ដោយ៖ អ៊ឹង ប៊ុនថន
ថ្ងៃសុក្រ ទី1 សីហា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មើលរូបភាពបន្ថែម
ថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ដែលមេធាវីស្នើឲ្យសាលាក្តីខ្មែរក្រហម កោះហៅធ្វើជាសាក្សី
,?p>
ជាថ្មីម្តងទៀត សហមេធាវីការពារក្តីជនជាប់ក្នុងសំណុំរឿង០០២ ស្នើឲ្យសាលាក្តីខ្មែរក្រហម កោះហៅមេដឹកនាំកំពូលៗ នៃគណបក្សប្រជាជនកម្ពុជាមួយចំនួន ឲ្យចូលបំភ្លឺនៅតុលាការកូនកាត់មួយនេះ ក្នុងឋានៈជាសក្សី ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មនានា នៅសម័យខ្មែរក្រហម។
ការទាមទារនេះ ធ្វើមុនពេលដែលតុលាការ គ្រោងប្រកាសសាលក្រម សំណុំរឿង០០២ ដែលមានជនជាប់ចោទ នួន ជា និងខៀវ សំផន នៅថ្ងៃទី៨ខែសីហានេះ។
នៅក្នុងសវនាការបឋម សំណុំរឿង០០២ វគ្គ០២ កាលពីរសៀលថ្ងៃទី៣០ខែកក្កដាឆ្នាំ២០១៤នេះ មេធាវីជនជាប់ចោទ នួន ជា គឺលោក សួន វិសាល បានស្នើឲ្យកោះហៅ លោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា និងជាព្រឹទ្ធសភា លោក ហេង សំរិន ប្រធានកិត្តិយស និងជាប្រធានរដ្ឋសភា លោក អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា និងលោក ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។ ប្រធានសាលាដំបូង នៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក) លោក និល ណុន បញ្ជាក់ថា អង្គជំនុំជម្រៈ នឹងពិចារណាលើការស្នើនេះ។
តើមានមូលហេតុអ្វីនៅពីក្រោយនៃការស្នើរបស់មេធាវី ឲ្យសាលាក្តីខ្មែរក្រហមកោះហៅមេដឹកនាំគណបក្សគណបក្សប្រជាជនកម្ពុជាទាំងនេះ?
លោកមេធាវី សុក សំអឿន យល់ថា ការដែលមេធាវីការពារជនជាប់ចោទស្នើនេះអាចមានហេតុផលពីរយ៉ាងនៅក្រោយបញ្ហានេះ «ព្រោះក្នុងន័យនេះ វាមានចំណុចពីរ ទី១-គឺបញ្ហាទាញអ្នកនយោបាយ ដើម្បីពន្យឺតនីតិវិធី ឬខ្ទាស់នីតិវិធី ហើយគោលបំណងមួយទៀត ដើម្បីចង់ដឹងការពិត ស្វែងរកយុត្តិធម៌ប្រាកដមែន។ ហើយដូច្នេះការសម្រេចចិត្តលើចៅក្រម តើចៅក្រមគាត់យល់យ៉ាងម៉េច តើមេធាវីដែលទាមទារនេះ គេសម្អាងទៅលើអី? គាត់ដឹងរឿងអី បានហៅ… សំខាន់ឲ្យតែការសម្រេចរបស់គាត់ដោយឯករាជ្យ»។
ទោះជាយ៉ាងណា ក្នុងការស្នើសុំនោះ មានភាពចម្រូងចម្រាស រវាងសហមេធាវីការពារក្តីជនជាប់ចោទ ជាមួយនឹងសហព្រះរាជអាជ្ញាជាតិ លោកស្រី ជា លាង។ លោកស្រីលើកឡើងថា សាក្សីទាំងបួនរូបនោះមានវ័យចាស់ៗ ដូច្នេះបើនៅតែកោះហៅដដែលៗ នឹងធ្វើឲ្យខាតពេលវេលានៃសវនាការ។ ប៉ុន្តែសហមេធាវីការពារក្តីជនជាប់ចោទ លោក សួន វិសាល យល់ថា សហព្រះរាជអាជ្ញាជាតិ លោកស្រី ជា លាង ហាក់មានចេតនាមិនឲ្យសាក្សីទាំងបួនរូបនោះចូលមកឆ្លើយ។
