​បទ​យកការណ៍​៖ ​ពលរដ្ឋ​បាន​ត្រឹម​សម្រក់​ទឹកភ្នែក​ពេល​ឃើញ​គ្រឿងចក្រ​ក្រុមហ៊ុន​រំលោភ​យក​ដី​

ដោយ៖​ ថុល ស្រី​លក្ខណ៍ និង ញឹម សុខន​
ថ្ងៃអង្គារ ទី15 កក្កដា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

អ្នកស្រី អ៊ុំ សុភី តំណាងអ្នកភូមិឡពាង

​​ទី​បំផុត​ទៅ ក្រុមហ៊ុន​ឯកជនរបស់​មន្ត្រី​មាន​អំណាច​មួយ បាន​ប្រើ​គ្រឿងចក្រ​ឈួសឆាយ ធ្វើ​របងកំណត់​ព្រំ​ដី​មួយកន្លែង នៅ​ភូមិ​ឡ​ពាង​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំងដោយ​មិន​រង់ចាំ សេចក្តីសម្រេចពី​តុលាការ ករណី​ជម្លោះ​ដី​ដ៍​រាំ​រ៉ៃ​នេះឡើយ​។​

​ក្រុមហ៊ុន​នោះ ត្រូវបាន​អ្នកភូមិ​ឡ​ពាង​ចាំ​ស្ទើរត់​មាត់គ្រប់ៗ​គ្នា​ថា ឈ្មោះ​ KDC​របស់​លោកស្រី ជា ខេង ភរិយា​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល មកពី​គណបក្ស​ប្រជាជន​កម្ពុជា​។​

​នៅ​ចម្ងាយ​ប្រមាណ​៣​ទៅ​៤​ម៉ែត្រ ពី​ការដ្ឋាន​ក្រុមហ៊ុន  អ្នកភូមិ​ឡ​ពាង អ្នកស្រី អ៊ុំ សុ​ភី ប្រាប់​VOD ដោយ​ធ្វើ​កាយវិការ ដៃ​ម្ខាងចង្អុល​ទៅ​គ្រឿងចក្រ ដែល​កំពុង​ឈូសឆាយ  និង​ដៃ​ម្ខាង​ម្ខាង​ទៀត ជូត​ទឹកភ្នែក​បណ្តើរ​។ អ្នកស្រី រៀបរាប់ទាំង​អួលដើមក​ថា ជិត​១០​ឆ្នាំ​មកនេះ ពួកគេ​បាន​ដាក់​ពាក្យបណ្តឹង ទៅ​តុលាការ រួម​ទាំង​ស្ថាប័ន​ជាតិ​ធំៗ​សរុប​ជាង​១២០​បណ្តឹង​មកហើយ  ដើម្បី​សុំ​អន្តរាគមន៍​ទប់ស្កាត់ កុំ​ឲ្យ​ក្រុមហ៊ុន​រំលោភ​យក​ដី​អ្នកភូមិ​។​

 តំណាង​អ្នក​ភូមិ​រូបនេះ បន្តថាអ្វី​ដែល​ពួកគេ​ទ​ទូល​បាន​មក​វិញ ពី​ស្ថាប័ន​ទាំងនោះគឺ​តំណាង​អ្នកភូមិ​៦​នាក់​ដែល​ចេញមុខ​តវ៉ា ត្រូវបាន​ក្រុមហ៊ុន​ចាប់​ដាក់​ពន្ធនាគារ និង​១២​នាក់​ផ្សេង​ទៀត​រួម​ទាំង​អ្នកស្រី​ផង​កំពុង​ជាប់​បណ្តឹង​។​

​អ្នកស្រី​អ៊ុំ សុ​ភី ឲ្យដឹងទៀតថាពិសេស​ជាងនេះទៅទៀត ពេល​នេះ​ក្រុមហ៊ុន បាន​ជួល​កម្មករ​ប្រមាណ​៣០០​នាក់​ប្រដាប់​ដោយ​កាំបិត និង​អាវុធ​ផ្សេងទៀត សម្រាប់​ទប់ទល់​នឹង​អ្នកភូមិ ដែល​ហ៊ាន​ចេញ​តវ៉ា​។ រីឯ​សមត្ថកិច្ច​ចម្រុះ​ជិត​២០០​នាក់ បាន​ដាក់ពង្រាយ​ឡោម​ព័ទ្ធ​ភូមិ គំរាម អ្នក​ការពារ​ដី​មិនឲ្យ​ចេញមុខ​រារាំង​សកម្មភាព​ធ្វើ​របង​របស់​ក្រុមហ៊ុន​ព័ទ្ធ​យក​ដី​អ្នកភូមិ​។​

