​ពលរដ្ឋ​ម្នាក់​នៅ​រតនគិរី សុំ​អន្តរាគមន៍​ពី​អាដហុក ករណី​មន្ត្រី​ពន្ធនាគារ​ទារលុយ​ពេល​ចូល​សួរ​ទុក្ខ​សាច់ញាតិ​​

ដោយ៖​ ប្រែ​ង សត្យា​ភិរក្ស​ និង សុវណ្ណ ប៊ុនថៃ​
ថ្ងៃពុធ ទី30 កក្កដា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

ក្រុមគ្រួសារលោក ហេង ចាន់ធូ ម្ចាស់ពាក្យបណ្តឹង (រូបដោយ៖សុវណ្ណ ប៊ុនថៃ)

​ពលរដ្ឋ​១​គ្រួសារ រស់នៅ​ក្នុងភូមិ​៤ សង្កាត់​កា​ចាញ ក្រុង​បាន​លុង ដាក់​បណ្ដឹងសុំ​អន្តរាគ​មន៍​ពី​សមាគម​អាដហុក​ខេត្ត​រតនគិរី ករណី​មន្ត្រី​ពន្ធនាគារ​ខេត្ត ទារលុយ​ពី​ពួក​គាត់​ក្នុង​ចំនួន​ច្រើន​ជា​ថ្នូរ​នឹង​ការ​ចូល​សួរសុខទុក្ខ​ ឪពុក​របស់​គាត់ ដែល​ត្រូវបាន​ឃុំខ្លួន​នៅ​ទីនោះ​។​

​ពលរដ្ឋ​ ម្ចាស់​បណ្ដឹងលោក ហេង ចាន់ធូ ប្រាប់​VOD​នៅ​ថ្ងៃ​ពុធ​នេះ​ថា កាលពី​ថ្ងៃ​ទី​២៧ ខែកក្កដា លោកនិង​ភរិយា បាន​ទៅ​សួរ​សុខ​ទុក​ឪពុក​ឈ្មោះ សុខ ហេង ដែល​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​រតនគិរី ប៉ុន្តែ​ត្រូវបាន​មន្ត្រី​ពន្ធនាគារ​ទាមទារ​ប្រាក់​ចំនួន​៨០០០០​រៀល ជា​ថ្នូរ​នឹង​ការ​អនុញ្ញាត​ឲ្យចូល​។ លោក​បន្តថា ដោយសារ​គ្រួសារ​លោក​មាន​ជីវភាព​ក្រីក្រ និង​មិន​មាន​លទ្ធផល​ដើម្បី​ប្រគល់ឲ្យម​ន្រី្ត​ពន្ធនាគារ​នោះ ទើប​សម្រេច​ដាក់​ពាក្យបណ្ដឹង​សុំ​អន្តរាគមន៍​ពី​ខាង​សមាគម​អាដហុក ដើម្បី​សម្រួល​ឲ្យ​គាត់​បាន​ចូល​ជួប​ឪពុក​ចាស់ជរា​ផង​។

​ លោក ហេង ចាន់ធូ  ស្នើ​ឲ្យ​មន្ត្រី​ពន្ធនាគារ កុំ​ទាមទារ​ប្រាក់​ពី​ពលរដ្ឋ​ក្រីក្រ​ច្រើនពេក ព្រោះ​ពួកគាត់​គ្មាន​លទ្ធភាព ដើម្បី​រក​ប្រាក់​ក្នុង​ចំនួន​ច្រើន​ដូចនេះ សម្រាប់​បង់​ជូន​ពន្ធនាគារ ក្នុង​ការ​ចូល​សួរសុខទុក្ខ​ម្ដងៗ​នោះទេ​។​

​ប្រធាន​ពន្ធនាគារ​ ខេត្ត​រតនគិរី លោក ទីន សុវណ្ណនី ច្រាន​ចោល​ការចោទប្រកាន់​នេះ ដោយ​អះអាង​ថា មិន​មាន​ករណី​ទារលុយ​ពី​ពលរដ្ឋ​ឈ្មោះ ហេង ចាន់ធូ នោះទេ​។ លោក​ចាត់​ទុក​រឿងនេះ គឺជា​ការមូល​បង្កា​ច់ម​កលើ​មន្ត្រី​របស់​លោក​ប៉ុណ្ណោះ​។ លោក​បញ្ជាក់ថា ដោសាយរ ​ឈ្មោះ ហេង ចាន់ធូ មក​សុំ​សួរ​ឪពុក​ចំ​ថ្ងៃ​ឈប់សម្រាក ហើយ​មិន​មាន​ការអនុញ្ញាត​ពី​ថ្នាក់លើ​ផង ដូច្នេះ​លោក​មិន​អនុញ្ញាត​ឲ្យចូល ទើប​ធ្វើឲ្យ​រូបគេ​ប្រកាន់​ខឹង ហើយ​មូល​បង្កាច់​ចំពោះ​មន្ត្រី​របស់​លោក​។​

​ ពាក់ព័ន្ធ​នឹង​ករណី​នេះ​ដែរ មន្ត្រី​សម្របសម្រួល​របស់​សមា​គម​ការពារ​សិទ្ធិមនុស្ស អាដហុក ខេត្ត​រតនគិរី លោក ឆាយ ធី មានប្រសាសន៍ថា ខាង​លោក​ពិតជា​បាន​ទទួល​ពាក្យបណ្ដឹង​ពី​ពលរដ្ឋ​ឈ្មោះ ហេង ចាន់ធូ មែន ហើយ​បាន​ជូន​ព័ត៌មាន​ទៅកាន់​លោក​អភិបាលខេត្ត​ហើយ​ដែរ​។ លោក​បន្ថែមថា សមាគម​បាន​ចាត់​មន្ត្រី​២​រូប ដើម្បី​ជូន​ម្ចាស់​បណ្ដឹង​ទៅ​សួរសុខទុក្ខ​ឪពុក និង​ស៊ើបអង្កេត​ករណីនេះ​៕

សូមសរសេរមកកាន់លោក ប្រែ​ង សត្យា​ភិរក្ស​ និងលោក សុវណ្ណ ប៊ុនថៃ តាមរយៈ  phireak1988.kth@gmail.com​    ​   ​

What Next?

Recent Articles