ដោយ ដែន អយុធ្យា
2014-07-07
RFA

អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក វីល្លៀម ថត (William E.Todd) និងលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ធ្វើសន្និសីទកាសែត នាស្ថានទូតអាមេរិកប្រចាំកម្ពុជានៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៤។ RFA/Den Ayuthyea
មន្ត្រីស្ថានទូតសហរដ្ឋអាមេរិក និងមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ប្ដេជ្ញាពង្រីកពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរនៅថ្ងៃអនាគត។
តាមរយៈការប្ដេជ្ញានេះ មានក្រុមហ៊ុនធំៗ ចំនួន ៣ នឹងមកពិនិត្យលើគម្រោងវិនិយោគរបស់ពួកគេនៅកម្ពុជា នៅចុងខែកក្កដា ឆ្នាំ២០១៤ តទៅ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងនៅថ្ងៃទី៧ កក្កដា ថា មានក្រុមហ៊ុនវិនិយោគចំនួន ៣ ដូចជាក្រុមហ៊ុនកាត់ដេរ ក្រុមហ៊ុនថាមពល និងក្រុមហ៊ុនព័ត៌មានវិទ្យា នឹងមកបោះទុនវិនិយោគក្នុងប្រទេសកម្ពុជា ចាប់ពីចុងខែកក្កដា ឆ្នាំ២០១៤ តទៅ។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា សង្កត់ធ្ងន់ថា ដើម្បីជួយសម្រួលដល់អ្នកវិនិយោគទុកទាំងក្នុងនិងក្រៅប្រទេស ក្រសួងពាណិជ្ជកម្ម នឹងពិនិត្យទៅលើអំពើពុករលួយ និងភាពមិនប្រក្រតីផ្សេងទៀត ដែលធ្លាប់ជារនាំងដល់អ្នកវិនិយោគទុនកន្លងមក៖ «យើងខំប្រឹងប្រែងបើកទីផ្សារលក់អង្ក និងផលិតផលខ្មែរថែមទៀតទៅសហរដ្ឋអាមេរិក។ មិនថាអ្នកវិនិយោគទុនមកពីសហរដ្ឋអាមេរិក មកពីអឺរ៉ុប ឬមកពីទីណាទេ គឺគេមកគេចង់ដឹងពីច្បាប់វិនិយោគរបស់យើង គេចង់ដឹងម៉ាក្រូសេដ្ឋកិច្ចរបស់យើងតើយ៉ាងណា? គេចង់ដឹងពីច្បាប់ទម្លាប់ គេចង់ដឹងពីរាជរដ្ឋាភិបាលយើងយ៉ាងណា? អ៊ីចឹងទាំងអស់គ្នាគេចង់ដឹងពីហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសជាតិយើងផង។ នេះជាកត្តាសំខាន់ៗមុនក្រុមហ៊ុនវិនិយោគ មុនគេមកដាក់ទុនគេមើលទាំងនេះ»។
លោក ស៊ុន ចាន់ថុល ឲ្យដឹងដូច្នេះនៅក្នុងសន្និសីទកាសែតរវាងរូបលោកនិងលោក វីល្លៀម ថត (Wiliiam E. Todd) និងតំណាងក្រុមហ៊ុនច្រើនទៀត នាស្ថានទូតសហរដ្ឋអាមេរិក ព្រឹកថ្ងៃច័ន្ទ ទី៧ ខែកក្កដា។ លោក វីល្លៀម ថត ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក និងលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានដឹកនាំបេសកកម្មលើកកម្ពស់ពាណិជ្ជកម្មសម្រាប់ប្រទេសកម្ពុជា ជាលើកទី២ ទៅកាន់សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៤ ដើម្បីលើកទឹកចិត្តអ្នកវិនិយោគទុន និងពាណិជ្ជកម្មពីសហរដ្ឋអាមេរិក មកកាន់កម្ពុជា ឲ្យបានច្រើនថែមទៀត។
