ពលរដ្ឋ​ចោទ​មន្ត្រី​ពន្ធនាគារ​ខេត្ត​រតនគិរី​ថា​ជំរិត​ទារ​ប្រាក់​ពី​អ្នក​ចូល​សួរ​សុខ​ទុក្ខ

ដោយ រដ្ឋា វិសាល
2014-07-29
RFA

គ្រួសារ​ពិរុទ្ធជន​កំពុង​ជាប់​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​រតនគិរី អះអាង​ថា ឆ្មាំ​ពន្ធនាគារ​បាន​គាប​សង្កត់​ទារ​យក​ប្រាក់​ច្រើន​ហួស​ហេតុ ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​សាច់ញាតិ​ចូល​ជួប​សួរ​សុខ​ទុក្ខ​អ្នក​ជាប់​ពន្ធនាគារ។ ចំណែក​មន្ត្រី​ពន្ធនាគារ​វិញ បដិសេធ​ថា​មិន​មាន​គោលការណ៍​ឲ្យ​ឆ្មាំ​ពន្ធនាគារ​ធ្វើ​បែប​នេះ​ទេ។

គ្រួសារ​ពិរុទ្ធជន​មួយ​រូប​នៅ​ពន្ធនាគារ​ខេត្ត​រតនគិរី បាន​ប្ដឹង​មក​ការិយាល័យ​សមាគម​អាដហុក (adhoc) ខេត្ត ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ខេត្ត បញ្ឈប់​កុំ​ឲ្យ​ឆ្មាំ​ពន្ធនាគារ​គាប​សង្កាត់​ទារ​ប្រាក់​ហួស​ហេតុ​ពី​អ្នក​សុំ​ជួប​សួរ​សុខ​ទុក្ខ​អ្នក​ជាប់​ឃុំ។

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​៤ សង្កាត់​កាចាញ ក្រុង​បានលុង ខេត្ត​រតនគិរី លោក ហេង ចន្ធូ នៅ​ថ្ងៃ​អង្គារ ទី​២៩ ខែ​កក្កដា រៀបរាប់​ថា មុន​នេះ​ពីរ​ថ្ងៃ លោក​បាន​ទៅ​ពន្ធនាគារ​សុំ​ជួប​សួរ​សុខ​ទុក្ខ​ឪពុក​ក្មេក​កំពុង​ជាប់​ឃុំ​ខ្លួន ក្នុង​បទ​ចោទ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​កូន ក៏ប៉ុន្តែ​ឆ្មាំ​ពន្ធនាគារ​ពីរ​នាក់​នៅ​យាម​ច្រក​ចូល​ផ្នែក​ខាង​ក្រៅ បាន​ទាមទារ​ឲ្យ​បង់​ប្រាក់ ៨​ម៉ឺន​រៀល ទើប​អនុញ្ញាត​ឲ្យ​ចូល​បាន ក៏ប៉ុន្តែ​លោក​បាន​អង្វរករ​ថា​គ្មាន​ប្រាក់ ទើប​អ្នក​យាម​តម្រូវ​ឲ្យ​បង់​ប្រាក់ ៦​ម៉ឺន​រៀល ហើយ​នៅ​ទីបំផុត លោក​បាន​ទៅ​ខ្ចី​ប្រាក់​អ្នក​ជិត​ខាង​បាន ៤​ម៉ឺន​រៀល ទើប​អ្នក​យាម​យល់​ព្រម។ លោក​ហៅ​ទង្វើ​នេះ​ថា ជា​ការ​គាប​សង្កត់​ជំរិត​ប្រាក់ និង​ជា​បន្ទុក​ធ្ងន់ធ្ងរ​ទៅ​លើ​ប្រជាពលរដ្ឋ​ក្រីក្រ ក្នុង​ការ​ទទួល​បាន​សិទ្ធិ​សួរ​សុខ​ទុក្ខ​សាច់ញាតិ៖ «ប្រាំពីរ​ប្រាំបី​ម៉ឺន​អត់​មាន​លុយ​ទេ ព្រោះ​ជីវភាព​ក្រីក្រ​ដែរ។ កុំ​ទារ​តម្លៃ​គាប​សង្កត់​ហួស​ហេតុ​ពេក ព្រោះ​ប្រជាពលរដ្ឋ​ផ្សេងៗ​ទៅ​គេ​មាន យើង​មិន​និយាយ យើង​និយាយ​អ្នក​ដែល​អត់​វិញ។ សុំ​តែ​បី​ពាន់​ទៅ​ប្រាំ​ពាន់​បាន​ហើយ»

