ដោយ៖ ថុល ស្រីលក្ខណ៍
ថ្ងៃពុធ ទី30 កក្កដា 2014
http://vodhotnews.com
បុគ្គលិកក្រុមហ៊ុនឡានក្រុងភ្នំពេញសុរិយា ព្រមានធ្វើបាតុកម្មជាថ្មីទៀតនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ ដើម្បីទាមទារលក្ខខណ្ឌការងារ៦ចំណុច ប្រសិនបើការចរចាជាមួយក្រុមហ៊ុននៅថ្ងៃទី៨ ខែសីហាខាងមុខមិនមានដំណោះស្រាយ។
យោងសេចក្ដីជូនដំណឹង របស់សហជីពប្រចាំក្រុមហ៊ុនសុរិយាដឹកជញ្ជូនអ្នកដំណើរ ចេញផ្សាយកាលពីថ្ងៃទី២៨ខែកក្កដា ឲ្យដឹងថា កម្មករនិយោជិតរបស់ក្រុមហ៊ុនភ្នំពេញសុរិយា នឹងធ្វើបាតុកម្មនៅថ្ងៃទី១១ខែសីហាខាងមុខនេះ ប្រសិនបើការចរចាជាមួយភាគីក្រុមហ៊ុននៅថ្ងៃទី៨ខែសីហា មិនមានលទ្ធផល។
សេចក្តីជូនដំណឹងបញ្ជាក់ថា ការធ្វើបាតុកម្មនេះ នឹងមានសកម្មភាពអហិង្សាមួយចំនួនដូចជា ប្រមូលផ្តុំគ្នានៅខាងមុខក្រុមហ៊ុន ដង្ហែរក្បួន ដើម្បីជំរុញឲ្យស្ថាប័នជាតិ និងអន្តរជាតិជួយដោះស្រាយបញ្ហាដល់ពួកគេ។
យោងសេចក្ដីជូនដំណឹង ឲ្យដឹងថា លក្ខខណ្ឌការងារទាំង៦ចំណុច ដែលពួកគេទាមទារឲ្យក្រុមហ៊ុនគោរពនោះរួមមាន ស្នើឲ្យក្រុមហ៊ុនផ្តល់ប្រាក់ចំនួន៦០ដុល្លារក្នុងមួយខែបន្ថែមលើប្រាក់ឈ្នួលដែលកំពុងអនុវត្តសព្វថ្ងៃ ស្នើឲ្យផ្តល់ប្រាក់ឈ្នួលគុណនឹង២សម្រាប់ថ្ងៃបុណ្យ និងថ្ងៃអាទិត្យ ស្នើឲ្យផ្តល់ប្រាក់សុខភាព១០ដុល្លារក្នុងមួយខែ និងទទួលយកថ្នាក់ដឹកនាំ និងសហជីពចំនួន១៧នាក់ឲ្យចូលធ្វើការវិញជាដើម។
សេចក្តីជូនដំណឹងបន្ថែមថា ពួកគេគាំទ្រ និងចូលរួមយ៉ាងពេញទំហឹងក្នុងការបង្កើតសហជីពប្រចាំក្រុមហ៊ុន ដើម្បីបង្កើតទំនាក់ទំនងវិជ្ជាជីវៈ និងលើកកម្ពស់លក្ខខណ្ឌការងារឲ្យបានល្អប្រសើរ។ លិខិតបន្ថែមថា ពួកគេខកចិត្ត និងមិនអាចទទួលយកបានទេចំពោះទង្វើរបស់ក្រុមហ៊ុន ដែលបានបញ្ឈប់ថ្នាក់ដឹកនាំ និងតំណាងសហជីព រួមទាំងការផ្តល់ប្រាក់អត្ថប្រយោជន៍ផ្សេងៗ ទាបជាងអប្បបរមាដែលបានកំណត់ដោយច្បាប់។
ប្រធានសហជីពប្រចាំក្រុមហ៊ុនសុរិយាដឹកជញ្ជូនអ្នកដំណើរ លោក សម្បត្តិ វន បានឲ្យ VOD ដឹងនៅព្រឹកថ្ងៃអង្គារនេះថា ពួកគាត់មិនមានជំនឿចំពោះការចរចានៅថ្ងៃទី៨ ខែសីហាខាងមុខនេះទេ ព្រោះក្រុមហ៊ុនមិនមានបំណងដោះស្រាយបញ្ហាដល់ពួកគាត់ឡើយ។
ឆ្លើយតបនឹងបញ្ហានេះ អគ្គនាយកក្រុមហ៊ុនភ្នំពេញសុរិយាដឹកជញ្ជូនអ្នកដំណើរ លោក ចាន់ សុផាន់ណា ថាក្រុមហ៊ុនមិនបានគាបសង្កត់ ដូចការអះអាងរបស់កម្មករនោះទេ ហើយការតវ៉ាជាសិទ្ធិបុគ្គលិក។ លោកថា ចំពោះការទទួលយកបុគ្គលិកទាំង១៧នាក់ឲ្យចូលធ្វើការវិញឬយ៉ាងណានោះ រង់ចាំសេចក្តីសម្រេចនៅពេលកិច្ចប្រជុំនៅថ្ងៃទី៨ខែសីហាខាងមុខនេះសិន។
គួរបញ្ជាក់ថា បុគ្គលិកក្រុមហ៊ុនភ្នំពេញសុរិយាដឹកជញ្ជូនអ្នកដំណើរនេះ បានធ្វើកូដកម្មជាច្រើនលើកតាំងពីដើមខែមេសាឆ្នាំ២០១៤ ដោយសារភាគីក្រុមហ៊ុនបានបញ្ឈប់បុគ្គលិក១៧នាក់ បន្ទាប់ពីពួកគេបង្កើតសហជីព។ ក្នុងនោះក្រុមប្រឹក្សាអាជ្ញាកណ្តាល បានសម្រេចឲ្យភាគីក្រុមហ៊ុនទទួលយកបុគ្គលិកទាំង១៧នាក់នោះឲ្យចូលធ្វើការវិញ តែភាគីក្រុមហ៊ុនបដិសេធ ទើបពួកគេគ្រោងនឹងជួបប្រជុំជាថ្មីទៀតនៅថ្ងៃទី៨ខែសីហាខាងមុខនេះ៕
សូមសរសេរមកអ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com