មាស សុខ​សោភា ច្រាន​ចោល​សកម្មភាព​ការពារ​ព្រៃឈើ​ជា​ការប្រឆាំង​រដ្ឋាភិបាល​​

ដោយ៖​ វង្ស សុ​ម៉ា​លីន​
ថ្ងៃអង្គារ ទី8 កក្កដា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

នាង មាស សុខសោភា ចូលរួមសកម្មភាពការពារព្រៃឈើនៅភ្នំឱរ៉ាល់(រូបថតពីហ្វេសប៊ុក)

​វា​គឺជា​រឿង​ដ៏​រសើប​មួយ​ដែល​តារាចម្រៀង​នាង ​មាស សុខ​សោភា ត្រូវ​គេ​ទាញ​ទម្លាក់​ចូល​ក្នុង​ក្រុម​ប្រឆាំង​នឹង​រដ្ឋាភិបាល ព្រោះតែ​បាន​ចេញមុខ​ការពារ​ព្រៃឈើ​នៅ​ស្រុក​ឱ​រ៉ា​ល់ ដែល​ជា​ទីតាំង​រង​ការបំផ្លាញ​ព្រៃឈើ​ពី​សំណាក់​ក្រុមហ៊ុន​ទទួល​សិទ្ធិ​អភិវឌ្ឍន៍​ធំ​មួយ​។ ប៉ុន្តែ​ប្រឆាំងនឹង​ការ​បំភ័យ​ទាំងឡាយ នាង​បាន​ឆ្លើយតប​ថា​នេះ​ជា​ឆន្ទៈ​របស់​នាង​។ 

​មុន​ការ​ចូល​ខ្លួន​របស់​នាង​ក្នុង​សកម្មភាព​ដាំ​ដើមឈើ តំបន់​ព្រៃ​ដែល​រង​ការបំផ្លាញ​នៅ​ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ មិន​មាន​ការចាប់អារម្មណ៍​នោះ​ទេ​ពី​មជ្ឈដ្ឋាន​នានា បើ​ទោះជា​ក្នុង​តំបន់​ទាំងមូល​មាន​ការប្រឆាំង​ពី​ក្រុម​ប្រជា​សហគមន៍ និង​ព្រះសង្ឃ​រស់នៅ​ទីនោះ​ក៏ដោយ​។ មាស សុខ​សោភា បាន​ចេញ​មុខ​បំបួស​ដើមឈើ និង​ដាំ​ឈើ​ឡើងវិញ ក្នុង​តំបន់​ចម្រូងចម្រាស ជា​សារ​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​បញ្ឈប់​ការកាប់បំផ្លាញ និង​ពញាក់​អារម្មណ៍ឲ្យ​មជ្ឈដ្ឋាន​ជាតិ អន្តរជាតិ ពិសេស​មន្ត្រី​គ្រប់​ជាន់ថ្នាក់ ងាក​មក​ចាត់វិធានកា​រ​ការពារ​ព្រៃ​នៅ​ស្រុក​ឱ​រ៉ាល់​ទាំងមូល​។ សកម្មភាព​របស់​នាង​ត្រូវ​គេ​ចោទ​ថា ជា​ការលើកទឹកចិត្ត​ឲ្យ​ប្រជា​សហគមន៍ និង​ព្រះសង្ឃ​នៅ​វត្ត​មេត្តា​ធម្មជាតិ ហៅ​វត្ត​ផ្កាឈូក នៅ​ភ្នំ​បូ​មៀរ ក្នុង​ស្រុក​ឱ​រ៉ា​ល់ ដែល​ជា​ក្រុម​តវ៉ា​ដ៏​ធំ កាន់តែ​មាន​គំនិត​ប្រឆាំង​នឹង​គម្រោង​អភិវឌ្ឍន៍​។ អ៊ីចឹង​ហើយ ទើប​សកម្មភាព​របស់​នាង ត្រូវ​គេ​ប្រដូច​ថា​ជា​ការចេញមុខ​រិះគន់​ចំពោះ​រដ្ឋាភិបាល ដែល​បាន​ផ្ដល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​មួយ ធ្វើ​ការអភិវឌ្ឍ​នៅ​តំបន់​នោះ​។ 

រូបថតពីហ្វេសប៊ុក

​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក ​(Facebook) មាន​ការកាត់ត​រូបភាព​ជា​ច្រើន ចោទ​ថា​នាង និង​ក្រុមប្រឆាំង​រដ្ឋាភិបាល គឺ​តែ​មួយ​។ ក្នុងនោះ ក៏​មាន​ការសរសេរ​ឲ្យ​នាង​ដកខ្លួន ដើម្បី​គេច​ពី​ការប៉ុនប៉ង​ពី​សំណាក់​អ្នក​កំពុង​ទទួល​ផល​ពី​ការបំផ្លាញ​ព្រៃឈើ​នៅ​ទីនោះ​ផងដែរ​។ 

