ដោយ ម៉ម មុនីរតន៍
2014-07-29
RFA

ប្រធានរដ្ឋបាលជលផលក្រុងប៉ោយប៉ែត លោក សី ស៊ីល័យ ចុះមកពិនិត្យមើលការជួបជុំរបស់ប្រជាពលរដ្ឋនៅលើដីដែលមានទំនាស់ នាភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤។ RFA/Morm Moniroth
ប្រជាពលរដ្ឋជាង ១០០គ្រួសារ នៅសង្កាត់ប៉ោយប៉ែត ចោទប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងប្រធានជលផលក្រុងប៉ោយប៉ែត ថាបានរំលោភដីចំណីផ្លូវសាធារណៈ។ ចំណែកប្រធានមន្ទីរភូមិបាល និងប្រធានជលផលក្រុងប៉ោយប៉ែត វិញអះអាងថា ពួកគាត់ពុំបានរំលោភដីចំណីផ្លូវឡើយ។
ភាគីក្រុមប្រជាពលរដ្ឋ ព្រមានថានឹងដាក់បណ្ដឹងប្រឆាំងមន្ត្រីជំនាញរបស់រដ្ឋាភិបាលទាំងពីរស្ថាប័ននេះទៅតុលាការក្នុងពេលឆាប់ៗ ប្រសិនបើប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងប្រធានរដ្ឋបាលជលផលក្រុងប៉ោយប៉ែត នៅតែមិនព្រមបើកផ្លូវ ដើម្បីឲ្យពលរដ្ឋបានចេញចូលទៀតនោះ។
នៅព្រឹកថ្ងៃទី២៨ កក្កដា ប្រជាពលរដ្ឋជិត ៤០នាក់ បានប្រមូលផ្ដុំគ្នានៅលើដីមានវិវាទ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ដោយពួកគាត់សំអាងថា ដីកំពុងមានទំនាស់នេះ ការពិតគឺជាដីចំណីផ្លូវដែលមានក្នុងប្លង់មេរបស់រដ្ឋ តាំងពីយូរណាស់មកហើយ។ ពលរដ្ឋឲ្យដឹងទៀតថា តែក្រោយពីមន្ត្រីជំនាញរបស់រដ្ឋាភិបាលទាំងពីរស្ថាប័ននេះទិញរួចមក បានបិទផ្លូវមិនទុកឲ្យពលរដ្ឋចេញចូលឡើយ៖ «កំពុងតែបំពានច្បាប់ អង្គុយលើច្បាប់ហើយហ្នឹង លោក ប្រាក់ បូលី ហើយរួមជាមួយនិងប្រជាពលរដ្ឋនៅក្នុងភូមិនេះ។ ខ្ញុំនឹងចាត់នីតិវិធីប្ដឹងទៅតុលាការទៀត ដើម្បីទាមទារឲ្យបើកផ្លូវនេះ។ តែអស់លោកដែលលោកទិញក្រោយនេះ គាត់អ្នកធ្វើការហ្នឹង គាត់ទិញៗយកទាំងអស់។ គាត់ទិញទាំងផ្លូវ គឺចង់ឲ្យអាជ្ញាធរដែនដីជួយមើលផងថា ផ្លូវទីនេះចង់ចេញឥតបានទេ។ ពីដើមឡើយ ផ្លូវនេះកាលពីមិនទាន់មានពួកខាងសុរិយោដី និងជលផលហ្នឹង គឺប្រជាពលរដ្ឋគេអាចដើរបាន»។
នៅសល់ប្រហែល ៤០ម៉ែត្រទៀត ផ្លូវក្នុងសហគមន៍ដែលមានទំហំប្រមាណ ៦ម៉ែត្រ ដែលកំណត់ដោយក្រុងនេះ នឹងត្រូវទម្លាយមកដល់ផ្លូវបេតុង។ ប៉ុន្តែដោយមានភាពចម្រូងចម្រាស ផ្លូវនេះត្រូវជាប់គាំងរហូតដល់ពេលបច្ចុប្បន្ន។ ក្នុងរឿងនេះ ប្រជាពលរដ្ឋបានស្នើសុំកិច្ចអន្តរាគមន៍ជាហូរហែមកហើយ រហូតដល់សាលាក្រុងប៉ោយប៉ែត ផង តែនៅមិនមានដំណោះស្រាយ។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ប្រាក់ បូលី ដើម្បីស្នើសុំបំភ្លឺជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២៨ កក្កដា។
