អ៊ីវ៉ា ផលិត​បទចម្រៀង អ្នកម្តាយ​កម្សត់ ដើម្បី​រំឭក​ដល់​គុណ​ម្តាយ​ទើប​ស្លាប់​ថ្មីៗ

តារាចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់ដេ នាង អ៊ីវ៉ា ។

តារាចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់ដេ នាង អ៊ីវ៉ា ។
សេត គឹមសឿន



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ «អ្នកម្តាយ​កម្សត់​» គឺជា​ចំណងជើង​នៃ​បទចម្រៀង ដែល​រំលេច​ឡើង​ក្រោម​ស្នាដៃ​ផ្ទាល់​ជា​លើកដំបូង របស់​តារាចម្រៀង ឃិន ស្រីនាថ ហៅ អ៊ីវ៉ា ក្រោយ​ពេល​ដែល​ម្តាយ​របស់​តារា​រូប​នេះ​បាន​លាចាក​លោក​កាលពី​ពេល​ថ្មីៗ​នេះ​។

តារាចម្រៀង​ល្បី​មាន​រូប​ឆោម​លោមពណ៌​ស្រស់ឆើត​មាន​កំណើត​លើ​ទឹកដី​ខេត្ត​កំពង់​ស្ពឺ ដែល​កំពុង​ជ្រក​ក្រោម​ដំបូល​ផលិតកម្ម​សាន់ដេ នាង អ៊ីវ៉ា បាន​ពើបប្រទះ​នឹង​ជីវិត​ទុក្ខសោក​ផ្ទួនៗ​។ ក្រោយពី​អ្នកម្តាយ​ជា​ទីស្រឡាញ់​ទើប​តែ​ទទួល​មរណភាព​ឃ្លាត​ឆ្ងាយ​គ្មាន​វេលា​វិលត្រឡប់​នោះ ស្រាប់តែ​រឿង​អាម៉ាស់​មួយ​ទៀត​បាន​ផ្ទុះ​ឡើង​ពី​ក្នុង​គ្រួសារ ដោយសារ​ឪពុក​នាង​ដេញ​វាយ​ម្តាយក្មេក ផ្អើល​អស់​អ្នក​ខេត្ត​កំពង់ស្ពឺ និង​ត្រូវ​បណ្តាញ​សារព័ត៌មាន​នាំ​គ្នា ចុះ​ផ្សាយ​ព្រោងព្រាត ព្រោះ​រឿង​មិន​ទៅ​ដណ្តឹង​ប្រពន្ធ​ថ្មី​(ក្មេង​)​ឲ្យ ។ យ៉ាងណា​រឿង​ដ៏អាម៉ាស​ក្នុង​គ្រួសារ​នេះ ត្រូវ​បាន​សមត្ថកិច្ច និង​អាជ្ញាធរ បញ្ជាក់​ថា បាន​បញ្ចប់​ដោយ​សន្តិភាព​ហើយ ខណៈ​តារាចម្រៀង ឈ្មោះ ឃិន ស្រីនាថ ហៅ អ៊ីវ៉ា ដោះស្រាយ​ក្រៅ​តុលាការ។

អ្នក​ជិតដិត​នឹង អ៊ីវ៉ា បាន​ឲ្យ​ដឹង​ថា អ៊ីវ៉ា នាង​រឹត​តែ​ក្តុកក្តួល​ក្នុង​ចិត្ត មាន​ពេល​ខ្លះ បើ​ទោះជា​ម្តាយ​នាង​បាន​ស្លាប់​នោះ​រំលង​ទៅ​យូរ​ហើយ​ក្តី នាង​នៅ​តែ​អង្គុយ​យំ​ម្នាក់​ឯង​ដោយ​មិន​ដឹង​ខ្លួន​ក៏​មាន​ដែរ។ អារម្មណ៍​មិន​បាន​រសាយ​ទេ មួយ​ថ្ងៃៗ អ៊ីវ៉ា នៅ​តែ​រំឭក​ពី​ម្តាយ​នាង​ហ្នឹង។ នាង​ប្រាប់​ថា​គ្មាន​នរណា​ល្អ​ជាង​ម្តាយ​ទេ»។

