បុគ្គលិក​ក្រុមហ៊ុន​ភ្នំពេញ​សូរិយា​ថា​ខ្លួន​ឈ្នះ​បាន​ចូល​ធ្វើ​ការ​វិញ​តែ​ក្រុម​ហ៊ុន​បដិសេធ

បុគ្គលិក​ក្រុម​ហ៊ុន​រថយន្ត​ក្រុង​សូរិយា​ធ្វើ​ការ​តវ៉ា​កន្លង​មក។

បុគ្គលិក​ក្រុម​ហ៊ុន​រថយន្ត​ក្រុង​សូរិយា​ធ្វើ​ការ​តវ៉ា​កន្លង​មក។ ផា លីណា



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ អតីត​អ្នក​បើក​បរ​របស់​ក្រុមហ៊ុន​ភ្នំពេញ​សូរិយា​ដឹក​អ្នក​ដំណើរ​ដែល​ត្រូវ​បាន​ក្រុម​ហ៊ុន​បញ្ឈប់​កាល​ពី ខែ​មេសា បាន​អះអាង​ថា ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​បាន​ប្រកាស​លទ្ធផល​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​សម្រេច​ឲ្យ​ក្រុម​ហ៊ុន​ទទួល​យក​ពួក​គេ​ចូល​ធ្វើ​ការ​វិញ​ប៉ុន្តែ​ក្រុម​ហ៊ុន​នឹង​ជំទាស់​ទៅ​នឹង​លទ្ធផល​នេះ។

លោក យឹម គុយបា អនុ​ប្រធាន​សហជីព​ដែល​គ្រោង​នឹង​បង្កើត​ក្នុង​ក្រុម​ហ៊ុន​នេះ និង​ត្រូវ​បាន​ក្រុម​ហ៊ុន​បញ្ឈប់​ពី​ការងារ និង​ប្តឹង​ទៅ​តុលាការ​ក្រុង​កាល​ពី ខែ​មេសា កាល​ពី​ម្សិល​មិញ​បាន​ប្រាប់​ថា ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​បាន​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ​សម្រេច​ឲ្យ​អតីត​បុគ្គលិក​ចំនួន ១៥ នាក់​ពី​ក្នុង ១៧ នាក់​ចូល​ធ្វើ​ការ​វិញ។

លោក គុយបា បន្ថែម​ថា៖ «បុគ្គលិក​ចំនួន ១៧ នាក់​ដែល​បាន​ធ្វើ​ការ​តវ៉ា ត្រូវ​បាន​ក្រុម​ហ៊ុន​បញ្ឈប់ ហើយ​យើង​ក៏​បាន​ស្វែង​រក​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់​ព័ន្ធ ដែល​ចុង​បញ្ចប់​ករណី​នេះ​បាន​ដាក់​ទៅ​ដល់​ដៃ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ធ្វើ​ការ​កាត់​សេចក្តី»។

លោក​បន្ត​ថា ពួក​គាត់​មិន​ទាន់​ដឹង​ថា តើ​ក្រុម​ហ៊ុន​ព្រម​ទទួល​យក​ពួក​គាត់​ឲ្យ​ធ្វើ​ការ​វិញ​ឬ​អត់​ទេ ហើយ​មិន​ដឹង​ថា តើ​ក្រុម​ហ៊ុន​ប្រឆាំង​ទៅ​នឹង​ការ​ប្រកាស​របស់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ឬ​យ៉ាង​ណា​ទេ?

