សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ទាមទារ​ឲ្យ​វៀតណាម​សុំ​ទោស​ជា​សាធារណៈ​​

ដោយ៖​ ណុល ដារ៉ា​
ថ្ងៃអាទិត្យ ទី6 កក្កដា 2014
http://vodhotnews.com

​ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​អះអាងថា ខ្លួន​នឹង​យក​ញត្តិ​ទៅ​ដាក់​នៅ​ស្ថានទូត​នានា​ប្រចាំ​កម្ពុជា រួម​ទាំង​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា​ផង ដើម្បី​បង្ហាញ​ពី​ប្រវត្តិសាស្ត្រ​ពិតប្រាកដ​នៃ​ការបាត់បង់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​។​

​នៅក្នុង​វេទិកា​សាធារណៈ ដែល​រៀបចំ​នៅ​ទីស្នាក់ការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នា​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ  លោក ថាច់ សេដ្ឋា ដែល​ជា​ប្រធាន​សមាគម​នេះ មានប្រសាសន៍ថា ការរៀបចំ​វេទិកាសាធារណៈ​នេះ​ធ្វើឡើង ដើម្បី​ប្រមូល​ចងក្រង​ឯកសារ​ទាក់ទង​នឹង​ទឹកដី​ខ្មែរ​ក្រោម ហើយ​បង្ហាញ​ឲ្យ​អន្តរជាតិ​បាន​ជ្រាប​ពី​ប្រវត្តិ​ពិតប្រាកដ នៃ​ការបាត់បង់​ទឹកដី​នេះ​។

​ការព្រមាន​របស់​លោក​ថាច់ សេដ្ឋា​នេះ ធ្វើឡើង​ក្រោយ​ពេល​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា លោក​ត្រឹង វ៉ាន​ថុង កាលពីដើម​ខែ​មិថុនា​កន្លងទៅ បាន​អះអាង​ប្រាប់​អ្នកសារព័ត៌មាន​ថា «​បារាំង​មិន​បាន​កាត់ ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ឲ្យ​វៀតណាម​ទេ​តែ​កម្ពុជា​ក្រោម ជា​ទឹកដី​របស់​វៀតណាម តាំងពី​យូរយារ​ណាស់​មកហើយ​ព័ត៌មាន​បាត់បង់​ទឹក​ដី​គ្មាន​អ្វី​ជា​មូលដ្ឋាន​ទេ គ្មាន​អ្វី​ជា​ភ័ស្តុតាង​ទេ​»​។​

​លោក ថាច់ សេដ្ឋា បាន​ព្រមាន​ថា បើ​អ្នកនាំពាក្យ​នោះ​មិន​សុំ​ទោស​ទេ​នោះ​នឹង​មាន​ការធ្វើ​បាតុកម្ម​នៅមុខ​ស្ថានទូត​វៀតណាម រហូត​ដល់​រដ្ឋាភិបាល​វៀតណាម សុំទោស​ពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ​។ លោក​ថាច់ សេដ្ឋា បន្ត​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ចូលរួម ធ្វើ​បាតុកម្ម​ប្រឆាំង​អាជ្ញាធរ​វៀតណាម ព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​មិន​អាច​ទ​ទួល​យក​បាន​នូវ​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​ខ្មែរ ពី​សំណាក់​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​រូបនោះ​បាន​ទេ​។​

​ការព្រមាន​នេះ​ធ្វើឡើង​ស្របពេល​ដែល​ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក​ម៉ៅ ពិសេស ព្រមាន​ធ្វើបាតុកម្ម​នៅមុខ​ស្ថានទូត​វៀតណាម​នៅ​ថ្ងៃ​ទី​៨ ខែកក្កដា ឆាប់ៗ​ខាងមុខនេះ ដើម្បីឲ្យ​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​សុំ​ទោស​ជា​សាធារណៈ ចំពោះ​ពាក្យ​សម្ដី​ដែល​គេ​ចាត់ទុកថា ជាការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​នេះ​៕

សូមសរសេរមកលោក ណុល ដារ៉ា តាមរយៈ dara@vodhotnews.com

What Next?

Recent Articles