Wed, 9 July 2014
សូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ អ្នកស្រី ផាន់ សម្ផស្ស ធ្លាប់បានអះអាងដោយភាពប្រាកដប្រជា ប្រាប់ភ្នំពេញ ប៉ុស្តិ៍ ថា «ដ្បិតបើ សក្ខណា ទើបចេញទៅរស់នៅអាមេរិកជាមួយស្វាមីមិនទាន់បានកន្លះឆ្នាំក៏ពិតមែន ប៉ុន្តែនាងនឹងមានសិទ្ធិអាចចុះឡើងមកស្រុកខ្មែរបាននៅក្នុងខែខាងមុខ (បើមិនចុង មិថុនា ដើមខែកក្កដា) ដើម្បីថតភាពយន្តខ្នាតធំ។ ប៉ុន្តែនៅពេលនេះមានការចោទសួរថា តើប្រាកដទេ ថា សក្ខណា នឹងមិនធ្វើឲ្យម្ចាស់ផលិតកម្មខកចិត្ត?
ម្តាយតារាស្រីរូបនោះបានអះអាងទៀតថា ដោយសារមានប្តីជាមេធាវីរត់ឯកសារឲ្យគ្រប់យ៉ាង ដូច្នេះ សក្ខណា នឹងឆាប់ទទួលបាន Green Card។ អ្នកស្រីបន្តថា បើបានភ្លាម សក្ខណា នឹងស្រូតរួតរះឡើងយន្តហោះមកស្រុកខ្មែរភ្លាមដែរ»។
ដំណើរចង់វិលមកស្រុកកំណើតបែបអន្ទះសា ក្រោយពីវេចសម្ពាយចេញទៅរស់នៅទឹកដីមហាអំណាចសម្បូរដុំដុល្លារ ដើម្បីរួមរស់ជាមួយប្តី ប្រមាណមិនទាន់កន្លះឆ្នាំស្រួលបួលរបស់តារាសម្តែងសម្រស់ស៊ីកាមេរ៉ា ម្ចាស់ពានអាណាចក្រតារាផ្នែកតារាមានប្រជាប្រិយ អ្នកនាង សារ៉ាយ សក្ខណា ត្រូវបានម្តាយនាងអះអាងថា មិនមែនមកក្នុងដំណើរនឹកស្រុកនឹកម្តាយ ឬមានបញ្ហាអ្វីក្នុងជីវិតនោះទេ ពោលគឺនាងមកដើម្បីថតរឿង។
អ្នកស្រីសម្ផស្ស បានបញ្ជាក់ថា៖ «សក្ខណា មកទទួលតំណែងថតភាពយន្តដុំ ជាតួឯកដល់ទៅពីររឿងជាប់គ្នាទៀតផង ព្រោះផលិតកម្ម ចាំបាច់ត្រូវការនាង»។
ប៉ុន្តែជាមួយការសាទរទាំងផលិតករ និងអ្នករង់ចាំទស្សនាចំពោះវត្តមានតារារូបនេះសម្តែងជាថ្មីនោះ ស្រាប់តែលេចដំណឹងខកចិត្តថា តារារូបនេះមិនអាចវិលមកស្រុកកំណើតទទួលតំណែងនេះ បានតាមការគ្រោងទុកឡើយ។ ជុំវិញការខកដំណើរមិនបានវិលតាមការប្រកាសនោះ អ្នកស្រី ផាន់ សម្ផស្ស ប្រាប់ថា៖«សក្ខណា មិនអាចមកស្រុកខ្មែរបានតាមការគ្រោងទុកនោះទេ»។
អ្នកស្រីសម្ផស្សឲ្យដឹងថា៖«ដំបូង សក្ខណា ត្រូវទទួល Green Card ដែលជាឯកសារអាចឡើងចុះសហរដ្ឋអាមេរិកដោយសេរី មុនទទួលសញ្ជាតិអាមេរិក តាំងពីអំឡុងខែមុន ម្ល៉េះ ដោយសារតែមានស្វាមីនាង ជាមេធាវី គាត់ជាអ្នកដាក់ពាក្យរត់ច្បាប់ឲ្យ សក្ខណា។ ប៉ុន្តែពេលនេះ Green Card ដែលត្រូវចេញឲ្យ សក្ខណា ដែលរំពឹងធ្លាក់ ខែកក្កដា ត្រូវខាងមន្រ្តីអាមេរិកពន្យារពេលចេញឲ្យ»។
យ៉ាងណាក៏ដោយ មិនត្រូវបានអ្នកស្រី សម្ផស្ស យល់ថា នោះជាកំហុសកូនស្រីខ្លួនឡើយ ដោយអ្នកស្រីដាក់បញ្ហានោះ បង្កឡើងពីមន្ត្រីអាជ្ញាធររបស់សហរដ្ឋអាមរិក ទើបធ្វើឲ្យកូនខកគម្រោងមកថតកុនដែលត្រូវគេដឹងឮភាគច្រើនរួចទៅហើយនោះ។
ជាមួយគ្នានោះស្រីសម្ផស្ស ក៏អះអាងផងដែរ ថាចំពោះដំណើរខកខានមិនបានមកថតកុនតាមការចង់បានរបស់ផលិតកម្មនោះ ក៏មិនមានបញ្ហាអ្វីកើតឡើងនោះដែរ។ អ្នកស្រីប្រាប់ថា៖«មិនមានការចុះកុងត្រាអ្វីនោះទេ ពួកយើងនិយាយគ្នាដោយពាក្យសម្ដីប៉ុណ្ណោះ»៕