លោក វីល្លៀម ថត បានឲ្យដឹងតាមរយៈអ្នកបកប្រែភាសាក្នុងសន្និសីទកាសែតថា បេសកកម្មនេះបានជួបជាមួយក្រុមហ៊ុនជំនួញអាមេរិក អ្នកវិនិយោគទុន និងពាណិជ្ជកម្មនៅសហរដ្ឋអាមេរិកជាច្រើនក្រុមហ៊ុន នៅទីក្រុងឡូសអេនជឺឡេស (Los Angeles) ទីក្រុងឡងប៊ិច (Long Beach) និងទីក្រុងវ៉ាស៊ីនតោន (Washington) ព្រមទាំងធ្វើទស្សនកិច្ចក្រុមហ៊ុនម៉ៃក្រូសូហ្វ (Microsoft) ជាដើម។
លោក វីល្លៀម ថត បានចាត់ទុកបេសកកម្មពាណិជ្ជកម្មនេះ ថាជាជោគជ័យធំមួយសម្រាប់ប្រទេសកម្ពុជា ព្រោះនឹងនាំមកនូវអ្នកវិនិយោគទុនពីសហរដ្ឋអាមេរិក ចូលមកកម្ពុជា កាន់តែច្រើន ចាប់ពីឆ្នាំ២០១៤ តទៅ។ លោកបន្តថា បេសកកម្មពាណិជ្ជកម្មជាលើកទី២ របស់លោក រួមដំណើរជាមួយលោក ស៊ុន ចាន់ថុល និងតំណាងក្រុមហ៊ុនធំៗប្រចាំកម្ពុជា ទៅសហរដ្ឋអាមេរិក គឺបានជួបពិភាក្សាជាមួយប្រធានសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក លើបញ្ហាធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានទំនាក់ទំនងល្អ។
យ៉ាងនេះក្តី អ្នកវិនិយោគទុនធំៗ និងសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក ក៏ចង់ឃើញគណបក្សឈ្នះការឆ្នោតសភានីតិកាលទី៥ ទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងសង្គ្រោះជាតិ បង្កើតឲ្យមានស្ថិរភាពនយោបាយទើបអ្នកវិនិយោគទុនអាមេរិក ចូលមកកម្ពុជា កាន់តែច្រើននៅថ្ងៃអនាគត៖ «សហរដ្ឋអាមេរិកធ្លាប់និយាយហើយ ពីបញ្ហាប្រឈមដែលកម្ពុជាមាន។ ជាការពិតក្រុមហ៊ុនគេកំពុងសម្លឹងមើលពីដំណោះស្រាយដែលគណបក្សទាំងពីរកំពុងស្វែងរកដំណោះស្រាយនយោបាយ ហើយគេសង្ឃឹមថា នឹងមានដំណោះស្រាយនៅពេលខាងមុខ ហើយនៅពេលដែលមានដំណោះស្រាយ គឺទីផ្សារនឹងមានការវិវត្ត រីកចំរើនទៅមុខ ហើយក្រុមហ៊ុននឹងមកកាន់ប្រទេសកម្ពុជា កាន់តែច្រើន បើសិនជាមានដំណោះស្រាយនយោបាយនៅពេលខាងមុខ»។
ផ្ដើមពីបេសកកម្មនេះ លោក ស៊ុន ចាន់ថុល រំពឹងថា នឹងអាចទាក់ទាញឲ្យអ្នកវិនិយោគទុនពីសហរដ្ឋអាមេរិក មកធ្វើពាណិជ្ជកម្មក្នុងប្រទេសកម្ពុជា កើនច្រើនថែមទៀត ចាប់ពីឆ្នាំ២០១៤ នេះតទៅ។ លោកឲ្យដឹងថា ឆ្នាំ២០១៣ កន្លងទៅ មានក្រុមហ៊ុនមកពីសហរដ្ឋអាមេរិកបោះទុនវិនិយោគ ឬធ្វើពាណិជ្ជកម្មនៅកម្ពុជា មានចំនួនទឹកប្រាក់ជាង ៣ពាន់លានដុល្លារសហរដ្ឋអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ភ្លុកដំរី៣តោនត្រូវអាជ្ញាធរចាប់បាននៅកំពង់ផែព្រះសីហនុ
- ឆ្នេរសមុទ្ទកម្ពុជាឋិតក្នុងឆ្នេរល្អជាងគេបំផុតក្នុងពិភពលោក
- មន្ត្រីខ្មែររំពឹងថា កម្ពុជាអាចនាំអង្ករចេញបាន២សែនតោនក្នុងឆ្នាំ ២០១១ នេះ
- ក្រុមហ៊ុនជប៉ុនមករុករកប្រេងកាតនៅបឹងទន្លេសាប
- កសិករនៅស្រុកកំពង់ត្រឡាចត្អូញពីបញ្ហាតម្លៃស្រូវចុះថោក
- ពលរដ្ឋអ្នកប្រកបរបរតម្បាញនៅឃុំកោះដាច់ជួបបញ្ហាគ្មានទីផ្សារ
Thanks Mr. William Todd for further assistance on how businesses can be properly set up and maintained, for job opportunities and benefits to Cambodians.