ដោយ៖ តាំង វីដា
ថ្ងៃពុធ ទី30 កក្កដា 2014
http://vodhotnews.com
អង្គការអ្នករាយការណ៍គ្មានព្រំដែន (Reporters Without Borders) ថាសេរីភាពបញ្ចេញមតិលើប្រព័ន្ធអ៊ីនធើណែតនៅកម្ពុជា កំពុងរងនូវការគំរាមកំហែង និងការចោទប្រកាន់។
សេចក្តីប្រកាសព័ត៌មានរបស់អង្គការអ្នករាយការណ៍គ្មានព្រំដែន ចុះថ្ងៃទី២៩ ខែកក្កដា បានលើកឡើងនូវករណីមួយ ដែលសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែកក្កដា សម្រេចផ្តន្ទាទោសលើ អ្នកសារព័ត៌មាន និងជាអ្នកសរសេរប្លុកលើអ៊ីនធើណែត (blogger) ជនជាតិអង់គ្លេសមួយរូប លោក Rupert Winchester ពីបទបរិហាកេរ្តិ៍ ។ ការចោទប្រកាន់នេះ បានកើតឡើងប៉ុន្មានខែ ក្រោយពីការលេចឮនូវគម្រោងអនុវត្តសេចក្តីព្រាងច្បាប់គ្រប់គ្រងប្រព័ន្ធអ៊ីនធើណែតនៅកម្ពុជា (cybercrime law) ។
កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៣ លោក Rupert Winchester បានបង្ហោះនូវអត្ថបទមួយក្នុងទំព័រប្លុក (blog) របស់លោក ដែលមានចំណងជើងថា The Mighty Penh ពាក់ព័ន្ធនឹងតម្រូវការនៃការការពារបេតិកភណ្ឌស្ថាបត្យកម្មរបស់កម្ពុជា ។ អត្ថបទនោះបានលើកឡើងឧទាហរណ៍មួយនៃក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ឈ្មោះ ស៊ីធីស្តារ បានព្យាយាមលក់វីឡាសម័យអាណានិគមមួយ ក្នុងតម្លៃ ១៤ លានដុល្លារ ដោយបានដឹងមុនថា អ្នកទិញ នឹងវាយកម្ទេចវីឡានោះ ហើយសាងសង់ខុនដូកម្ពស់ ៧ជាន់នៅទីនោះ។
ប៉ុន្តែការលើកឡើងនេះ ត្រូវបាននាយកគ្រប់គ្រងក្នុងតំបន់អាស៊ីរបស់ក្រុមហ៊ុន ស៊ីធីស្តារ លោក Etienna Chenevier ប្តឹង ហើយសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤នេះ សម្រេចផ្តន្ទាទោសលោក Rupert Winchester ដោយពិន័យប្រាក់ ៨លានរៀល និងសងជម្ងឺចិត្តទៅក្រុមហ៊ុន ចំនួន ១០០លានរៀល។
ករណីនេះ នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មាន លោក មឿន ឈានណារិទ្ធ យល់ថា ការប្រើប្រាស់ប្រព័ន្ធតុលាការផ្តន្ទាទោសនេះ មិនមានភាពសមាមាត្រ ទៅនឹងទង្វើរបស់អ្នកសារព័ត៌មានរូបនោះឡើយ សម្រាប់ការបញ្ចេញមតិក្នុងសង្គមប្រជាធិបតេយ្យ។ លោកថា ក្នុងករណីដែលការបង្ហាញព័ត៌មានក្នុងប្លុក ឬប្រព័ន្ធអ៊ីនធើណែតខុសពីការពិតនោះ ការផ្តន្ទាទោសគប្បីត្រឹមជាការស្នើកែតម្រូវ ឬការសុំទោសជាសាធារណៈ។
សម្រាប់នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព ចាត់ទុកថា ករណីនេះបង្ហាញពីសញ្ញាណនៃការគំរាមកំហែងលើការបញ្ចេញមតិ ដោយការអនុវត្តច្បាប់ចោទប្រកាន់ធ្ងន់ធ្ងរ។ លោកស្រី គិតថា បញ្ហាចោទដែលនាំឲ្យមានបញ្ហាសម្រាប់សារព័ត៌មាន គឺការមិនបើកទូលាយព័ត៌មាន នៃស្ថាប័នពាក់ព័ន្ធ។
បើតាមការវាយតម្លៃរបស់អង្គការអ្នករាយការណ៍គ្មានព្រំដែន ចាប់ពីឆ្នាំ២០១២មក កម្ពុជា ពុំដែលទទួលបានចំណាត់ថ្នាក់នៃការបញ្ចេញមតិល្អនោះទេ ។ តួយ៉ាង ក្នុងឆ្នាំ២០១២កម្ពុជាទទួលបានចំណាត់ថ្នាក់១១៧ ឆ្នាំ២០១៣ ចំណាត់ថ្នាក់១៤៣ ហើយនៅដើមឆ្នាំ២០១៤ ទទួលបានចំណាត់ថ្នាក់ពី១៤៣ ទៅ១៤៤ ក្នុងចំណោមប្រទេស១៧៩ ។
សូមសរសេរមកកាន់លោក តាំង វីដា តាមរយៈ vida@vodhotnews.com