លោក គុយបា បាន​ប្រាប់​ថា៖ «ពួក​ខ្ញុំ​នឹង​ប្រជុំ​គ្នា​នៅ​ថ្ងៃ​អង្គារ​ដើម្បី​ពិភាក្សា​គ្នា​ពី​ការ​សម្រេច​នេះ​និង​ពី​មូល​ហេតុ​នៃ​ការ​បដិសេធ​ទៅ​លើ​បុគ្គលិក​ពីរ​នាក់​មិន​ឲ្យ​ចូល​ធ្វើ​ការ។ យើង​នឹង​ប្តឹង​ក្រុម​ហ៊ុន​ទៅ​តុលាការ​និង​ធ្វើ​ការ​តវ៉ា​ទៀត បើ​ក្រុម​ហ៊ុន​បដិសេធ​ការ​សម្រេច​នេះ»។

លោក យឹម គុយបា និយាយ​ថា វា​ជា​លទ្ធផល​ល្អ​របស់​ពួក​គាត់ ដែល​អាច​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ និង​បាន​បង្កើត​សហជីព​ក្នុង​ក្រុម​ហ៊ុន​នេះ ដើម្បី​ការ​ពារ​បុគ្គលិក​ពេល​មាន​បញ្ហា​ទាក់​ទង​នឹង​ការងារ។

តប​ទៅ​នឹង​ការ​បញ្ជាក់​របស់​លោក យឹម គុយបា នេះ​លោក ចាន់ សុផាន់ណា នាយក​គ្រប់​គ្រង​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ភ្នំពេញ​សូរិយា​បាន​បដិសេធ​ពី​ការ​ទទួល​យក​មនុស្ស ១៥ នាក់​នេះ​ចូល​ធ្វើ​ការ​វិញ។

លោក សុផាន់ណា បាន​ឲ្យ​ដឹង កាល​ពី​ម្សិល​មិញ​ថា៖ «ខ្ញុំ​នៅ​មិន​ទាន់​បាន​ទទួល​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​នៅ​ឡើយ​ទេ ខាង​នោះ​គេ​ឲ្យ​យើង​ទៅ​យក​លទ្ធផល​នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ ប៉ុន្តែ​ការ​ដែល​ឲ្យ​ក្រុម​ហ៊ុន​ទទួល​យក​ពួក​គេ​មក​ធ្វើ​ការ​វិញ​នោះ គឺ​ខាង​យើង​មិន​អាច​ទទួល​បាន​ទេ ដោយ​សារ​ក្រុម​ហ៊ុន​បាន​ធ្វើ​ការ​កាត់​បន្ថយ​បុគ្គលិក ហើយ​យើង​ក៏​បាន​លក់​ឡាន​ប្រមាណ ជា ៣០ ឡាន​ហើយ​ដែរ»។

លោក សុផាន់ណា បញ្ជាក់​ថា ក្រុម​ហ៊ុន​មិន​មាន​ការងារ​ច្រើន​ទេ ទើប​កាត់​បន្ថយ​បុគ្គលិក​ខ្លះ​ដោយ​សារ​គ្មាន​ការងារ។ ក្រុម​ហ៊ុន​រក​ស៊ី​ដើម្បី​រក​ប្រាក់​ចំណេញ​មិន​មែន​រក​ស៊ី​ដើម្បី​ខាត​បង់​នោះ​ទេ។ លោក​បន្ត​ថា៖ «ប្រសិន​លោក​ទទួល​យក​ពួក​គេ​ចូល​ធ្វើ​ការ​វិញ តើ​អ្នក​ណា​ជា​អ្នក​ចំណាយ​លើ​ប្រាក់​ខែ​សម្រាប់​ពួក​គេ? បើ​ខាង​ពួក​គាត់ [ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល] ជួយ​ខ្ញុំ​សម្រាប់​ការ​ចំណាយ​បើក​ប្រាក់​ខែ​ពួក​គាត់​នោះ​យើង​នឹង​យល់​ព្រម។ យើង​នឹង​ធ្វើ​ការ​បន្ត​ប្តឹង​ទាស់​បន្ត​ទៅ​លើ​ទៀត ប្រសិន​បើ​ខាង​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​បង្ខំ​យើង​ឲ្យ​ទទួល​ពួក​គេ»៕


What Next?

Recent Articles