ដោយ យន់ សាមៀន
2014-07-07
RFA

សកម្មភាពប្រឈមមុខដាក់គ្នារវាងពលរដ្ឋជាមួយកម្លាំងសមត្ថកិច្ចចម្រុះនិងកម្មករក្រុមហ៊ុន ខេ.ឌី.ស៊ី នៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៧ កក្កដា ឆ្នាំ២០១៤។
RFA/Chin Chetha
សមាគមអាដហុក ប្រចាំខេត្តកំពង់ឆ្នាំង សំដែងក្តីបារម្ភថា គម្រោងរបស់សមត្ថកិច្ចក្នុងការចាប់ខ្លួនតំណាងពលរដ្ឋនៅភូមិឡពាង ដែលមានជម្លោះដីធ្លីជាមួយនឹងក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) អាចនាំឱ្យកើតមានអំពើហិង្សា។ ក្តីបារម្ភនេះ កើតមានឡើងបន្ទាប់ពីអ្នកភូមិប្រមាណ ៥០នាក់ បន្តយាម និងការពារកុំឲ្យសមត្ថកិច្ចចាប់ខ្លួនតំណាងរបស់ពួកគេ។
តំណាងអ្នកភូមិឡពាង លោកស្រី អ៊ុំ សុភី កាលពីយប់ថ្ងៃច័ន្ទ ទី៧ កក្កដា បញ្ជាក់ថា លោកស្រីនិងតំណាងពលរដ្ឋពីរនាក់ផ្សេងទៀត ដែលសមត្ថកិច្ចកំពុងព្យាយាមចាប់ខ្លួនបន្តស្នាក់នៅផ្ទះដោយមានកិច្ចការពារពីប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីនឹងអ្នកស្រី ជា ខេង ភរិយារដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល លោក ស៊ុយ សែម។
លោកស្រី អ៊ុំ សុភី អះអាងថា សមត្ថកិច្ចគ្រោងនឹងចាប់ខ្លួនអ្នកស្រី និងតំណាងពីរនាក់ផ្សេងទៀតនៅព្រឹកថ្ងៃអង្គារទី៨ កក្កដា នេះ ដោយសារពលរដ្ឋបានតវ៉ាប្រឆាំងនឹងការសាងសង់របងព័ន្ធយកដីអ្នកភូមិដែលកំពុងមានជម្លោះនឹងក្រុមហ៊ុន៖ «ខ្ញុំយល់ថា សមត្ថកិច្ចធ្វើបែបនេះ គឺបំបិទសិទ្ធិខ្ញុំហើយ គឺមិនឲ្យខ្ញុំជួយពលរដ្ឋទេ។ ពួកខ្ញុំស៊ូស្លាប់ទាំងអស់គ្នា»។
កម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ឆ្នាំង ប្រមាណជា ២០០នាក់ ប្រដាប់ដោយកាំភ្លើង ខែល និងដំបងឆក់ កាលពីថ្ងៃច័ន្ទ ទី៧ កក្កដា បានចុះអនុវត្តដីកាចាប់ខ្លួនតំណាងប្រជាពលរដ្ឋ ប៉ុន្តែត្រូវបរាជ័យ ដោយសារប្រជាពលរដ្ឋមានជម្លោះដីប្រមាណជា ៥០នាក់ បានប្រើកាំបិត ដំបង និងចម្ពាមកៅស៊ូបាញ់សន្ធាប់ទៅលើកម្លាំងសមត្ថកិច្ច។ បន្ទាប់មកពលរដ្ឋក៏បានប៉ះទង្គិចហិង្សា និងកម្មករក្រុមហ៊ុន ខេ.ឌី.ស៊ី បណ្ដាលឲ្យរងរបួសមួយចំនួន។
លោកស្រី អ៊ុំ សុភី បន្តថា ក្រោយពីមានការប៉ះទង្គិចគ្នាមក កម្មករក្រុមហ៊ុន ខេ.ឌី.ស៊ី បានប្រើប្រាស់ដុំថ្មគប់បំផ្លាញដំបូលផ្ទះរបស់អ្នកភូមិ។
កាលពីថ្ងៃទី៤ និងទី៥ ខែកក្កដា ពលរដ្ឋភូមិឡពាង ក៏បានប៉ះទង្គិចគ្នានឹងក្រុមកម្មករស៊ីឈ្នួលធ្វើរបង និងកាប់ព្រៃឲ្យក្រុមហ៊ុនបណ្ដាលឲ្យពលរដ្ឋប្រមាណ ១០នាក់រងរបួស។ ក្រោយពីការប៉ះទង្គិចរួមមក ពលរដ្ឋប្រកាសថា ពួកគេអស់ជំនឿលើសមត្ថកិច្ចថា អាចមានសមត្ថភាពដោះស្រាយជម្លោះដីធ្លីរបស់ពួកគេបាន។ អ្នកភូមិក៏ធ្វើពិធីដាក់បណ្ដាសាភរិយា លោក ស៊ុយ សែម និងមន្ត្រីសមត្ថកិច្ចមួយចំនួនដែលពាក់ព័ន្ធនឹងជម្លោះដីធ្លីនោះ។
មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តកំពង់ឆ្នាំង លោក សំ ច័ន្ទគា បញ្ជាក់ថា ក្រុមហ៊ុនបានសាងសង់របងរំលោភយកដីពលរដ្ឋដោយខុសច្បាប់។ លោកស្នើឲ្យភរិយាលោក ស៊ុយ សែម ដោះស្រាយជម្លោះដីធ្លីនឹងពលរដ្ឋនៅភូមិឡពាង ដោយសន្តិវិធី និងស្របច្បាប់ ដើម្បីធ្វើជាគំរូសម្រាប់ភរិយាមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលផ្សេងទៀត៖ «គាត់ធ្វើដោយគាត់អាងថា គាត់ជាប្រពន្ធរដ្ឋមន្ត្រី និងជាមន្ត្រីគណបក្សប្រជាជនកម្ពុជា គ្មាននរណាធ្វើអ្វីគាត់បាន គាត់ចេះតែបំពានច្បាប់តាមចិត្ត»។
លោក សំ ច័ន្ទគា ព្រមានថា ការរំលោភយកដីពលរដ្ឋដោយខុសច្បាប់នឹងបណ្ដាលឲ្យមានការប្រើប្រាស់ហិង្សាបង្ហូរឈាមគ្នាទៅថ្ងៃអនាគត។ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង លោក លី វីរៈ បានបិទទូរស័ព្ទនៅពេលអ្នកសារព័ត៌មានសាកសួរពីគម្រោងចុះចាប់តំណាងពលរដ្ឋ។ ចំណែកតំណាងក្រុមហ៊ុន ខេ.ឌី.ស៊ី លោក ថៃ ហ៊ី ក៏បដិសេធមិនធ្វើអត្ថាធិប្បាយចំពោះការចោទប្រកាន់ថា ក្រុមហ៊ុនកំពុងរំលោភច្បាប់ក្នុងការធ្វើរបងយកដីដែលកំពុងមានជម្លោះ។
ជម្លោះដីធ្លីរវាងប្រជាពលរដ្ឋនិងក្រុមហ៊ុន ខេ.ឌី.ស៊ី បានអូសបន្លាយអស់រយៈជិត ១០ឆ្នាំហើយ។ អ្នកភូមិចំនួន ៨៣គ្រួសារ បានប្ដឹងទាមទារដីទំហំជាង ១០០ហិកតារពីក្រុមហ៊ុនវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អ្នកបឹងកក់ប្ដឹងមន្ត្រីរដ្ឋាភិបាលពីបទពុករលួយ
- កងកម្លាំងសមត្ថកិច្ចចុះចាប់ខ្លួនតំណាងអ្នកភូមិឡពាង
- អ្នកភូមិនៅកំពង់ឆ្នាំងផឹកទឹកសម្បថប្ដេជ្ញាទាមទារដីពីក្រុមហ៊ុនខេ.ឌី.ស៊ី
- អ្នកភូមិជាង៩០គ្រួសារនៅឧត្ដរមានជ័យទាមទារដកតំណែងមន្ត្រីមូលដ្ឋាន
- ជនជាតិដើមភាគតិចនៅក្រចេះរារាំងក្រុមហ៊ុនវៀតណាមឈូសឆាយប៉ះលើដីចម្ការ
- ពលរដ្ឋនៅព្រះវិហារចោទក្រុមហ៊ុនដីសម្បទានចិនយកថ្នាំគីមីបាញ់បំផ្លាញស្រូវ
- ពលរដ្ឋប្រមាណ១០នាក់របួសពេលប៉ះទង្គិចគ្នាជាមួយកម្មករក្រុមហ៊ុនខេ.ឌី.ស៊ីនៅកំពង់ឆ្នាំង
- ពលរដ្ឋរិះគន់អាជ្ញាធរថាបើកដៃឲ្យឈ្មួញបូមខ្សាច់ចាក់លុបបឹងសំរោងនៅព្រែកព្នៅ
- សហគមន៍ទន្លេម្រេចមានទំនាស់ដីជាមួយក្រុមហ៊ុន ទ្រី ភាព នៅព្រះវិហារតវ៉ាមុខមន្ទីរបរិស្ថាន
នាងជំទាវអត់ក្រឹត រូបនេះវាធ្វើងោយខូចកិត្ដិយសគណបក្សប្រជនយើងយ៉ាងខ្លាំង! តើនាង១ហ្នឹងមានដីជាង ៣ម៉ឺនហិកតានៅពោធិសត្វ និង កំពង់ឆ្នាំង មិនចេះស្កប់ស្កល់ទេ រឺអ្វី? សម្ដេច នាយក គួរតែកំចាត់ពួកជំទាវខូចៗទាំងនេះ ដើម្បីស្ដារប្រជាប្រិយបក្សមកវិញ!!!
នាងជំទាវអត់ក្រឹត រូបនេះវាធ្វើអោយខូចកិត្ដិយសគណបក្សប្រជនយើងយ៉ាងខ្លាំង! តើនាង១ហ្នឹងមានដីជាង ៣ម៉ឺនហិកតានៅពោធិសត្វ និង កំពង់ឆ្នាំង មិនចេះស្កប់ស្កល់ទេ រឺអ្វី? សម្ដេច នាយក គួរតែកំចាត់ពួកជំទាវខូចៗទាំងនេះ ដើម្បីស្ដារប្រជាប្រិយបក្សមកវិញ!!!
ក្រាំងលាវមានឈ្មោះថាភូមិតិរិច្ឆាន ដោយសាអ្នកស្រុកបានងើបតតាំងនឹងបារាំង
រួចក៏បានសម្លាប់ បាដែស ព្រះរាជាសម័យនោះក៏ប្រទានងារ ភូមិក្រាំងលាវជា
ភូមិតិរិច្ឆាន ។ អីឡូវសម័យនេះ អ្នកភូមិឡពាងហ៊ានតតាំងមត្ថកិច្ចរបស់រដ្ឋាភិបាល
អាយ៉ងយួន ហើយការតតាំងនេះអាចខ្លាំងជាងអ្នកភូមិក្រាំងលាវ ចាំមើលថាតើ
ព្រះរាជានឹងប្រទានងារភូមិឡពាងជាភូមិអ្វី?