ដោយ៖ ញឹម សុខន
ថ្ងៃពុធ ទី9 កក្កដា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
កម្លាំងនគរបាល ត្រូវបានដាក់ពង្រាយនៅតាមភូមិតាមគុម្ពោតព្រៃ (រូបថត៖ ញឹម សុខន)
ប្រជាពលរដ្ឋមានជម្លោះដីធ្លីនៅភូមិឡពាង អះអាងនៅថ្ងៃពុធនេះថា កងកម្លាំងនគរបាលដែលពង្រាយនៅភូមិឡពាង គឺដើម្បីបំបាក់ស្មារតីប្រជាពលរដ្ឋមិនឲ្យចេញតវ៉ា ការឈូសឆាយដី និងធ្វើព្រំពីសំណាក់ក្រុមហ៊ុន KDC។
តំណាងប្រជាពលរដ្ឋមានជម្លោះដីធ្លីនៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង អ្នកស្រី អ៊ុំ សូភី ឲ្យVODដឹងនៅថ្ងៃពុធទី៩ ខែកក្កដាថា កម្លាំងនគរបាលជាង៣០០នាក់ ត្រូវបានដាក់ពង្រាយនៅតាមភូមិតាមគុម្ពោតព្រៃ ព័ទ្ធភូមិដើម្បីចាប់ខ្លួនតំណាងប្រជាពលរដ្ឋ៣នាក់ ក្នុងនោះមានអ្នកស្រី អ៊ុំ សូភី ផ្ទាល់ និងតំណាង២រូបទៀត គឺលោកស្ងួន ញឿន និងលោកសៀង ហេង។ អ្នកស្រីបន្តថា មានកម្លាំងនគរបាលជាច្រើននៅជិតគ្រឿងចក្ររបស់ក្រុមហ៊ុន KDC ហាក់ដូចជាការពារ និងលើកទឹកចិត្តឲ្យកម្មករក្រុមហ៊ុននេះឲ្យធ្វើការឲ្យបានលឿន និងជាការបំភិតបំភ័យប្រជាពលរដ្ឋមិនឲ្យហ៊ានការពារដីជម្លោះនោះ។ អ្នកស្រីអំពាវនាវឲ្យកងកម្លាំងនគរបាលទាំងនោះ ជួយទប់ស្កាត់កម្មកររបស់ក្រុមហ៊ុន KDC កុំឲ្យបន្តឈូសឆាយដី និងធ្វើព្រំតទៅទៀត រង់ចាំដល់មានដំណោះស្រាយសមស្របសម្រាប់ពួកគាត់សិន។
អ្នកស្រី អ៊ុំ សូភី អះអាងថា ប្រជាពលរដ្ឋនឹងមិននៅស្ងៀមទេ នឹងចេញតវ៉ាបន្តទៀត រហូតដល់មានដំណោះស្រាយជាសំណងសមរម្យដល់ពួកគាត់។
ពាក់ព័ន្ធនឹងការលើកឡើងនេះ អធិការនគរបាលស្រុកកំពង់ត្រឡាច លោកហ៊ុល វាសនា ដែលដឹកនាំកម្លាំងទៅភូមិឡពាង មានប្រសាសន៍ថា លោកមានឋានៈតូចតាច គ្មានតួនាទីដោះស្រាយជម្លោះនោះទេ ប៉ុន្តែមានភារកិច្ចឃ្លាំមើលសភាពការណ៍។
មន្ត្រីស៊ើបអង្កេតនៃសមាគមអាដហុក លោកចាន់ សុវ៉េត មានប្រសាសន៍ថា ទោះបីជាមានដំណោះស្រាយផ្ដល់សំណងដល់ប្រជាពលរដ្ឋជាបន្តបន្ទាប់ក្ដី ប៉ុន្តែនៅមានប្រជាពលរដ្ឋមួយចំនួនទៀត មិនទាន់បានទទួលសំណងជាមូលហេតុ ធ្វើឲ្យពួកគាត់តវ៉ាការពារដីពួកគាត់។ លោកបន្តថា អាជ្ញាធរមានសមត្ថកិច្ចហាក់ដូចជាមុខសញ្ញាមួយនៃការគំរាមកំហែងប្រជាពលរដ្ឋមិនឲ្យចេញតវ៉ា។
ប្រជាពលរដ្ឋអះអាងថា ជម្លោះដីធ្លីជាមួយក្រុមហ៊ុន KDC របស់លោកស្រីជា ខេង ភរិយាលោក ស៊ុយ សែម បានអូសបន្លាយអស់រយៈពេល៨ឆ្នាំមកហើយ។ ប្រជាពលរដ្ឋចោទថា ក្រុមហ៊ុន KDC នេះ បានរំលោភយកដីពលរដ្ឋ១៤៥ហិកតានៅ ភូមិឡពាង ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង តាំងពីឆ្នាំ២០០៧៕


រថយន្តពេទ្យ និងរថយន្តសមត្ថកិច្ច ដាក់ប្រចាំការនៅកន្លែងដីមានជម្លោះ (រូបថត៖ ញឹម សុខន)
សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com