ដោយ៖ ជន ស្រីណុច
ថ្ងៃចន្ទ ទី7 កក្កដា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
ប្រាសាទព្រះវិហារ
នៅព្រឹកថ្ងៃទី០៧ ខែកក្កដានេះ រដ្ឋាភិបាលកម្ពុជា ប្រារព្ធខួបនៃការដាក់ប្រាសាទព្រះវិហារ ទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក ដែលពិធីនេះ ធ្វើឡើងនៅប្រាសាទព្រះវិហារ។
ក្រុមអ្នកឃ្លាំមើលព្រឹត្តិការណ៍សង្គម បង្ហាញទស្សនៈខុសៗគ្នា ចំពោះការថ្ងៃទី៧ខែកក្កដា នេះធ្វើជាព្រឹត្តិការណ៍ធំ ខណៈថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ដែលតុលាការយុត្តិធម៌កាត់ក្តីឲ្យកម្ពុជាឈ្នះថៃនោះ មិនត្រូវបានរដ្ឋាភិបាលរំលឹកព្រឹត្តិការណ៍នេះធំដុំទេ។
ករណីនេះ អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក កែម ឡី យល់ថា ការដែលរដ្ឋាភិបាលបច្ចុប្បន្ន យកថ្ងៃ៧កក្កដានេះជាថ្ងៃប្រារព្ធខួបនោះ គឺជាការកេងចំណេញនយោបាយ ហើយចង់បំភ្លេចថ្ងៃ១៥មិថុនា ដែលជាថ្ងៃជ័យជម្នះរបស់អ្នកដឹកនាំខ្មែរជំនាន់មុន។ លោកបញ្ជាក់ថា ប្រសិនបើគ្មានថ្ងៃទី១៥មិថុនាទេ ក៏មិនអាចមានថ្ងៃ០៧កក្កដាដែរ។
អ្នកវិភាគព្រឹត្តិការណ៍សង្គមលោក អ៊ូ វីរៈ មានប្រសាសន៍ថា ថ្ងៃទី១៥មិថុនាឆ្នាំ១៩៦២ សំខាន់ជាងថ្ងៃទី០៧ កក្កដា ២០០៨។
ដោយឡែក សាស្ត្រាចារ្យប្រវត្តិសាស្ត្រ លោក សំបូរ ម៉ាណ្ណារ៉ា មានប្រសាសន៍ថា ការប្រារព្ធខួបនៅថ្ងៃនេះគឺជារឿងល្អ ព្រោះថ្ងៃនេះជាថ្ងៃសំខាន់ ដែលប្រជាជននៅលើពិភពលោក ជាពិសេសប្រជាជនថៃ ទទួលស្គាល់ថា ប្រាសាទព្រះវិហារគឺជារបស់ខ្មែរ ហើយត្រូវបានដាក់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។
រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ជុច ភឿន ធ្លាប់ឲ្យVOD ដឹងថាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ មិនមានក្នុងពិធីបុណ្យជាតិនោះទេ ប៉ុន្តែលោកចាំបានថា ពិធីបុណ្យនេះ ធ្លាប់ប្រារព្ធធំម្តង កាលពីជំនាន់សម្តេចព្រះនរោត្តម សីហនុ។
រដ្ឋាភិបាលកម្ពុជា បានរំលឹកព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៅថៃ្ងទី៧ ខែកក្កដានេះ តាំងពីឆ្នាំ២០០៨ ជាថ្ងៃអង្គការ UNESCO ចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ប៉ុន្តែមួយសប្តាហ៍ក្រោយមក រដ្ឋាភិបាលទីក្រុងបាងកក បានបញ្ជូនទាហានរបស់ខ្លួនមកកាន់តំបន់ប្រាសាទព្រះវិហារ ដើម្បីទាមទារគ្រប់គ្រងដីទំហំ៤,៦គីឡូម៉ែត្រក្រឡា នៅជុំវិញប្រាសាទនេះ ដែលនាំសំណុំរឿងក្តីត្រូវបានបញ្ជូនទៅតុលាការយុត្តិធម៌អន្តរជាតិឡើងវិញ៕
សូមសរសេរមកកញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com
សុំចូលរួមយោបលថា គួរតែពុំបាច់ធ្វើក៏បានដែរ។ ព្រោះបើធ្វើ គឺ គួរតែត្រូវធ្វើទាំងអស់នូវអ្វីដែលជាព្រឹត្តិការណ៍ ទាក់ទងនិងការបញ្ចូលទៅជាបតតិកភ័ណពិភពលោក។
ការបង្កើតឲ្យមានទិវានេះ វានឹងប៉ះពាល់ដល់ផ្លូវចិត្ត និងទំនាក់ទំនងនៃប្រទេស និងប្រជាជនទាំង ២ កម្ពុជា ថៃ។
យើងតែងតែប្រកាសពីគំនិត សន្តិភាពរវាងជាតិពីរដែលមានភូមិផងរបងជាមួយ។ ចុះបើយើងធ្វើពិធីនេះ គឺ ថា យើងតែងនិយាយពីប្រវត្តិ ។ ការនិយាយប្រវត្តិ គឺមានថាថា ជាការរំលឹកឡើងវិញពីជម្លោះ នោះ គឺជារឿងចំអកឡកឡឺយ។ ការចំអកឡកឡឺយ នាំឲ្យមានការចង់ឈ្នះ ចង់ចាញ់។
គេអាចចាត់ទុកថា ប្រវត្តរឿងជម្លោះព្រះវិហារឆ្នាំ ២០០៨ កើតចេញពីចរិតអំនួតរបស់ខ្មែរកាលពីក្រោយព្រឹត្តិការណ៍ នោះ។
យើងអាចគិតឲ្យបានខ្លីថា ការប្រារព្ធទិវានឹងអាចបង្កើតទស្សនៈអវិជ្ចមាន ២ គឺ ៖
១) ការមិនចុះសម្រុងផ្ទៃក្នុងជាតិ ដែលគេអាចគិតថា ប្រវត្តឆ្នាំ ១៩៦២ ដែលធំជាងនេះ មានរួចហើយ តើចាំបាច់ប៉ុណ្ណា ទើបយើងនិយាយ តែ ពីការចូលជាបតិកភ័ណ្ឌ? គេសួរថា ប្រសិនបើ គ្មាន ប្រវត្ត១៥ មិថុនា ឆ្នាំ ១៩៦២ ទេ , តើយើងមានឱកាស ចូលជាបតិកភ័ណ្ឌ ក្នុងនាម កម្ពុជា បានឬទេ?
២) ទិវានេះ នឹងនាំទៅការបង្កើតឡើងនូវស្មារតីអរិភាពរវាងប្រជាជននៃប្រទេសទាំងពីរ ទៀតហើយ។ សួរថា តាំងពីតុលាកា ICJ បានបកស្រាយរឿងក្តីដីតំបន់ជុំវិញនោះមក តើរដ្ឋាភិបាលថៃកំពុងធ្វើអ្វី ឬបានធ្វើអ្វីជាមួយកម្ពុជា? ហើយតើរឿងនេះ បានដើរដល់ណាហើយ? យើងជឿពីដំណោះស្រាយអនាគតថា ត់យើងត្រូវគូសកំណត់ខ្សែព្រំដែន ដោយយោងតាមការបកស្រាយរបស់ ICJ កាលពីខែវិច្ឆិកា ឆ្នាំ ២០១៣ បានឬួទេ?
ហើយបើអញ្ចឹងទេ តើយើងគួរបង្កើតទិវា ថ្ងៃទី ?? ខែវិច្ឆិកា ២០១៣ នោះ ឬទេ?