Wed, 30 July 2014
ផាក់ ស៊ាងលី
ភ្នំពេញប៉ុស្តិ៍
ព្រះវិហារៈ ក្រុមអ្នកល្បាតព្រៃសហគមន៍បានដាក់បណ្តឹងទៅសមាគម អាដហុក ដើម្បីសុំអន្តរាគមន៍កាលពីម្សិលមិញ បន្ទាប់ពីត្រូវអ្នកកាប់ឈើខុសច្បាប់ពីរនាក់កាប់នឹងពូថៅ និងគំរាមសម្លាប់នៅព្រៃក្នុង ឃុំភ្នំត្បែង ១ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
លោក សាំង ស៊ីមឿន អាយុ ៦១ឆ្នាំ ប្រធានសហគមន៍សំឡាញ បានឲ្យដឹងបន្ទាប់ពីដាក់ពាក្យបណ្តឹងទៅ អាដហុក ខេត្តកាលពីម្សិលមិញថា សហគមន៍បានប្តឹងសុំអន្តរាគមន៍ពីអង្គការ អាដហុក និងអាជ្ញាធរដែលពាក់ព័ន្ធឲ្យចាត់វិធានការច្បាប់លើសមាជិកសហគមន៍ឈ្មោះ នូវ កេង និង ថាវ សុខហេង ដែលបានកាប់និងគំរាមសម្លាប់ក្រុមល្បាតព្រៃរបស់សហគមន៍។
លោក សាំង ស៊ីមឿន អះអាងថា៖ «ពួកគេលួចកាប់ឈើក្នុងព្រៃសហគមន៍ពេលយើងទៅទាន់បានថតរូបនិងសុំដកហូតម៉ាស៊ីនអារ តែពួកគេមិនព្រមឲ្យ ហើយទាញពូថៅកាប់អ្នកល្បាតម្នាក់»។
ប្រធានសហគមន៍រូបនេះបន្តថា កាលពីថ្ងៃ ទី១៥ ខែកក្កដា សហគមន៍គាត់មានគ្នា ៣៣នាក់ នាំគ្នាដើរល្បាតព្រៃសហគមន៍ សំឡាញ មានទំហំ ២០០៥ ហិកតា នៅលើ ភ្នំត្បែង នឹងបានដេកក្នុងព្រៃពីរយប់។ ពេលធ្វើដំណើរត្រឡប់មកវិញនៅថ្ងៃ ទី១៧ កក្កដា ក៏ឮសំឡេងម៉ាស៊ីនអារឈើក្នុងព្រៃហើយបានដើរទៅមើលក៏ប្រទះឃើញឈ្មោះ នូវ កេង និង ថាវ សុខហេង កំពុងអារឈើ ក៏នាំគ្នាព័ទ្ធឲ្យបញ្ឈប់និងថតរូបខ្លះទុកជាវត្ថុតាង។ តែពួកគេបានដណ្តើមម៉ាស៊ីនថត ហើយមិនព្រមឲ្យដកហូតម៉ាស៊ីនអារទេ។
លោក ស៊ីមឿន ប្រាប់ថា៖ «ពួកគេខឹង ហើយទាញពូថៅកាប់ក្បាលគ្នាយើងម្នាក់ឈ្មោះ តក់ ណន តែរអិលជើងគេចផុតហើយថា អាណាខ្លាំងចូលមក ហ៊ានដកម៉ាស៊ីននឹងកាប់ឲ្យងាប់និងដាក់គុកទៀត»។
នៅកន្លែងកើតហេតុប្រជាសហគមន៍ប្រទះឃើញឈើ បេង នាងនួន និង ធ្នង់ ៥១ សន្លឹកនិងដើមឈើមួយដើមធំដែលពួកគេកំពុងអារជ្រៀក។
លោកបន្តឲ្យដឹងថា អាជ្ញាធរបានទទួលស្គាល់ព្រៃសហគមន៍នេះ ដែលមានសមាជិក ៣៥៣ គ្រួសារ។ ប៉ុន្តែចាប់ពី ឆ្នាំ២០១២ មកឈើប្រណីតក្នុងព្រៃនេះបាននិងកំពុងរងការបំផ្លាញ ដូចនេះទើបពួកគាត់ដើរល្បាត ៣ ដង ក្នុង ១ខែៗ ដើម្បីការពារព្រៃដែលនៅសេសសល់។
