ដោយ៖ ញឹម សុខន
ថ្ងៃអង្គារ ទី29 កក្កដា 2014
http://vodhotnews.com
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ច្រានចោលភ្លាមៗ នូវព័ត៌មានដែលថា បក្សប្រឆាំងមួយនេះ នឹងចូលស្បថ នៅព្រះបរមរាជវាំងនារសៀលថ្ងៃចន្ទនេះ ដើម្បីត្រៀមខ្លួនចូលប្រជុំសភានាថ្ងៃពុធស្អែក។
តាមការចុះផ្សាយ របស់គេហទំព័រក្នុងស្រុកមួយ ចុះផ្សាយថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៤នេះ ឲ្យដឹងថា លោក សម រង្ស៊ី និងលោក កឹម សុខា នឹងដឹកនាំបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រទាំង៥៥រូប ចូលធ្វើសច្ចាប្រណិធាន នៅព្រះបរមរាជវាំងនៅរសៀលម៉ោង៤នេះ។
សេចក្តីរាយការណ៍បន្តថា នៅព្រឹកថ្ងៃទី៣០ ខែកក្កដាស្អែកនេះ ក្រុមអ្នកតំណាងរាស្ត្របក្សប្រឆាំង នឹងអាចចូលប្រជុំសភា លើកដំបូង ដើម្បីធ្វើវិសោធនកម្ម បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ក្នុងប្រការទី៦ថ្មី ទាក់ទងនឹងការបង្កើតបន្ថែមគណៈកម្មការជំនាញរដ្ឋសភាមួយទៀត គឺគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ឲ្យVODដឹងថា ព័ត៌មានដែលចុះផ្សព្វផ្សាយនេះ ជាព័ត៌មានមិនពិត។
ក្រោយមានកិច្ចព្រមព្រៀង បញ្ចប់ជម្លោះនយោបាយកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ មេបក្សប្រឆាំងអះអាងថា ដរាបណាមិនទាន់មានការឯកភាពគ្នាធ្វើកំណែទម្រង់ ស្ថាប័ន គជប ធ្វើវិសោធនកម្មច្បាប់បោះឆ្នោត វិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា និងវិសោធនកម្មរដ្ឋធម្មនុញ្ញជាមុនទេ នោះបក្សប្រឆាំងមួយនេះ នឹងមិនចូលប្រជំសភាទេ៕
សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com