ឆ្លើយតប​នូវ​ក្តី​នឹក​រឭក​ម្តាយ ដែល​នៅ​តែ​តឹងណែន​ក្នុង​ដើមទ្រូង​មិន​រសាយ​នេះ អ៊ីវ៉ា បាន​តាក់តែង​ឡើង​នូវ​បទចម្រៀង​មួយ​បទ មាន​ចំណងជើង​ថា «អ្នកម្តាយ​កម្សត់​» ដោយ​រៀបរាប់​ពី​ជីវិត​ពិត​របស់​នាង និង​អ្នកម្តាយ​កម្សត់​របស់​នាង ដែល​បាន​លាចាក​លោក​ទៅ បន្សល់​ទុក​តែ​ស្នាម​អនុស្សាវរីយ៍​រាប់​មិន​អស់។ ក្នុង​អារម្មណ៍​រំភើប​ផង​ក្តុកក្តួល​ផង ដែល​សម្រេច​បាន​នូវ​សមិទ្ធផល​លើក​ដំបូង​របស់​ខ្លួន តាមរយៈ​ការ​តាក់តែង​និពន្ធ​បទចម្រៀង​រៀបរាប់​ពី​ខ្សែជីវិត​ពិត​របស់​នាង និង​ម្តាយ​ជា​ទីស្រឡាញ់ ពេញបេះដូង ដែល​បាន​បាត់បង់​ជីវិត​ទៅ អ៊ីវ៉ា បញ្ជាក់​ថា បទចម្រៀង «អ្នកម្តាយ​កម្សត់​» គឺ​ស្តែង​ចេញ​ពី​ទឹកចិត្ត​របស់​នាង​ផ្ទាល់ ដោយ​ឆ្លុះបញ្ចាំង​ពី​អនុស្សាវរីយ៍​កម្សត់​ជាច្រើន ដែល​រូបនាង និង​ម្តាយ​បាន​សាង​រួម​គ្នា​។

អ៊ីវ៉ា បញ្ជាក់​ថា​៖​«ពេល​សរសេរ​បទ អ្នកម្តាយ​កម្សត់ នេះ ទឹកភ្នែក​ខ្ញុំ​ហូរ​ស្រក់​ដោយ​មិន​ដឹង​ខ្លួន នឹក​ឃើញ​ទៅ​ដល់​ទឹកចិត្ត​អ្នកម្តាយ​កម្សត់ ហើយ​ការ​ស្លាប់​របស់​គាត់​ក៏​ហាក់​នៅ​ថ្មីៗ​នឹង​មុខ​អ៊ីចឹង​»។

មាន​អ្នក​លើក​ឡើង​ថា អ៊ីវ៉ា រំលេច​គុណម្តាយ​មក​ធ្វើ​ជា​ស្នាដៃ​នេះ មិនមែន​ជា​ចេតនា ក្នុង​ន័យ​តបគុណ​ជាក់លាក់​ទេ ដែល​នេះ​អាច​ជា​ជ្រុង​មួយ​នៃ​ចេតនា ទាក់ទាញ​ការ​ភ្ញាក់ផ្អើល ក្នុង​ផល​ស្វែងរក​ការ​គាំទ្រ ។ យ៉ាងណា​ការ​លើក​ឡើង​នេះ​មិន​ត្រូវ​តារាចម្រៀង​រូប​នេះ ទទួល​ទុក្ខ​ក្នុង​ចិត្ត​ឡើយ ដោយ​នាង​អះអាង​ថា « អ្នកម្តាយ​កម្សត់» ដែល​បាន​ធ្វើ​ឡើង​ក្នុង​ន័យ​រំឭក​ពី​គុណ​បំណាច់​របស់​ម្តាយ​ចំពោះ​កូន​ពិតមែន ហើយ​ក៏​ទុក​ជា​ចំណងដៃ​កូន​ចំពោះ​ម្តាយ​ដែល​បាត់បង់​ជីវិត​ពី​លើ​លោក​នេះ ដូចជា​ពួកខ្ញុំ»។

អ៊ីវ៉ា បញ្ជាក់​ថា «អ្នកម្តាយ​កម្សត់ ដែល​រំលេច​ចេញ​អារម្មណ៍​ពិត និង​សំឡេង​របស់​ខ្ញុំ​នេះ នឹង​ចេញ​ចរាចរណ៍​លក់​នៅលើ​ទីផ្សារ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ហើយ នៅក្នុង CD Album 179 របស់​ផលិតកម្ម​សាន់ដេ»។ យ៉ាងណា អ៊ីវ៉ា ក៏​ទទូច​សូម​ស្នើឲ្យ​ទស្សនិកជន មេត្តា​ជួយ​គាំទ្រ​នូវ​ស្នាដៃ​ដំបូង​របស់​នាង​ផង នៅ​ពេល​ចេញ​លក់៕


What Next?

Recent Articles