ដោយ ដែន អយុធ្យា
2014-07-29
RFA

២៤-មិថុនា-២០១២៖ បង្គោលព្រំដែនលេខ ៣១៤ នៅរវាងខេត្តកំពត ប្រទេសកម្ពុជា និងខេត្តគៀងយ៉ាង ប្រទេសវៀតណាម។
RFA/Uon Chhin
មេដឹកនាំគណបក្សសង្គ្រោះជាតិ អះអាងថា ពេលអ្នកតំណាងរាស្ត្រគណបក្សនេះចូលសភា នឹងស្រាវជ្រាវ ឬសើរើនូវរាល់ឯកសារពាក់ព័ន្ធសកម្មភាពបោះបង្គោលព្រំដែនគោករវាងកម្ពុជា ជាមួយប្រទេសជិតខាងឲ្យបានត្រឹមត្រូវ។
សម្រាប់មេដឹកនាំសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ថ្លែងគាំទ្រមេដឹកនាំបក្សប្រឆាំងដែលបង្ហាញឆន្ទៈសើរើឯកសារបោះបង្គោលព្រំដែនដ៏ចម្រូងចម្រាសកន្លងមក។
ការអះអាងរបស់មេដឹកនាំបក្សប្រឆាំងពេលនេះ កើតឡើងនៅគ្រាអ្នកតំណាងរាស្ត្រទាំង ៥៥រូប របស់គណបក្សសង្គ្រោះជាតិ នឹងចូលប្រជុំសភាក្នុងពេលដ៏ឆាប់ខាងមុខ។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិមានប្រសាសន៍ថា បញ្ហាព្រំដែនគឺជាបញ្ហាជាតិទាំងមូល គឺមិនសម្រាប់គណបក្សណាមួយនោះទេ។ ប៉ុន្តែលោកថា សម្រាប់គណបក្សសង្គ្រោះជាតិនឹងមិនសម្ងំស្ងៀម ឬបៀមដៃមើលបរទេសឈ្លានពាន ឬរំលោភបូរណភាពទឹកដីកម្ពុជា បានជាដាច់ខាត។ លោកថា កន្លងមកតាមរយៈសកម្មភាពបោះបង្គោលព្រំដែនគោកជាមួយប្រទេសវៀតណាម មានពលរដ្ឋលើកឡើងថា បាននាំឲ្យបាត់បង់ដីស្រែធ្លាប់បង្កបង្កើនផលរបស់ពួកគាត់ជាច្រើនគ្រួសារ។
ត្រង់ចំណុចនេះ លោក កឹម សុខា បញ្ជាក់ថា ទិសដៅនៅថ្ងៃអនាគត គណបក្សនេះនឹងស្រាវជ្រាវនូវរាល់ឯកសារពាក់ព័ន្ធសកម្មភាពបោះបង្គោលព្រំដែនគោកជាមួយប្រទេសជិតខាងឲ្យបានត្រឹមត្រូវ។ ជាងនេះអ្នកពាក់ព័ន្ធអាចនឹងត្រូវកោះហៅមកឆ្លើយតបបំភ្លឺក្នុងរដ្ឋសភា បើរកឃើញកំហុសឆ្គងក្នុងការបោះបង្គោលព្រំដែននេះ។
លោក កឹម សុខា៖ «នេះជាបញ្ហារបស់ជាតិ បញ្ហាសម្រាប់ទាំងអស់គ្នា មិនមែនបញ្ហារបស់គណបក្សណាមួយនោះទេ។ អ៊ីចឹងហើយ ពេលដែលយើងចូលទៅសភា ដូចដែលខ្ញុំបានលើកនៅក្នុងសន្និបាតជាតិគណបក្សហើយ គឺតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ត្រូវតែចុះទៅតាម ឬទៅត្រួតពិនិត្យ តើគេធ្វើដោយតម្លាភាព ឬធ្វើទៅ តើវាមានប៉ះពាល់ដល់ផលប្រយោជន៍ជាតិ ឬប្រជាពលរដ្ឋយ៉ាងណា? ហើយបើបានព័ត៌មានច្បាស់លាស់ហើយ យើងនឹងលើក ឬស្នើសុំក្នុងរដ្ឋសភា ស្នើគណៈកម្មការក្នុងរដ្ឋសភា ដើម្បីស្នើសុំរដ្ឋមន្ត្រីមកសាកសួរ»។