​លោក​ សោភ័ណ្ឌ ឡា​រី តារា​ដែល​ហ៊ាន​ប្រឆាំង​រដ្ឋាភិបាល​បើកចំហរ បាន​ទទូច​កុំឲ្យ​ភ្ជាប់​សកម្មភាព​របស់​ មាស សុខ​សោភា ទៅ​ជាមួយ​ក្រុមបក្ខ​ប្រឆាំង ឬ​ក្រុម​វាយប្រហារ​ចំណាត់ការ​របស់​រដ្ឋាភិបាល​។ លោក​បញ្ជាក់ថា នោះ​គ្រាន់តែ​ជា​សកម្មភាព​មនុស្សធម៌ ដើម្បី​ពញាក់​អារម្មណ៍ឲ្យ​មនុស្ស​ចេះ​ស្រឡាញ់​ព្រៃឈើ និង​ចូលរួម​ការពារ​ព្រៃឈើ​ប៉ុណ្ណោះ គឺ​មិនមែន​ជា​ទង្វើ​ប្រឆាំង​ចំពោះ​ក្រុម​អ្នកដឹកនាំ​នោះទេ​។ អម​ដោយ​សារ​គាំទ្រ​នៅលើ​បណ្ដាញ​ដដែល​នោះ មាន​ការសរសេរ​បំភ័យ​ជាច្រើន ស្នើ​ឲ្យ​នាង​បញ្ឈប់​សកម្មភាព​នេះ​ចោល ដោយ​ពួកគេ​លើកឡើង​ឧទាហរណ៍​អាក្រក់​ជា​ច្រើន ថា​ជា​រឿង​មិន​គួរ​យក​ខ្លួន​បៀត​។ 

​មិន​ខុស​ពី​ការ​បំភ័យ លោក សោភ័ណ្ឌ ឡា​រី ដែល​ហ៊ាន​និយាយ​ពី​បញ្ហា​សង្គម ត្រូវ​គេ​ឃើញ​បាត់បង់​ទីផ្សារ​សម្តែង​រួច​ហើយ​ជា​គំរូ ខណៈ​ដែល​តារាចម្រៀង​នាង ទូច ស៊ុន​និច ក៏​ក្លាយជា​ជនពិការ ស្របពេល​ដែល​មាន​ការ​លើកឡើង​ថា​ព្រោះតែ​ហ៊ាន​ឈឺឆ្អាល​រឿង​សង្គម ដោយ​ចេញ​មុខ​ច្រៀង​ពាក់ព័ន្ធ​នឹង​ការបាត់បង់​ទឹកដី​កម្ពុជា​ក្រោម​។

​ឆ្លើយតប​នឹង​ការ​បំភ័យ​នេះ មាស សុខ​សោភា បាន​ប្រាប់​ក្នុង​កិច្ចសម្ភាសន៍​កាលពី​ល្ងាច​ថ្ងៃទី​៧ ខែកក្កដា តាម​ទូរស័ព្ទ​ថា នាង​មិន​ខ្លាច​នោះទេ ទោះជា​មាន​ការកាត់ត ឬ​បង្ហោះ​សារ​មួយ​ចំនួន  ភ្ជាប់​នាង​ទៅ​នឹង​ក្រុមប្រឆាំង​។ នាង​ថា​នេះ​ជា​សកម្មភាព​ដោយឡែក​ពីគ្នា​។ នាង​បញ្ជាក់ថា​«​ខ្ញុំ​អត់​ខ្លាច​ទេ ហើយ​ខ្ញុំ​នឹង​បន្ត​ដាំ​ដើមឈើ​ឲ្យ​គ្រប់​១​ម៉ឺន​ដើម និង​បន្ត​ចុះ​ទៅ​បំបួស​ដើមឈើ​នៅ​តំបន់​នោះ​តាម​គម្រោង ព្រោះ​ខ្ញុំ​គ្រាន់តែ​ធ្វើ​ដើម្បី​សង្គម គឺ​អត់​មាន​ប្រឆាំងនឹង​អ្នកណា​នោះ​ទេ​»​។​

រូបថតពីហ្វេសប៊ុក

ជាមួយ​ជំហរ​បន្ត​ទៅមុខ នាង​ក៏​អះអាងថា នាង​មមាញឹក​នឹង​គម្រោង​ស្វែងរក​មូលនិធិ​ក៏ដូចជា​អំពាវនាវ​ឲ្យមាន​យុវជន​ស្ម័គ្រចិត្ត ចូលរួម​បំបួស​ដើមឈើ និង​ដាំ​ដើមឈើ​ជាមួយ​នាង​នៅក្នុង​សហគមន៍​នោះ​នា​ពេល​បន្តបន្ទាប់​ផងដែរ ដើម្បី​ការពារ​តំបន់​ឱ​រ៉ា​ល់ពី​ការកាប់​រាន​ព្រៃឈើ​ខុសច្បាប់​។ 