​អ្នកភូមិ​អះអាងថា អ្នកស្រី អ៊ុំ សុ​ភី បាន​ចេញ​មុខ​យ៉ាង​សកម្ម​ប្រឆាំង លោក ស្រី​ជា ខេង ជា​ប្រធាន​ក្រុមហ៊ុន KDC ដើម្បី​ការពារ​ដី​អ្នក​ភូមិ   រហូត​បាត់បង់​តួនាទី​ជា​គ្រូបង្រៀន ដូចនេះហើយ​ទើប​ពួកគេ​ហៅ​អ្នកស្រី​អ៊ុំ សុ​ភី​ថា​ជា​តំណាង​អ្នក​មាន​ជម្លោះ​ដីធ្លី​។​

​តំណាង​អ្នក​ភូមិ​រូបនោះ ឲ្យដឹងទៀតថា ជម្លោះ​អូសបន្លាយ​ជិត​១០​ឆ្នាំ​មកនេះ   ធ្វើឲ្យ​ពួកគេ​ជួប​គ្រោះ​អត់ឃ្លាន ដោយ​គ្មាន​ដី​សម្រាប់​បង្កបង្កើន​ផល ជា​កត្តា​ជំរុញ​ឲ្យ​កុមារ បោះបង់​ការសិក្សា ហើយ​ពលរដ្ឋ​ខ្លះ​ចេញទៅ​រក​ការងារ នៅ​ក្រៅ​ប្រទេស​ដោយ​ខុសច្បាប់ ប្រឈម​នឹង​គ្រោះថ្នាក់​។​

កុមារា​អាយុ​១៣​ឆ្នាំ ឲ្យដឹងថា រូប​គេ​ឈប់​ទៅ​រៀន តាំងពី​៣​ឆ្នាំមុន ដោយសារ​គ្រួសារ​ក្រីក្រ ហើយ​ពេលនេះ ឈ្លៀត​មកលេង​ផ្ទះ បាន​ពីរ បី​ថ្ងៃ នឹង​គ្រោង​ត្រឡប់​ទៅ​ធ្វើ​កម្មករ​លើ​ទូក​នេសាទ​នៅ​ប្រទេស​ថៃ​វិញ នា​ពេល​ឆាប់ៗ​នេះ​ដើម្បី​ជួយ​សម្រួល​បន្ទុក​ម៉ែឪ​។

​តំណាង​អ្នក​ភូមិ​ឡ​ពាង​ម្នាក់ទៀត ដែល​ពេល​នេះ មិន​បាន​ចេញមុខ​សកម្មក​តវ៉ា គឺ​លោក ស សុង ដែល​តុលាការ​ធ្លាប់​ចាប់​ដាក់​ពន្ធនាគារ អស់​៦​ឆ្នាំ ដោយសា​តែ​ប្រឆាំង​នឹង​ក្រុមហ៊ុន របស់​លោកស្រី ជា ខេង ដើម្បី​ការពារ​ដី​អ្នក​ភូមិ​នោះ ឲ្យដឹង​ពេល​ស្កាត់​ជួប​នៅ​ចំការ ជិត​ផ្ទះ​របស់​លោក​ថា អ្នកភូមិ​ដែល​កំពុង​តវ៉ា​នោះ ពួកគេ​ពិតជា​មាន​ដី​នៅ​កន្លែង​ដែល​ក្រុមហ៊ុន​កំពុង​វាទ​យក​នោះ​មែន​។​ប៉ុន្តែ​លោក ហាក់​គ្មាន​ជំនឿ​ថា ប្រព័ន្ធ​យុត្តិធម៌​បច្ចុប្បន្ននេះ នឹង​ស៊ើបអង្កេត​រក​ការពិត​ទេ​។​

​បុរស​វ័យ​៦០​ឆ្នាំ​រូប​នោះ ក្រើនរំលឹក​ដល់​ក្រុមអ្នកតវ៉ា​ឲ្យ​ចេះ​សាមគ្គី​គ្នា និង​ប្រយ័ត្ន​ចាញ់​ឧបាយកល​មនុស្ស​ខិលខូច​មួយចំនួន​ដែល​ក្រុមហ៊ុន រៀបចំ​ញុះញង់​ឲ្យមាន​ហិង្សា ហើយ​ប្រើ​តុលាការ​ចាប់ខ្លួន ។​

​យ៉ាងនេះក្តីកាលពី​ថ្ងៃ​ទី​១​ខែកក្កដា​ឆ្នាំ​២០១៤ ក្រសួង​យុត្តិធម៌ ចេញ​លិខិត​អន្តរាគមន៍​មួយ ទៅ​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង  ដោយយោង​តាម​បណ្តឹង​អ្នកភូមិ ៨៩​គ្រួសារ នៅ​ឃុំ​តា​ជេស​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង​នោះ​។​