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ ប្រធាន​ពន្ធនាគារ​ខេត្ត​រតនគិរី លោក ទីន សុវណ្ណនី ថ្លែង​ថា មិន​មាន​គោលការណ៍​ឲ្យ​ឆ្មាំ​ពន្ធនាគារ​គាប​យក​ប្រាក់​ពី​គ្រួសារ​ចូល​សួរ​សុខ​ទុក្ខ​អ្នក​ជាប់​ឃុំ​នោះ​ទេ ផ្ទុយ​ទៅ​វិញ មន្ត្រី​ពន្ធនាគារ​បាន​ជួយ​សម្រួល​ឲ្យ​គ្រួសារ​មក​សួរ​សុខ​ទុក្ខ​អ្នក​ជាប់​ឃុំ​បាន​រៀង​រាល់​ថ្ងៃ​ធ្វើ​ការ ដោយសារ​តែ​តំបន់​នេះ​ប្រជាពលរដ្ឋ​នៅ​ជនបទ​ឆ្ងាយ ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ ក៏ប៉ុន្តែ​លើក​លែង​ជន​ជាប់​ចោទ​ក្នុង​បទឧក្រិដ្ឋ​កំពុង​ជាប់​ឃុំ​ខ្លួន មន្ត្រី​ពន្ធនាគារ​មិន​អនុញ្ញាត​ឲ្យ​ចូល​សួរ​សុខ​ទុក្ខ​បាន​ឡើយ។ យ៉ាង​នេះ​ក្តី លោក​ថា​នឹង​ស្រាវជ្រាវ​ការ​ចោទ​ប្រកាន់​នេះ៖ «អត់​ដែល​មាន​អ្នក​ណា​បង់​ត្រឹម ២​ម៉ឺន​ផង បញ្ហា​ម្យ៉ាង គឺ​អ្នក​គ្រឿងញៀន​អ៊ីចឹង​ខ្ញុំ​អត់​ឲ្យ​ចូល​ទេ ហើយ​គាត់​សុំ​បង់​លុយ​ប្រាំ​ប្រាំមួយ​ម៉ឺន ក៏​គេ​មិន​ឲ្យ​ចូល​ដែរ។ តែ​ខ្ញុំ​មិន​អាច​កាន់​ជើង​ទេ ចាំ​ខ្ញុំ​សួរ​មើល​សិន​ណា! សួរ​មន្ត្រី​មើល​សិន»

ទាក់ទិន​ករណី​នេះ​ដែរ មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ឆាយ ធី ទទួល​ស្គាល់​ថា ប្រជាពលរដ្ឋ​ពិត​ជា​បាន​ប្ដឹង​ពី​ករណី​ឆ្មាំ​ពន្ធនាគារ​គាប​សង្កត់​ទារ​ប្រាក់​មែន។ លោក​ថា នឹង​អន្តរាគមន៍​ពាក្យ​បណ្ដឹង​ពលរដ្ឋ​ជូន​អាជ្ញាធរ​ខេត្ត ដើម្បី​ស៊ើប​អង្កេត និង​ជួយ​ដោះស្រាយ​បញ្ហា​លំបាក​របស់​ពលរដ្ឋ៖ «គាត់​ជា​ពលរដ្ឋ​ក្រីក្រ​អត់​មាន​លទ្ធភាព​ទេ គាត់​មិន​សប្បាយ​ចិត្ត គាត់​មក​អាដហុក ដើម្បី​សុំ​ឲ្យ​មាន​ការ​អន្តរាគមន៍ កុំ​ឲ្យ​យក​លុយ​ពី​គាត់​ក៏​ដូច​ពលរដ្ឋ​ដទៃ​ដែរ។ ទុក្ខ​កង្វល់​បញ្ហា​លំបាក​របស់​ប្រជាពលរដ្ឋ យើង​នឹង​អន្តរាគមន៍​ទៅ​អភិបាល​ខេត្ត»

ពន្ធនាគារ​ខេត្ត​រតនគិរី ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ ក៏​កើត​មាន​ករណី​សាច់ញាតិ ឬ​ក្រុម​គ្រួសារ​អ្នក​ជាប់​ឃុំ ត្អូញត្អែរ​ថា ការ​ចូល​សួរ​សុខ​ទុក្ខ​អ្នក​ជាប់​ឃុំ ត្រូវ​តែ​បង់​ប្រាក់​យ៉ាង​តិច ២​ម៉ឺន ទៅ ៥​ម៉ឺន​រៀល ទើប​មន្ត្រី​ពន្ធនាគារ​អនុញ្ញាត​ឲ្យ​ចូល។ សង្កេត​ឃើញ​ជាក់ស្តែង​រហូត​មក​ទល់​នឹង​ឆ្នាំ​២០១៣ ពន្ធនាគារ​នេះ​នៅ​តែ​មាន​សភាព​ចាស់​ទ្រុឌទ្រោម មិន​មាន​ការ​ជួសជុល ឬ​កែលំអ ហើយ​ជា​បន្តបន្ទាប់ ពិរុទ្ធជន និង​ទណ្ឌិត​ក្នុង​ពន្ធនាគារ​ជិត ១០​នាក់ បាន​គាស់​ជញ្ជាំង ឬ​ចំរឹង​រត់​ចេញ​ពី​ពន្ធនាគារ​ដោយ​សុវត្ថិភាព។

យ៉ាង​នេះ​ក្តី ពី​ដើម​ឆ្នាំ​២០១៤ រហូត​បច្ចុប្បន្ន បន្ទាប់​ពី​ប្រធាន​ថ្មី​ចូល​បំពេញ​ភារកិច្ច​ជំនួស​ប្រធាន​ចាស់ សង្កេត​អគារ​រដ្ឋបាល​របង និង​ទីធ្លា​ផ្នែក​ខាង​មុខ​ពន្ធនាគារ បាន​ជួសជុល​មាន​លក្ខណៈ​ល្អ​ជាង​មុន​មួយ​កម្រិត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles