ដោយ៖ ឡុង គីមម៉ារីតា
ថ្ងៃអង្គារ ទី15 កក្កដា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មើលរូបភាពបន្ថែម
ការធ្វើកូដកម្មបិទផ្លូវរបស់រោង អូសេអង់ (រូបដោយ៖ឡុង គីមម៉ារីតា )
កម្មករកាត់ដេរប្រមាណ៦០០នាក់ នៅរោងចក្រអូសេអង់ ស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃអង្គារនេះ ធ្វើកូដកម្ម បិទផ្លូវជាតិលេខ៤ ដើម្បីជំរុញឲ្យភាគីរោងចក្រ និងស្ថាប័នពាក់ព័ន្ធ អន្តរាគមន៍ដោះស្រាយបញ្ហារបស់ខ្លួន។
ការបិទកំណាត់ផ្លូវជាតិលេខ៤នេះ ធ្វើឡើងចាប់តាំងពីម៉ោង៨ព្រឹក ដែលបណ្តាលឲ្យមានការកកស្ទះចរាចរណ៍។ រហូតមកដល់ម៉ោង៦ល្ងាចថ្ងៃអង្គារនេះ មិនទាន់មានភាគីរោងចក្រ ឬមន្ត្រីស្ថាប័នពាក់ព័ន្ធចេញមុខដោះស្រាយនៅឡើយទេ។
អគ្គលេខាសហជីពចលនាកម្មករលោក ហ៊ួន វណ្ណា ប្រាប់ VODថាកម្មករឈានដល់ការបិទផ្លូវនេះ ដោយសារភាគីរោងចក្រមិនចេញមកដោះស្រាយ ហើយនៅតែបន្តអូសបន្លាយពេលវេលា និងមិនគោរពទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលតម្រូវឲ្យរោងចក្រផ្តល់ប្រាក់ឈ្នួល១០០% នៃប្រាក់ខែ ១០៤ដុល្លារ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ២៤ដុល្លារទៀត ក្នុងកំឡុងពេលក្រុមហ៊ុនព្យួរការងារកម្មករ ។ ក៏ប៉ុន្តែ ភាគីរោងចក្រផ្តល់ឲ្យ កម្មករតែត្រឹមតែ៥០ ដុល្លារប៉ុណ្ណោះ។ លោកបានបន្តថា ថ្ងៃនេះបើនៅតែមិនមានដំណោះស្រាយ កម្មករទាំងអស់នឹងបន្តធ្វើកូដកម្ម និងហែក្បួនទៅក្រសួងការងារ ឬផ្ទះលោកនាយករដ្ឋមន្ត្រី។
តំណាងកម្មកររោងចក្រអូសេអង់ អ្នកស្រី កែវ គីមហ៊ាងនិយាយថា ការធ្វើបាតុម្មរបស់ កម្មករនៅក្នុងរោងចក្រជារៀងរាល់ថ្ងៃ ហាក់គ្មានស្ថាប័នពាក់ព័ន្ធណា មកជួយដោះស្រាយ ជូនពួកគាត់នោះទេ ហើយនៅពេលនេះ កម្មករកំពុងប្រឈមនឹកការខ្វះខាត ព្រមទាំងដល់ពេលគេយកលុយថ្លៃផ្ទះផងដែរ។
អ្នកចាត់ការទូទៅប្រចាំរោងចក្រអូសេអង់ ជនជាតិបង់ក្លាដេស លោក សាឡួឌិន (Salauddin) ប្រាប់VODថា រោងចក្រពុំមានលទ្ធភាពផ្តល់ឲ្យកម្មករបន្ថែមទៀត ទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលនោះទេ ព្រោះរោងចក្របានតម្លើងអស់ពីសមត្ថភាពហើយ។ លោកបន្តថា ការធ្វើកូដកម្មបិទផ្លូវរបស់កម្មករ គឺជារឿងខុសច្បាប់។
អគ្គលេខាធិការរងគណៈកម្មការសម្រាប់ដោះស្រាយកូដកម្ម និងបាតុកម្មទៅតាមគ្រប់មុខសញ្ញានៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក វង្ស សុវណ្ណ មានប្រសាសន៍ថា កម្មករដែលចូលរួមបាតុកម្មទាំងអស់ គួរតែគោរពច្បាប់ក្នុងការធ្វើកូដកម្ម ដោយកុំធ្វើការបិទ ផ្លូវនាំឲ្យមានការកកស្ទះចរាចរណ៍។ លោកបន្ថែមថា បើភាគីរោងចក្រនៅតែមិនគោរពទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល កម្មករគួរតែដាក់ពាក្យបណ្តឹងទៅតុលាការ ជាជាងការធ្វើកូដកម្មកបិទផ្លូវ។
កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់អូសេអង់ហ្គាមិន (Ocean Garment) ប្រមាណ១៥០០នាក់ បានផ្តើមធ្វើកូដកម្មនៅមុខរោងចក្រចាប់តាំងពីថ្ងៃទី២៣ ខែឧសភាមក បន្ទាប់ភាគីរោងចក្រ ប្រកាសព្យួរការងាររបស់កម្មករ ចាប់ពីថ្ងៃទី២៦ ខែឧសភា ដល់ថ្ងៃទី២៦ ខែមិថុនា ដោយមិនបានជូនដំណឹងក្នុងពេលកំណត់ត្រឹមត្រូវតាមច្បាប់ ដោយគ្រាន់តែបញ្ជាក់ថា គ្មានអ្នកបញ្ជាទិញ ។

(រូបដោយ៖ឡុង គីមម៉ារីតា)
សូមសរសេរមកកាន់កញ្ញា ឡុង គីមម៉ារីតា តាមរយៈ longkimmarita@gmail.com