​ក្រសួង​យុត្តិធម៌ បញ្ជាក់​ក្នុង​លិខិត​នោះ ថា ជម្លោះ​ដី​នេះ ស្ថិតក្នុង​ដែន​សមត្ថកិច្ច​របស់​តុលាការ​នៅ​ឡើយ ដូចនេះ ក្រសួង​ស្នើ​ចៅក្រម និង​ព្រះរាជអាជ្ញា សាលាដំបូង​ខេត្ត​នេះ​ពិចារណា​តាម​នីតិវិធី​ច្បាប់​។​

​ប៉ុន្តែ​អ្នក​ភូមិ​អះអាង​ថា​មក​ដល់ពេលនេះ លោកស្រី ជា ខេង មិនបាន បញ្ឈប់​សកម្មភាព​គ្រឿងចក្រ​ឈូសឆាយ​លើ​ដី​ជម្លោះ តាម​លិខិត​អន្ត​រគ​មន៍​របស់​ក្រសួង​យុត្តិធម៌​ទេ​។​

តំណាងរាស្ត្រ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា លោកស្រី ឡោ ខេង ដែល​អ្នក​ភូមិ អះអាងថា ធ្លាប់​ហៅ​តំណាង​អ្នក​ភូមិ​ទៅ​ជួប​ដើម្បី​សម្របសម្រួល​ជំនួស​លោក​ស្រី ជា ខេង ឲ្យ​VOD​ដឹងថា គាត់​មិនដឹង ពី​លិខិត​អន្តរាគមន៍ របស់​ក្រសួង​យុត្តិធម៌​ទេ ប៉ុន្តែ​លោកស្រី បញ្ជាក់ថា ក្រុមហ៊ុន KDC កំពុង​ព្យាយាម​ដោះស្រាយ ដើម្បី​បញ្ចប់​ជម្លោះ​នោះ​។

​កន្លង​ទៅ​លោក ស្រី ជា ខេង ធ្លាប់​ចុះ​ដោះស្រាយ​ម្តង​ហើយ ដោយ​បាន​ផ្តល់ប្រាក់ ទៅ​អ្នក​ភូមិ​មួយចំនួន​ដែល​តវ៉ា ដើម្បី​បញ្ចប់​ជម្លោះ​។ ប៉ុន្តែ​ពេលនោះ អ្នកភូមិ​១៦​គ្រួសារ​ផ្សេង​ទៀត ច្រានចោល រួច​ប្រកាស​ចេញ​តវ៉ា​ជា​ថ្មី​។​
​ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​អាដហុក លោក ចាន់ សុ​វេត យល់ថា ជម្លោះ​ដី​នៅ​ភូមិ​ឡ​ពាង​នេះ ដោយសារ​អ្នក​មាន​អំណាច​មិន​គោរព​ច្បាប់​។

​យ៉ាងណា​ក៍ដោយ តំណាង​អ្នក​ភូមិ​អះអាងថា​ក្រុមហ៊ុន KDC ពិតជា​បាន​ទិញ​ដី​មួយចំណែក​ខ្លះ នៅ​តំបន់​នោះ ដើម្បី​អភិវឌ្ឍន៍ ប៉ុន្តែ​មក​ដល់ពេលនេះ ពួកគេ​៨៩​គ្រួសារ​ទៀត មាន​ដី​ជាង​១៨២​ហិកតា ត្រូវបាន​ក្រុមហ៊ុន​កំពុង​ធ្វើ​របង​ព័ទ្ធ​យក  ដោយ​មិន​ទាន់​ផ្តល់​សំណង​។​

​កន្លង​ទៅ​កម្តៅ​នៃ​ជម្លោះ​ដីធ្លី​ជាមួយ​អ្នកមាន​អំណាច​បាន​រលត់ទៅវិញ ដោយសារ​ប្រមុខ​រដ្ឋាភិបាល​ចេញ​អន្តរាគមន៍ ដូចជា​ករណី​កាត់​ដី​នៅ​តំបន់​បឹង​កក់​ជាង​១២​ហិកតា​ឲ្យ​អ្នក​តវ៉ា​វិញ ការចេញ​អនុក្រិត្យ​កាត់​ដី​នៅ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ ទំហំ​៧៥០​ហិកតា​ឲ្យ​អ្នក​តវ៉ា​ជា​ដើម​។​

​តើ​ជម្លោះ​ដី​នៅ​ភូមិ​ឡ​ពាង​វិញ អាច​បញ្ចប់​បាន​នៅពេលណា​?

របងរបស់ក្រុមហ៊ុន KDC

សូមសរសេរមកកាន់អក្នស្រី ​ថុល ស្រី​លក្ខណ៍ និងលោក ញឹម សុខន តារមយៈ sreyleak@vodhotnews.com និង sokhorn@vodhotnews.com

What Next?

Recent Articles