ដោយ៖ ឡាយ សាមាន
ថ្ងៃចន្ទ ទី7 កក្កដា 2014
http://vodhotnews.com
ពលរដ្ឋមានជម្លោះដីធ្លី នៅភូមិឡពាង ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃចន្ទនេះ អះអាងថា មានសមត្ថកិច្ចចម្រុះកិច្ចជិត២០០នាក់ ចុះចាប់តំណាងប្រជាពលរដ្ឋរបស់ខ្លួន តាមដីកាតុលាការ ខណៈទំនាស់ដីធ្លីជាមួយក្រុមហ៊ុន KDC មិនទាន់បានដោះស្រាយ។
តំណាងពលរដ្ឋ អ្នកស្រី អ៊ុំ សុភី ប្រាប់ VOD ថា មានសមត្ថកិច្ចចម្រុះប្រមាណជា២០០នាក់ ប្រដាប់ដោយខែល ដំបងឆក់ និងកាំភ្លើង បានព័ទ្ធជុំវិញផ្ទះរបស់គាត់មិនឲ្យដើរចេញតវ៉ា។ អ្នកស្រីបង្ហើបថា កន្លងទៅ ខាងតំណាងក្រុមហ៊ុន ចង់ឲ្យមានកិច្ចចរចាផ្ទាល់ជាមួយអ្នកស្រីតែម្នាក់គត់ តែគាត់បដិសេធព្រោះខ្លាចមានការបោកបញ្ឆោត ពីភាគីក្រុមហ៊ុនរបស់អ្នកមានអំណាចនេះ។ អ្នកស្រីបន្តថា អ្នកមានជម្លោះដីទាំងអស់នោះ ប្តេជ្ញាប្តូរផ្តាច់ការពារដីរបស់ខ្លួនរហូតមានដំណោះស្រាយ។
ខណៈដែលដំណោះស្រាយមិនទាន់មាន អ្នកស្រី អ៊ុំ សុភី អំពាវនាវយ៉ាងទទូចដល់ មន្ត្រីពាក់ព័ន្ធ ជាពិសេសអង្គសង្គមស៊ីវិលជួយអន្តាគមន៍ដល់ពួកគាត់ផង។
មន្ត្រីសម្របសម្រួលអង្គការលីកាដូប្រចាំខេត្តកំពង់ឆ្នាំងដែលតាមដានព្រឹត្តិការណ៍នេះ លោក គង់ ច័ន្ទមុនី មានប្រសាសន៍ថា អាជ្ញាធរគួរតែសម្របសម្រួលជាមួយភាគីទាំងពីរ ដើម្បីស្វែងរកដំណោះស្រាយរួម មុននឹងប្រើកម្លាំងប្រដាប់អាវុធ។ លោក ព្រមានថា វិធានការនេះ អាចនឹងធ្វើឲ្យមានការប្រឈមមុខកាន់ខ្លាំងឡើង និងប៉ះពាល់ដល់សេរីភាពរបស់ពលរដ្ឋក្នុងការស្វែងរកយុត្តិធម៌។
អធិការរងនគរបាលស្រុកកំពង់ត្រឡាច លោក ហ៊ុល វាសនា មានប្រសាសន៍ថា សមត្ថកិច្ចចុះអនុវត្តនេះ ដើម្បីរក្សាការពារសណ្តាប់ធ្នាប់សង្គម ខណៈអំពើហិង្សាធ្លាប់កើតមាននៅតំបន់ដីជម្លោះនោះ រយៈពេលពីរថ្ងៃមកហើយ។
កាលពីថ្ងៃសៅរ៍ ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លី៣នាក់ បានបែកក្បាល និង៧នាក់ផ្សេងទៀតរងរបួសលើរាងកាយ ខណៈប៉ះទង្គិចជាមួយកម្លាំងរបស់ក្រុមហ៊ុន KDC ។
ប្រជាពលរដ្ឋអះអាងថា ជម្លោះដីធ្លីជាមួយក្រុមហ៊ុនKDC របស់លោកស្រីជា ខេង ភរិយាលោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអូសបន្លាយ៨ឆ្នាំមកហើយ។ ប្រជាពលរដ្ឋបន្តថា បច្ចុប្បន្នក្រុមហ៊ុនកំពុងប្រើគ្រឿងចក្រឈូសឆាយលើដីមានជម្លោះ ដើម្បីធ្វើរបងកំណត់ព្រំកម្មសិទ្ធិ ខណៈពាក្យបណ្ដឹងអ្នកភូមិកំពុងស្ថិតនៅក្នុងដៃតុលាការ៕
សូមសរសេរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com
ល្មមដល់ពេលពិនិត្យ របៀបរស់នៅរបស់ប្រជាពលរដ្ឋ ខ្លះហើយ។
កន្លែងណា ក៏ថាដីគាត់ កន្លែងណា ក៏ជាដីរបស់គាត់ ! តែម៉េច ក៏នៅតែថា ខ្លួន ក្រ ទៀត។
នេះ មកពី មានអ្នកដឹកនាំបង្កើតបញ្ហា។
អាជ្ញាធរ និង ស្ថាប័នមានសមត្ថកិច្ច ត្រូវតែបើសសំអាត។
យកល្អ រដ្ឋាភិបាល ត្រូវអនុវត្ត ការយកពន្ធដី ទើបបំបាត់បញ្ហាបាន។
Why need to send 100 polices to arrest only one villager? Does he/ she do anything illegally? Or they legally protect their land and home?
ល្មមដល់ពេលពិនិត្យ របៀបរស់នៅរបស់ពួកមន្ត្រីផងឈ្មួញផងទាំងនេះ ខ្លះហើយ។
កន្លែងណា ក៏ថាដីរបស់ពួកវា កន្លែងណា ក៏ជាដីរបស់ពួកវា ! តែម៉េច ក៏នៅតែរំលោភយកដីអ្នកក្រ ទៀត។
នេះ មកពីអាង មានអ្នកកាន់អំណាចការពារ ទើបមិនខ្លាចការបង្កើតបញ្ហា។
អាជ្ញាធរ និង ស្ថាប័នមានសមត្ថកិច្ចពុករលួយបែបនេះ ត្រូវតែបោសសំអាតចោល។
យកល្អ រដ្ឋាភិបាល ត្រូវអនុវត្ត ការយកពន្ធដីពីពួកឈ្មួញអាងអំណាចទាំងនេះ និងដាក់ទោសអ្នកឃុបឃិតឲ្យធ្ងន់ ទើបអាចបំបាត់បញ្ហាបាន។
ពួកអាមាយាទថោកតាំងពិនាយករដ្ឋមន្ត្រីចោររហូតដល់រដ្ឋមន្ត្រីចោរ!!!