ភ្លាមៗ ជម្លោះដោយពាក្យសម្ដីបានកើតឡើង ខណៈវត្តមានរបស់ លោក សី ស៊ីល័យ ប្រធានរដ្ឋបាលជលផលក្រុងប៉ោយប៉ែត ដែលជាមន្ត្រីម្នាក់ក្នុងចំណោមភាគីមានទំនាស់ជាមួយពលរដ្ឋនេះដែរនោះ បានចុះមកទីតាំងជ្រុងម្ខាងនៃដីដែលមានជម្លោះ ព្រមទាំងថតរូបភាពប្រជាពលរដ្ឋផង ដើម្បីការពារភាពស្របច្បាប់របស់លោក។ ក្នុងឋានៈជាមន្ត្រីជំនាញរបស់រដ្ឋាភិបាល ត្រូវបានប្រជាពលរដ្ឋចំអក និងស្ដីបន្ទោសថា ព្រោះតែភាពក្រអឺតក្រទម និងមិនដឹងសុខទុក្ខរបស់ពលរដ្ឋនេះហើយ ទើបធ្វើឲ្យប៉ះពាល់ និងជះឥទ្ធិពលមិនល្អដល់បក្សប្រជាជនកម្ពុជា។
រៀបឫកជាមន្ត្រីជំនាញរបស់រដ្ឋាភិបាល ប្រធានរដ្ឋបាលជលផលក្រុងប៉ោយប៉ែត លោក សី ស៊ីល័យ ហាក់បង្ហាញភាពអំនួតរបស់ខ្លួន ក្នុងពេលតតាំងជាមួយប្រជាពលរដ្ឋនៅលើដីដែលកំពុងមានទំនាស់ កាលពីព្រឹកថ្ងៃទី២៨ កក្កដា។ លោក សី ស៊ីល័យ ចាត់ទុកថា លោកនឹងមិនបើកផ្លូវឲ្យពលរដ្ឋបានធ្វើដំណើរឡើយ បើទោះជាត្រូវបានពលរដ្ឋព្រមានចាត់វិធានការយ៉ាងណាក៏ដោយ។ លោកអះអាងថា ដីកំពុងមានវិវាទនៅពេលនេះ លោកបានទិញតាំងពីមុនពលរដ្ឋមកតាំងទីលំនៅទៅទៀត។ លើសពីនេះ ដីនេះថែមទាំងមានប្លង់រឹងដែលទទួលស្គាល់ដោយអាជ្ញាធរភូមិឃុំថែមទៀតផង។ ហេតុនេះ លោកនិយាយថា ការទាមទាររបស់ពលរដ្ឋនឹងមិនអាចទៅរួចឡើយ ដោយរួមទាំងការធ្វើសម្បទានណាមួយនោះទៀតផង៖ «ម៉េចបើដីខ្ញុំស្របច្បាប់។ ខ្ញុំមិនទៅបិទផ្លូវម៉េច បើសិនជាទិញដោយប្រការណាមួយ តម្លៃថ្លៃថ្នូរតាមទីផ្សារខ្ញុំលក់ឲ្យឥតមានខ្ញុំទៅបិទផ្លូវគេ។ ដីនេះ គឺដីកម្មសិទ្ធិរបស់ខ្ញុំ ហើយប្លង់នេះសួរមើល អ្នកណាអ្នកទទួលស្គាល់ អាជ្ញាធរអ្នកទទួលស្គាល់»។
ចំណែកចៅសង្កាត់ក្រុងប៉ោយប៉ែត ខាងគណបក្សប្រជាជនកម្ពុជា លោក នុត លី និយាយថា បើពលរដ្ឋពិតជាចង់បានផ្លូវពិតមែន គប្បីរកអាជ្ញាធរឲ្យជួយដោះស្រាយវិញ។ លោកចាត់ទុកថា ការប្រមូលផ្ដុំដោយមធ្យោបាយណាមួយ វាពុំមែនជាជម្រើសល្អឡើយ។ ម្យ៉ាងវិញទៀត ការរកដំណោះស្រាយដោយការជួបជុំនេះ វាហាក់ដូចជាបង្កបញ្ហាច្រើនជាងទៅវិញទេ៖ «បើបងប្អូនមានការលំបាក មកប្ដឹងសង្កាត់។ សង្កាត់នឹងរកវិធានការគេមកអាចសម្បទាន។ ចុះបើយើងអាងបាតុកម្ម អាងទៅរកគេអ៊ីចឹង តើដីកម្មសិទ្ធិរបស់គេៗធ្វើយ៉ាងម៉េចទៅ»។
ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកសម្របសម្រួលសមាគមអាដហុក (adhoc) ប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា ឲ្យដឹងថា ជុំវិញរឿងរ៉ាវនេះ មាន២ករណី។ ទីមួយ ប្រសិនបើអ្នករស់នៅផ្នែកខាងក្រោយដីផ្ទះរបស់ភាគីម្ខាងទៀត ហើយពុំមានផ្លូវចេញចូល លោកអះអាងថា ជាចាំបាច់អ្នកមានដីនៅពីខាងក្រោយនោះ អាចប្រើប្រាស់សិទ្ធិរបស់ខ្លួនដូចដែលមានចែងក្នុងច្បាប់ រួចប្ដឹងទៅតុលាការ ដើម្បីសុំសិទ្ធិបើកផ្លូវបាន។ ចំណែកចំណុចទីពីរ បើគម្រោងដែលសាងសង់ដោយជំនាញរបស់រដ្ឋ រួចហើយមានប្លង់មេត្រឹមត្រូវ តែមានអ្នករំលោភលើប្លង់មេនោះ គប្បីដាក់បណ្ដឹងសុំកិច្ចអន្តរាគមន៍ពីស្ថាប័ននេះ ដើម្បីឲ្យជួយដោះស្រាយ៖ «ជាគោលការណ៍ច្បាប់ បើសិនជាផ្ទះមានផ្ទះនៅខាងមុខ ហើយមានដីដែលមានផ្ទះនៅខាងក្រោយ។ ខាងក្រោយឥតមានផ្លូវចេញ គឺជាការចាំបាច់បន្ទាន់បង្ខំមួយ ត្រូវភាគីនៅខាងក្រោយប្ដឹងជាសេវភាព (Save) ទៅតុលាការ ដើម្បីសុំការបើកផ្លូវ»។
ប្រជាពលរដ្ឋនិយាយថា ក្នុងគម្រោងរបស់សាលាក្រុងប៉ោយប៉ែត គឺសុទ្ធតែមានផ្លូវគ្រប់ប្រព័ន្ធតាមបែបរដ្ឋបាលនៅក្នុងសង្កាត់នីមួយៗ ដោយទុកចន្លោះរយៈចម្ងាយ ៤០ម៉ែត្រពីគ្នា ប៉ុន្តែ ភាគច្រើនមិនដូច្នេះឡើយ។ ផ្លូវជាច្រើនខ្សែ ត្រូវបានកាត់ផ្ដាច់យកធ្វើជាកម្មសិទ្ធិ តាមរយៈសាងសង់អគារ ឬផ្ទះល្វែង និងមានផ្លូវខ្លះត្រូវបិទជិត ដោយពុំអនុញ្ញាតឲ្យចេញចូលបានថែមទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អ្នកភូមិនៅជាយដែនកម្ពុជា-វៀតណាម១៦គ្រួសារធ្វើប្លង់ដីមិនបាន
- ទាហាននៅព្រះវិហារបាញ់សម្លាប់អ្នកភូមិម្នាក់ក្នុងពេលមានជម្លោះដី
- ពលរដ្ឋ៥នាក់រងបួសក្នុងពេលតវ៉ារឿងដីធ្លីមុខសាលារាជធានីភ្នំពេញ
- អាជ្ញាធរមូលដ្ឋាននៅព្រៃវែងរងការចោទថាយកដីពលរដ្ឋធ្វើជាសម្បត្តិរដ្ឋ
- ពលរដ្ឋនៅកោះកុងបញ្ចប់ការដើរដាក់ញត្តិរឿងទំនាស់ដីជាមួយឧកញ៉ា លី យ៉ុងផាត់
- សង្គមស៊ីវិលស្នើឲ្យក្រុមហ៊ុនរបស់ឧកញ៉ា ទ្រី ភាព បញ្ចប់ជម្លោះដីធ្លីនៅពោធិ៍សាត់
- ពលរដ្ឋនៅជ្រោយចង្វារប្ដឹងសណ្ឋាគារសុខាភ្នំពេញចោទពីបទរំលោភយកដី
- សហគមន៍អំពាវនាវឲ្យស៊ើបអង្កេតករណីពុករលួយរឿងដីនៅមណ្ឌលគិរី
- តំណាងពលរដ្ឋមានជម្លោះដីធ្លីនៅកោះកុងឡើងមកភ្នំពេញដាក់ពាក្យបណ្ដឹង