​ការលះបង់​នេះ មាន​មនុស្ស​ភាគច្រើន​កោតសរសើ​រ និង​ទទូច​ឲ្យ​ក្រុម​សង្គម​ស៊ីវិល ពិសេស​មន្ត្រី​រដ្ឋាភិបាល ការពារ​សុវត្ថិភាព​របស់​នាង ដើម្បី​លើកទឹកចិត្ត​ឲ្យ​តា​រាល្បី​ផ្សេងទៀត ងាក​មក​គិត​ពី​សង្គម និង​ធម្មជាតិ ក្នុងពេល​កម្ពុជា​កាន់តែ​ហិច​ហោច​ព្រៃឈើ​ដោយ​អន្លើ​។ សកម្មភាព​របស់​នាង កំពុង​រុញ​ឲ្យ​មាស សុខ​សោភា ក្លាយ​ជា​តារា​គំរូ និង​ទទួល​ការចាប់អារម្មណ៍​ទ្វេគុណ​នៅក្នុង​ចង្កោម​មហាជន ទន្ទឹម​នឹង​បទ​ចម្រៀង «​ខ្ញុំ​ស្មោះ​គេ​! គេ​ស្មោះ​អ្នកផ្សេង​»​របស់​នាង កំពុង​ផ្ទុះ​ខ្លាំង​នាពេលនេះ​៕ 

​សរសេរ​មកកាន់​លោក វង្ស សុ​ម៉ា​លីន តាមរយៈ vongsomalin@yahoo.com 

What Next?

Recent Articles

7 Responses to "មាស សុខ​សោភា ច្រាន​ចោល​សកម្មភាព​ការពារ​ព្រៃឈើ​ជា​ការប្រឆាំង​រដ្ឋាភិបាល​​"

  1. Love Lhmer says:

    ទោះជាស្ថិតក្នុងចេតនាអ្វីក៏ដោយ ក៏នាងបង្ហាញពីការស្រឡាញ់ព្រៃឈើខ្មែរជាងខ្មែរមួយចំនួនតូច
    ដ៏ទៃទៀតដែរ។

  2. people says:

    you are a great girld that having good heart and help society.you born to be khmer help khmer help the poor and i bet alot of people love you .GOD be with you and bless you all the time.

  3. Bol says:

    អត្ថបទបានសរសេរថា សកម្មភាពរបស់នាង មាស សុខសោភា ជាសកម្មភាពប្រឆាំងរារដ្ឋាភិបាល គឺជាការញុះញង់ដ៏អាក្រក់។
    គួរតែគិតថា រាជរដ្ឋាភិបាលពិតជាមានកំហុសក្នុងការគ្រប់គ្រងព្រៃឈើ ពិតមែន។ តែការចូលរួមរបស់នរណាម្នាក់ដើម្បីការពារព្រៃឈើ ក្នុងរូបភាពដូចនាងនេះ គឺមិនមានន័យថាប្រឆាំង ទេ។ ផ្ទុយទៅវិញ មានន័យថាបានជួយរាជរដ្ឋាភិបាល ទៅវិញ។
    ចុះប្រសិនបើពលរដ្ឋគ្រប់ៗគ្នា ធ្វើដូចនាង តើយើងចាំបាច់មាន បង្កើតថ្ងៃរុក្ខទិវា ធ្វើអ្វី? ហើយព្រៃឈើក៏មិនវិនាស ដែរ!

  4. Nath in says:

    Who would criticise her for doing an excellent work for the whole Cambodia? She’s a good khmer citizen. She has an excellent job!

  5. 17 April says:

    បើគេគ្រាន់តែធ្វើឥចឹងទៅជាការប្រឆាំងនឹងរដ្ឋាភិបាល នោះ វាមានន័យថាអោយតែអ្នកណាមានគំនិត កសាង ថែរក្សា ការពារគឺប្រឆាំងនឹងរដ្ឋាភិបាល….ឥចឹងទេរដ្ឋាភិបាលសព្វថ្ងៃនេះគឺជារដ្ឋាភិបាលបំផ្លាញ បើអ្នកណាពូកែបំផ្លាញគឺមិនប្រឆាំងនឹងរដ្ឋាភិបាលទេមែនទេ…….ទើបនឹងឭទើបនឹងជួបក្នុងសម័យនេះ… (ភ្លើងមិនជាឆេះប៉ុន្មានទេតែវាយ៉ាបនឹងពួកអាហួចហៅខ្យល់….)

  6. បុគ្គលទ្បេទ្បឺ says:

    It’s would be appreciated to the Khmer song star Meas Soksorphea that she has a good activities to prevent jungle.

  7. love khmer says:

    អ្នកមានគំនឹតថានាងដាំដើមឈើប្រឆាំងរដ្ឋាភិបាលគឹអ្នកនោះជាអ្នកបំផ្លាញព្រៃឈើដោយគ្មានការខ្មាស់អៀន នាងគួរទទួល បានការលើកទឹកចិត្តជាជាងការបំភិតបំភៃ រដ្ឋាភិបាលគួរតែខ្មាស់នាង ដែលមិនបានការពារព្រៃឈើអោយបានគង់វង្សដូចសព្វថ្ងៃ៕