Mon, 7 July 2014
សូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ខណៈសមិទ្ធផលជំនួញថ្មី ដាក់ឈ្មោះយីហោ សាសា ហាងសាឡន និងហាងលក់សម្លៀកបំពាក់ រៀបនឹងសម្រេចសាងសង់ និងដឺគ័របានជិត១០០ភាគរយ នៅរង់ចាំថ្ងៃបើកសម្ពោធដំណើរការនោះ អតីតពិធីការិនីទូរទស្សន៍ CTN ដែលឃ្លាតឆ្ងាយអាជីពកាន់ក្បាលមីក្រូហ្វូន អត្ថាធិប្បាយកម្មវិធីនាង សាសា ហាក់ចង់បង្ហាញជំហរវិលមកកាន់អាជីពសិល្បៈវិញ ប៉ុន្តែដំណើរត្រឡប់ក្រោយនេះក៏ចាំបាច់ធ្វើការស្ទាបស្ទងពីរបរថ្មីមើលសិនដែរ។
ពិធីការិនីសម្រស់ដើមទ្រូងទាក់ទាញ ដែលមានឈ្មោះពិត ឯក សុជាតា បានលើកឡើងបែបការពារខ្លួនថា៖«មិនអាចនិយាយពាក្យវិលរកអាជីពដើម ឬអត់នោះទេ ព្រោះស្ថិតនៅក្នុងការពិចារណា និងផ្អែកលើកាលៈទេសៈជាក់ស្ដែងប៉ុណ្ណោះ»។ អតីតពិធីការិនីរូបនេះថ្លែងបែបន័យដដែលទៀតថា៖«វិលរកសិល្បៈវិញ ឬអត់នោះ ទាល់តែការងាររបស់ខ្ញុំចប់សព្វគ្រប់សិន ទើបអាចនិយាយបាន»។
អតីតពិធីការិនីនិយមព្រលែងសម្រស់ដើមទ្រូងធ្វើឲ្យបុរសៗលង់ស្នេហ៍រូបនេះ កន្លងមកក្រៅពីល្បីជំពាក់ប្រាក់គេ មិនដែលឃើញមានសកម្មភាពរំលេចក្នុងឆាកសិល្បៈទេ តែនៅពេលនេះ សាសា បានរំលេចយីហោ ហាងសាឡន និងហាងលក់សម្លៀកបំពាក់ដ៏ធំស្កឹមស្កៃ នាំឲ្យមជ្ឈដ្ឋាន ពិសេសអ្នកនៅម្តុំទួលគោក បាននាំគ្នាលាន់មាត់ផ្ទុះចម្ងល់ថា មានលុយច្រើនម៉េះ បើកហាងយ៉ាងធំស្កឹកស្កៃ បើមុននេះល្បីម្ចាស់បំណុលតាមទារឡើងល្វីងមុខនោះ?
ឆ្លើយតបចម្ងល់នេះ ឯក សុជាតា ហៅ សាសា បានប្រាប់ថា៖«ពិតណាស់មហាជនម៉ៃតែប៉ុណ្ណឹង មិនបានគិតដល់ជ្រុងម្ខាងនៃសកម្មភាពរបស់គេទេ គ្មាននរណាម្នាក់រង់ចាំតែចំណូលមួយមុខនោះទេ ត្បិតថាខ្ញុំមិនឃើញធ្វើជាពិធីការិនីនៅទូរទស្សន៍ តែខ្ញុំក៏មានកម្មវិធីសិល្បៈផ្សេងផងដែរ ខ្ញុំមិនអត់សោះឯណា។ ការបើកហាងសាឡន និងហាងលក់សម្លៀកបំពាក់យីហោ សាសា ឈ្មោះខ្ញុំនេះ ជាញើសឈាមខ្ញុំមិនមានប្រាក់មកពីណាទេ»។
សាសា បានប្រាប់ទៀតថា ការចំណាយលុយរាប់ពាន់ដុល្លារបើកហាង “សាសា” នៅម្ដុំទួលគោក ជាមុខរបររបស់នាង បន្ទាប់ពីហាងលក់ទូរស័ព្ទមួយម្ដុំរោងកុនលុច្ស ដែលបានផ្ទេរឲ្យប្អូនប្រុសហើយនោះ ហើយក៏ជាចំណែកប្រាក់ដែលបានពីផ្ទេរហាងឲ្យប្អូនប្រុសនោះមកចូលខ្លះដែរ។
នាង សាសា បានអះអាងថា ក្រៅពីសាឡន និងលក់សម្លៀកបំពាក់ ហាងនាងមានលក់សម្លៀកបំពាក់សម្រាប់តែចូលរួមកម្មវិធីតូចធំប៉ុណ្ណោះ។
សាសា បានប្រាប់ថា៖«ពេលនេះហាង សម្រេចការសាងសង់ និងដឺគ័រខាងក្នុងបាន ៨០ ភាគរយហើយ និងចាប់ផ្ដើមបម្រើសេវាកម្មបណ្ដើរហើយដែរ។ នៅរង់ចាំតែថ្ងៃបើកសម្ពោធហ្នឹង»។
នាងបានបញ្ជាក់ជុំវិញជំនួញថ្មីថា៖«មានអ្នករស់នៅបរិវេណទួលគោក ទៅរកសេវាកម្មនៅទីនោះជាហូរហែហើយ តែអ្នកសិល្បៈ នៅមិនទាន់មានទៅទេ»។
កញ្ញា សាសា បានថ្លែងបែបជឿជាក់ថា ជីវិតរបស់នាងកាន់តែល្អប្រសើរឡើងហើយ ដោយមានលទ្ធភាពអាចបើកហាងជាបន្តបន្ទាប់ ហើយសមិទ្ធផលចុងក្រោយនេះ ក៏ជាក្ដីរំពឹងសម្រាប់អនាគត ស្របពេលដែលនាងអាចងាករេទៅរកសិល្បៈវិញក៏ថាបាន»៕

Nice boobs, i love her.
មុខដូចយាយចាស់!