោទក្រុមហ៊ុនដីសម្បទានចិនយកថ្នាំគីមីបាញ់បំផ្លាញស្រូវ
- ពលរដ្ឋប្រមាណ១០នាក់របួសពេលប៉ះទង្គិចគ្នាជាមួយកម្មករក្រុមហ៊ុនខេ.ឌី.ស៊ីនៅកំពង់ឆ្នាំង
- ពលរដ្ឋរិះគន់អាជ្ញាធរថាបើកដៃឲ្យឈ្មួញបូមខ្សាច់ចាក់លុបបឹងសំរោងនៅព្រែកព្នៅ
- សហគមន៍ទន្លេម្រេចមានទំនាស់ដីជាមួយក្រុមហ៊ុន ទ្រី ភាព នៅព្រះវិហារតវ៉ាមុខមន្ទីរបរិស្ថាន
- មេឃុំបឹងប្រាំខេត្តបាត់ដំបងរងការចោទប្រកាន់ពីករណីខ្វះតម្លាភាពបែងចែកដីធ្លី
- ពលរដ្ឋនៅកំពតបារម្ភខ្លាចបាត់បង់បឹងធម្មជាតិដោយការជីកដីយកធ្វើឥដ្ឋ
- ប្រជាជនមានជម្លោះដីជាមួយក្រុមហ៊ុនចិននៅកោះកុងនៅតែគ្មានដំណោះស្រាយ
the people getting up now it is the sine of people power , peace to all Cambodian***************