​ម​ន្រី្ត​កងរាជអាវុធហត្ថ​ថា ការហាម​ទូរទស្សន៍​មួយចំនួន​ចាក់ផ្សាយ​បន្ត​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក មិន​ខុស​ពី​សមត្ថកិច្ច​ខ្លួន​​

ដោយ៖​ ​ប្រែ​ង សត្យា​ភិរក្ស​
ថ្ងៃអង្គារ ទី8 កក្កដា 2014
http://vodhotnews.com

​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ថា ការ​ចេញ​សេចក្ដីជូនដំណឹង​ហាម​ទូរទស្សន៍​មួយចំនួនផ្សាយ​បន្ត​ពី​ទូរទស្សន៍​បរទេស នូវ​ព្រឹត្តការណ៍​បាល់ទាត់​ពិភពលោក ដោយ​គ្មាន​ការអនុញ្ញាត​ពី FIFA ស្ថិតក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។​

​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស  លោក ខេង ទី​តូ កាលពី​ថ្ងៃ​ចន្ទ ទី​៧ ខែកក្កដា ប្រាប់​VOD​ថា  កងរាជអាវុធហត្ថ​ចេញ​សេចក្ដីជូនដំណឹង​នោះ ដោយសារ​មាន​ពាក្យបណ្ដឹង​សុំ​អន្តរាគមន៍​ពី​ទូរទស្សន៍​CTN និង MYTV ដាក់​មក​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដោយ​បញ្ជាក់​ពី​ការរំលោភ​សិទ្ធិ​របស់​ទូ​រទស្ស​ន៍​មួយ​ចំនួន ក្នុងការ​ផ្សាយ​បន្ត​ផ្ទាល់​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​។

​ទោះ​យ៉ាងណា​ក្ដី លោក ខេង ទី​តូ បញ្ជាក់ថាការអន្តរាគមន៍​ក្នុងករណីនេះ មិន​បាន​រំលោភ​ទៅលើ​ដែន​សមត្ថកិច្ច​របស់​ក្រសួង​ដទៃ​នោះទេ ព្រោះ​កងរាជអាវុធហត្ថ​មាន​តួនាទី​ទទួលយក​បណ្ដឹង និង​ដោះស្រាយ​បញ្ហា​ជូន​ប្រជា​ពលរដ្ឋ​គ្រប់រូប ស្រប​ទៅតាម​នីតិវិធី​ច្បាប់​។​

​សេចក្ដីជូនដំណឹង​របស់​កងរាជអាវុធហត្ថ បាន​ព្រមាន​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ចំពោះ​ទូរទស្សន៍​ដែល​មិន​អនុវត្តតាម​សេចក្ដីជូនដំណឹង​នេះ​។​
​    ​
​មន្ត្រី​ក្រសួង​ព័ត៌មាន​ម្នាក់​សុំ​មិន​បញ្ច​ញ​ឈ្មោះ និង​សំឡេង ឲ្យ​VOD​ដឹងថា ក្រសួង​ព័ត៌មាន​ក៏​បាន​ទទួល​នូវ​ពាក្យបណ្ដឹង​របស់​ទូរទស្សន៍ CTN និង MYTV ដូចគ្នា ហើយ​បាន​ឲ្យ​ភាគី​រង​បណ្ដឹង​ស្រាយ​បំភ្លឺ​ក្នុង​ករណី​នេះ​ដែរ​។ ប៉ុន្តែ​លោក​យល់ឃើញថា ដោយសារ​ចំណាត់ការ​របស់​ក្រសួង​មាន​ការយឺតយ៉ាវ ទើប​ខាង​ភាគី​បណ្ដឹង​ស្នើសុំ​អន្តរាគមន៍​ពី​ខាង​កងរាជអាវុធហត្ថ​វិញ​។​

VOD មិនអាច​ទាក់ទង​អ្នកគ្រប់គ្រង​ស្ថានីយទូរទស្សន៍ CTN និង MyTV ដើម្បី​សុំ​ការបំភ្លឺ​ទាក់ទង​នឹង​ករណី​នេះ​បាន​នៅឡើយ​ទេ​។​

​ពាក់ព័ន្ធ​នឹង​ករណី​នេះ អ្នកវិភាគ​ព្រឹត្តិការណ៍​សង្គម លោក អ៊ូ វីរៈ មានប្រសាសន៍ថា ការចេញលិខិត​អន្តរាគមន៍​របស់​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ពាក់ព័ន្ធ​នឹង​ករណី​នេះ គឺ​មិន​ត្រឹមត្រូវ​តាម​ដែន​សមត្ថកិច្ច​របស់​ខ្លួន​នោះទេ​។ លោក​ចាត់ទុកថា ករណី​នេះ​គួរតែ​ក្រសួង​ព័ត៌មាន​ជា​អ្នក​មាន​សមត្ថកិច្ច​អន្តរាគមន៍​ស្រប​តាម​នីតិវិធី​ច្បាប់​។

កាលពី​ថ្ងៃ​ទី​០៤ ខែកក្កដា កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ចេញ​លិខិត​ជូន​ដំណឹង​មួយ ដោយ​មាន​ហត្ថលេខា​មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក វង្ស ពិ​សេន ស្នើ​ឲ្យ​ប៉ុស្តិ៍​ទូរទស្សន៍​មួយចំនួន​ក្នុង​ប្រទេស​កម្ពុជា បញ្ឈប់​ការផ្សាយ​បន្ត​ផ្ទាល់​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០១៤ តាម​ការស្នើសុំ​របស់​ទូ​រ​ទស្សន៍ CTN និង MYTV​៕

សូមសរសេរមកលោក ​ប្រែ​ង សត្យា​ភិរក្ស តាមរយៈ phireak1988.kth@gmail.com

What Next?

Recent Articles