ដោយ៖ តាំង វីដា
ថ្ងៃសុក្រ ទី1 សីហា 2014
http://vodhotnews.com
សង្គមស៊ីវិល និងអ្នកច្បាប់ ចាត់ទុកការផ្តល់អភ័យឯកសិទ្ធិដូចតំណាងរាស្ត្រដល់សមាជិក គជប ថ្មី អាចធានានូវសិទ្ធិសម្រេចពេញលេញរបស់ស្ថាប័ននេះ តែក៏អាចប្រឈមនឹងបញ្ហា ប្រសិនបើសមាជិកទាំងនោះ មិនមានឯករាជ្យភាព។
ក្រោយកិច្ចព្រមព្រៀងបញ្ចប់ជម្លោះនយោបាយ កាលពីថ្ងៃទី២២ ខែកក្កដា គណបក្សជាប់ឆ្នោតទាំងពីរ បានឯកភាពក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយដាក់ស្ថាប័ន គជប ក្នុងជំពូក១៥ នៃរដ្ឋធម្មនុញ្ញ ហើយការជ្រើសរើសសមាសភាព គជប គឺតាមរយៈការប្រើរូបមន្ត៤រូប មកពីគណបក្សប្រជាជនកម្ពុជា ៤រូបពីគណបក្សសង្គ្រោះជាតិ និង១រូបទៀតជ្រើសរើសដោយការព្រមព្រៀងគ្នា។
ទន្ទឹមនឹងដំណើរការវិសោធនកម្មនេះ ការទាមទារអភ័យឯកសិទ្ធិដល់សមាជិកស្ថាប័ននេះ ត្រូវបានស្នើឡើងដោយគណបក្សប្រឆាំង និងសង្គមស៊ីវិលមួយចំនួន ក្នុងគោលបំណងធ្វើឲ្យស្ថាប័ននេះ កាន់តែមានតម្លាភាព និងឯករាជ្យភាព។
នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតហៅកាត់ថា និចហ្វិច លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ការមានអភ័យឯកសិទ្ធិនេះ អាចជួយឲ្យសមាជិក គជប ថ្មី អនុវត្តតួនាទីរបស់ខ្លួន ដោយឯករាជ្យ មិនបារម្ភពីការគំរាមកំហែងពីមជ្ឈដ្ឋានខាងក្រៅ។ ប៉ុន្តែ លោកយល់ថា ចំណុចចាប់ផ្តើមនៃការធានាឯករាជ្យភាពរបស់ស្ថាប័នថ្មីនេះ គប្បីចាប់ផ្តើមពីការរៀបចំច្បាប់ និងការជ្រើសរើសបុគ្គលដែលឯករាជ្យ។
សម្រាប់លោក ព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជា យល់ថា ថ្វីបើការផ្តល់អភ័យឯកសិទ្ធិនេះអាចធានាការពារការសម្រេចចិត្តរបស់សមាជិកស្ថាប័ននេះ តែបញ្ហាប្រឈមនឹងកើតមាន ក្នុងកាលៈទេសៈ ដែលសមាជិកណាម្នាក់ ជាបុគ្គលទុច្ចរិត និងមាននិន្នាការនយោបាយ។ លោកគិតថា ការផ្តល់អភ័យឯកសិទ្ធិ គប្បីធ្វើឡើងតែក្នុងរយៈកាលសមរម្យមួយ ក្រោមការថ្លឹងថ្លែងទៅនឹងបរិបទសង្គមកម្ពុជាបច្ចុប្បន្ននេះ។
យ៉ាងណាក៏ដោយ អតីតឧត្តមទីប្រឹក្សារបស់ព្រះបរមរតនកោដ្ឋសម្តេច ព្រះនរោត្តម សីហនុ និងជាបណ្ឌិតផ្នែកច្បាប់ លោក សាយ បូរី គាំទ្រចំពោះការផ្តល់ឲ្យមានអភ័យឯកសិទ្ធិដល់សមាជិក គជប ថ្មីនេះ ដោយលោកចាត់ទុកថា ការធ្វើបែបនេះអាចជួយឲ្យ គជប ថ្មីនេះ អាចបំពេញការងារដោយឯករាជ្យ។
ដោយឡែក សម្រាប់អ្នកវិភាគនយោបាយ លោក សុខ ទូច មិនគាំទ្រចំពោះការស្នើឲ្យមានអភ័យឯកសិទ្ធិនេះឡើយ។ លោកយល់ថា ការផ្តល់អភ័យឯកសិទ្ធិដល់សមាជិក គជប ក្រោមរូបមន្តគណបក្សទាំងពីរបានសម្រេច ដែលមានម្ខាងៗ៤រូប រើសដោយគណបក្សនោះ អាចនាំឲ្យប្រព័ន្ធច្បាប់ និងការអនុវត្តច្បាប់ មិនមានប្រសិទ្ធិភាព ព្រោះបុគ្គលទាំងនោះ អាចនឹងស្ថិតក្រោមសម្ពាធអ្នកនយោបាយ។
ថ្លែងក្នុងពិធីបិទសន្និបាតមួយនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ស ខេង បានលើកឡើងជុំវិញសំណើរបស់បក្សប្រឆាំង និងសង្គមស៊ីវិល ចំពោះការទាមទារអភ័យឯកសិទ្ធិគជបថ្មីនេះថា ប្រសិនបើសមាជិក គជប មានអភ័យឯកសិទ្ធិដូចតំណាងរាស្ត្រនោះ សំណួរសួរថា តើ គជប ត្រូវមានគណនេយ្យភាពទៅអំណាចមួយណា ក្នុងចំណោមអំណាចទាំងបី គឺនីតិបញ្ញត្តិ នីតិប្រតិបត្តិ និងអំណាចតុលាការ។ លោកបញ្ជាក់ថានេះជារឿងថ្មីមួយទៀត ដែលត្រូវពិភាក្សាពីបំណងជាក់លាក់ក្នុងការស្នើសមាជិក គជប ឲ្យមានអភ័យឯកសិទ្ធិដូចតំណាងរាស្ត្រ៕
សូមសរសេរមកលោក តាំង វីដា តាមរយៈ vida@vodhotnews.com