លោក ស៊ីមឿន បញ្ជាក់ថា៖ «ពួកអ្នកកាប់ឈើបានលក់ឈើទៅឲ្យសិប្បកម្ម និងក្រុមហ៊ុន ដោយមានអ្នកកាងនៅពីក្រោយចាំទិញ។ អ្នកកាងនោះខ្លះជាអាជ្ញាធរដែលក្រុមល្មើសហៅស៊ីផឹកនិងបង់លុយឲ្យ»។
ទោះយ៉ាងណាសហគមន៍មិនទាន់បញ្ចេញឈ្មោះ អ្នកនៅពីក្រោយខ្នងជាមន្រ្តីអាជ្ញាធរទេ ដោយនៅស្រាវជ្រាវនិងរកភ័ស្តុតាងឲ្យបានច្បាស់សិន។
លោក ឡោ ចាន់ អ្នកសម្របសម្រួលសមាគម អាដហុក ខេត្តព្រះវិហារ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា ក្រៅពីគំរាមនិងប៉ុនប៉ងកាប់សម្លាប់សមាជិកសហគមន៍ក៏បានចោទ នូវ កេង ថាកាលពីថ្ងៃសៅរ៍អាទិត្យមុនបានគំរាមសម្លាប់ឈ្មោះ អឹម អូន, តក់ ណន និង អ៊ុន វណ្ណៈ ឲ្យបាន។
លោក ចាន់ បន្តថា៖ «ព្រោះតែមានការគំរាមសម្លាប់ជាបន្តបន្ទាប់ ទើបពួកគាត់មានការបារម្ភពីសុវត្ថិភាពហើយស្វែងរកកិច្ចអន្តរាគមន៍ពី អាដហុក។ រឿងនេះបើគ្មានអ្នកកាងក៏អ្នកកាប់ឈើមិនហ៊ានធ្វើដែរ»។
លោកថា អាដហុក នឹងអង្កេតករណីនេះបន្ថែមទៀត មុននឹងបញ្ជូនបណ្តឹងនេះទៅតុលាការនិងអាជ្ញាធរពាក់ព័ន្ធ។ លោកកត់សម្គាល់ថា ព្រៃឈើនៅ ភ្នំត្បែង ព្រះរកា និងព្រៃឡង់ ជាព្រៃនៅសេសសល់ពីការកាប់បំផ្លាញចុងក្រោយ បើមិនចាត់វិធានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាពទេ វានឹងបាត់បង់ក្នុងពេលឆាប់ខាងមុខនេះ។
ភ្នំពេញ ប៉ុស្តិ៍ មិនអាចទំនាក់ទំនងទៅឈ្មោះ នូវ កេង និង ថាវ សុខហេង ដែលរងការចោទប្រកាន់សុំការបំភ្លឺបានទេកាលពីម្សិលមិញ។ប៉ុន្តែលោក សួ សូយ មេឃុំ ភ្នំត្បែង ១ ប្រាប់ថា សហគមន៍បានប្រាប់គាត់ពីករណីនេះដែរ លោកក៏កំពុងរៀបចំកោះហៅភាគីទាំងសងខាងមកធ្វើការសម្រុះសម្រួលគ្នា ដោយឲ្យឈ្មោះ នូវ កេង និង ថាវ សុខហេង ធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តបទល្មើសកាប់ឈើ និងឈប់គំរាមកំហែងក្រុមល្បាតទៀត។
លោកមេឃុំបញ្ជាក់ថា៖ «អ្នករកស៊ីឈើតែងមានខ្នងបង្អែក។ ខ្ញុំនឹងហៅពួកគេមកដោះស្រាយគ្នា បើគេមិនព្រមឈប់ស្រេចតែសហគមន៍ចាត់ការចុះ»៕