ទាក់ទងរឿងនេះ រដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ២០១៣ បានបង្កើនសកម្មភាពបោះបង្គោលព្រំដែនគោករវាងប្រទេសជិតខាងកម្ពុជា មានវៀតណាម និងថៃ ជាដើម ចប់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប៉ុន្តែសកម្មភាពនេះ មិនទាន់បានជោគជ័យទេ។
បញ្ហានេះ លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា ធ្លាប់បញ្ជាក់ថា កម្ពុជាមិនឆោតល្ងង់បោះបង្គោលព្រំដែនជាមួយប្រទេសជិតខាងនាំឲ្យបាត់បង់ទឹកដីខ្លួននោះទេ។ លោកថា រដ្ឋាភិបាលមានអ្នកជំនាញសម្រាប់គិតគូរក្នុងការបោះកំណត់បង្គោលព្រំដែនបានច្បាស់លាស់ គឺមិនមែនដូចការរិះគន់របស់សង្គមស៊ីវិល ឬបក្សប្រឆាំងនោះទេ។
យ៉ាងណាក៏ដោយ លោក ម៉ៅ ពិសេស ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា បានស្នើដល់មេដឹកនាំគណបក្សឈ្នះអាសនៈសភានីតិកាលទី៥ទាំងពីរ ត្រូវរួមសហការគ្នាពិនិត្យទៅលើសកម្មភាពបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាងឲ្យបានច្បាស់លាស់។
លោកថា គណបក្សសង្គ្រោះជាតិ ដែលត្រៀមចូលសភា គឺមានតួនាទីសំខាន់ក្នុងការស្រាវជ្រាវរកឯកសារពាក់ព័ន្ធ នឹងការងារបោះបង្គោលព្រំដែនជាមួយវៀតណាម ដែលរងការរិះគន់កន្លងមក។
មេដឹកនាំនិស្សិតរូបនេះរិះគន់ថា សកម្មភាពបោះបង្គោលព្រំដែនរបស់រដ្ឋាភិបាលជាមួយវៀតណាម កន្លងមក ត្រូវពលរដ្ឋចោទថា នាំឲ្យបាត់បង់ដីស្រែពួកគាត់អស់ជាច្រើនហិកតារ៖ «ស្នើឲ្យគណបក្សទាំងពីរធ្វើយ៉ាងម៉េចប្រឹងឲ្យអស់លទ្ធភាព ដើម្បីដោះស្រាយបញ្ហាព្រំដែន និងបូរណភាពទឹកដីកម្ពុជា។ ព្រោះថា នៅពេលថ្មីៗនេះ ការលើកឡើងរបស់មន្ត្រីនាំពាក្យស្ថានទូតវៀតណាម គឺជាការសាកល្បងនូវភាពជាអ្នកដឹកនាំនៃប្រទេសកម្ពុជា របស់យើង។ ហើយខ្ញុំអាចហៅបានម្យ៉ាងទៀតថា វៀតណាមកំពុងតែធ្វើតេស្តនូវយុទ្ធសាស្ត្រច្រេះស៊ីដែករបស់គេ ដែលបំពេញទៅដល់ទស្សនវិស័យ ឬចក្ខុវិស័យរបស់លោក ហូ ជីមិញ គឺដំណើរឆ្ពោះទៅទិសខាងលិច។ អ៊ីចឹងទេ នេះគឺជាការព្រួយបារម្ភមួយរបស់ប្រជាពលរដ្ឋខ្មែរ និងនិស្សិតបញ្ញវន្តរបស់យើង ក៏ដូចជាអ្នកដឹកនាំប្រទេសដែលត្រូវតែដោះស្រាយ រកវិធីសាស្ត្រ ឬរកមធ្យោបាយ ធ្វើយ៉ាងម៉េចទប់ស្កាត់ឲ្យបាននូវយុទ្ធសាស្ត្រច្រេះស៊ីដែករបស់វៀតណាមឲ្យបាន»។
ប្រទេសកម្ពុជា មានបង្គោលព្រំដែនគោកជាមួយថៃ ដែលទទួលស្គាល់ដោយអាណាព្យាបាលបារាំង ក្រោយឆ្នាំ១៩០៤ ចំនួន ៧៣បង្គោល និងលាតសន្ធឹងតាមព្រំដែនប្រមាណ ៨០០ គីឡូម៉ែត្រ។
គណៈកម្មាធិការព្រំដែនកម្ពុជា-ថៃ ក៏បានឯកភាពរួមគ្នាថា នឹងស្រាវជ្រាវរកចំណុចដើមនៃបង្គោលព្រំដែនដែលបោះនៅជំនាន់បារាំង ដើម្បីកំណត់ព្រំដែនប្រទេសទាំងពីរនៅថ្ងៃអនាគត។ ចំណែកព្រំដែនជាមួយវៀតណាម ប្រទេសទាំងពីរមានព្រំដែនគោក និងព្រំដែនទឹកសរុបជាង ២.៥០០គីឡូម៉ែត្រ (២.៥៧២)។ មន្ត្រីជំនាញកិច្ចព្រំដែនកម្ពុជា បានឲ្យដឹងថា កម្ពុជា និងវៀតណាម បានបោះបង្គោលព្រំដែនរួមគ្នាបានជិត ៣០០បង្គោលហើយ ក្នុងចំណោមបង្គោលព្រំដែនដីគោកសរុប ៣១៤បង្គោល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- លទ្ធផលនៃកិច្ចប្រជុំគណបក្សទាំងពីរធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុង
- ប្រធានក្រុមប្រឹក្សាខេត្តសៀមរាបរងការចោទថាគាបសង្កត់សមាជិកបក្សប្រឆាំង
- សារសំខាន់នៃការបង្កើតរចនាសម្ព័ន្ធគណៈរដ្ឋមន្ត្រីស្រមោល
- មន្ត្រីសិទ្ធិមនុស្សអន្តរជាតិ៖ គ.ជ.បថ្មីនឹងមានបញ្ហាដូចពេលមុនដដែល
- ជនអនាមិកបាចត្រាក់នៅព្រះវិហាររិះគន់មន្ត្រីរដ្ឋាភិបាល
- អ្នកស្រី ពុង ឈីវកេក ព្រមទទួលតំណែងជាសមាជិកគ.ជ.បដោយដាក់លក្ខខណ្ឌ
- កម្ពុជា-ថៃពិភាក្សាគ្នារឿងជម្លោះប្រាសាទព្រះវិហារ
- មន្ត្រីថ្នាក់ក្រោមចង់ឲ្យបក្សសង្គ្រោះជាតិមានតម្លាភាព
- បក្សប្រឆាំង៖ បញ្ហានយោបាយនឹងត្រូវដោះស្រាយបញ្ចប់នៅថ្ងៃ២៨ កក្កដា
ក្នុងនាមជាគណបក្សជំទាស់ និងជាគណៈរដ្ឋមន្ត្រីស្រមោល ដេីម្បីរក្សាផលប្រយោជន៏ប្រជាជនកម្ពុជានិងរក្សាបូរណភាពទឹកដី បក្សជំទាស់មានអភ័យឯកសិទ្ធិ ក្នុងការពិនិត្យលេីការគ្រប់គ្រងរបស់រដ្ឋាភិបាលនៃបក្សណាក៏ដោយ ផ្ទៀងផ្ទាត់ទៅនឹង រដ្ឋធម្មនុញ្ញ និង ក្រឹត្យក្រមនៃអនុវត្តន៍ របស់ក្រសួង របស់ស្ថាប័នប្រតិបត្តិទាំង១០ ។
ទាំងនេះជា ការអនុវត្តិនៃ លិទ្ធិប្រជាធិបតេយ្យ ពិតប្រាកដ ដេីម្បីផលប្រយោជន៏ជាតិ និង ប្រជាជនកម្ពុជា។
អាស្រ័យហេតុនេះ សូមបងប្អូនខ្មែរ មេត្តា ជួយពិនិត្យនិង តាមដាននូវព្រឹត្តិការណ៏រំលោភ និង បន្លំនៃបក្សកាន់អំណាច
សូម្បីតែ គណបក្សសង្គ្រោះជាតិក៏ដោយ។ លិទ្ធិប្រជាធិបតេយ្យ តំរូវអោយរាល់មន្ត្រី គោរពតាមនូវតួនាទិដែលជា អំណាច
ស្របច្បាប់ តែ មិនត្រូវបន្លំយក អំណាចក្រៅតួនាទីអនុញ្ញាតិ បំភ្លៃមកជា ច្បាប់នោះទេ។
រំលោភច្បាប់ដែលខ្លួនរៀន ដឹងនិង យល់ព្រមព្រៀងតាមតួនាទី ជាកំហុសទៅនឹង បទព្រហ្មទណ្ឌ។
នេះនឹងក្លាយជាជោគជ័យនៃបងប្អូនខ្មែរ និងបន្តតាមដាន ដេីម្បីសំរេចបាននូវ ប្រជាធិបតេយ្យ ពិតប្រាកដ។