អគ្គលេខាធិការនៃគណៈកម្មាធិការប្រព្រឹត្តិកម្មលោក សួន ប៊ុនស័ក្តិ យល់ថា បើតុលាការឯករាជ្យធ្វើការដើម្បីយុត្តិធម៌ពិតប្រាកដ ត្រូវតែហ៊ានកោះហៅមេដឹកនាំគណបក្សកាន់អំណាចទៅបំភ្លឺ។ លោកបញ្ជាក់ថា មូលហេតុដែលមេធាវីទាមទារនេះ គឺចង់ឲ្យមានយុត្តិធម៌សម្រាប់កូនក្តីរបស់ខ្លួនផង និងសម្រាប់ប្រជាជនទូទៅផង «ក្នុងឋានៈជាចៅក្រម ក្នុងឋានៈជាតុលាការកន្លងទៅ បើកាលណាគេហ៊ានចេញដីកាហៅនរណាម្នាក់ឲ្យទៅសួរហើយ រឿងអីដែលគេខ្លាចសួរនាំប្រវត្តិសាស្ត្រផ្សេងៗ រឿងអីដែលគេខ្លាចសួរពីព័ត៌មានរបស់គេផ្សេងៗ អ្នកដែលត្រូវបានគេកោះចូលទៅវិញទេ ដែលគួរខ្លាច។ ដូច្នេះ ចំណុចនេះខ្ញុំយល់ឃើញថា បើកាលណាហៅមន្ត្រីជាន់ខ្ពស់កម្ពុជាចូលទៅ ដើម្បីបំភ្លឺនៅក្នុងកិច្ចការសវនាការ រកយុត្តិធម៌ហ្នឹង គឺគួរតែទៅ គួរតែជួយផ្តល់ព័ត៌មានក្នុងផលប្រយោជន៍រកយុត្តិធម៌ជូនទាំងអស់គ្នាតើ»។
លោក សួន វិសាល សហមេធាវីការពារក្តី នួន ជា ស្នើសុំបែបនេះ ដោយអះអាងថា សាក្សីទាំងបួនរូបនោះ ជាសាក្សីដែលមានសារៈសំខាន់ក្នុងការស្វែងរកការពិត និងអាចបញ្ជាក់ពីសកម្មភាពផ្សេងៗ ក្នុងអំឡុងពេលដែលពួកគេមានតួនាទីជា កម្មាភិបាលខ្មែរក្រហមក្នុងរបបនោះ។
ប៉ុន្តែលោក សួន ប៊ុនស័ក្តិ អះអាងថា ការចូលបំភ្លឺក្នុងនាមជាសក្សី មិនក្លាយខ្លួនជាជនជាប់ចោទនោះទេ ដោយសារមានច្បាប់ការពារចំលើយរបស់សាក្សី «ក៏ប៉ុន្តែខ្ញុំយល់ថាអញ្ចេះ ជាតិជាតុលាការ ជាអង្គការរកយុត្តិធម៌មួយនេះ ខ្ញុំគិតថា គេគួរតែហ៊ានចេញវិធានការរបស់គែ វិធានការតាមផ្លូវច្បាប់ នៅលើរាល់កិច្ចការអ្វីៗទាំងអស់ ដើម្បីបម្រើផលប្រយោជន៍យុត្តិធម៌ ដើម្បីស្វែងរកយុត្តិធម៌គេគួរតែធ្វើតាមវិធានច្បាប់ តាមវិធានតុលាការទាំងអស់ហ្នឹង»។
អ្នកសម្របសម្រួលសាលាក្តីខ្មែរក្រហម នៃសមាគមអាដហុក លោក ឡាត់ គី យល់ថា តុលាការគួរតែធានានូវភាពអព្យាក្រឹត្យរបស់ខ្លួន ដោយកោះហៅអ្នកដែលពាក់ព័ន្ធទាំងអស់ដែលអាចធ្វើជាសាក្សីក្នុងសវនាការ ដោយមិនគិតពីឋានៈ តួនាទីអ្វីទាំងអស់។ លោកថា តុលាការមិនបាច់កោះហៅសាក្សីនោះទេ ប្រសិនបើជននោះជាជនដែលជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទឧក្រិដ្ឋ «ដើម្បីឲ្យជនជាប់ចោទ អាចទទួលនូវការជំនុំជម្រះក្តីប្រកបដោយភាពយុត្តិធម៌ បានឬមិនបាន ធានានូវភាពឯករាជ្យរបស់ខ្លួន ធានានូវភាពមិនលម្អៀង អ៊ីចឹងតុលាការគឺគ្មានការខ្លាចរអែងអ្វីទេ ទោះបីជាំសាក្សីមានឋានៈ បុណ្យស័ត្តិធំប៉ុន្មានក៏ដោយ គឺឋានៈជាសាក្សី ឬឯខ្លួនជាចៅក្រម គឺមានឋានៈជាចៅក្រមនៅក្នុងការកាត់ក្តី»។
កន្លងមកអតីតសហចៅក្រមអន្តរជាតិ លោក ម៉ាកសែល ឡឺម៉ុងដ៍ បានលាលែងពីសាលាក្តីខ្មែរក្រហម ដោយសារបរាជ័យលើការកោះហៅសាក្សី ដែលជាជនមានតួនាទីធំៗក្នុងជួររដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ននេះ។ ការបរាជ័យ ដោយសារមានការជំទាស់ ពីសហចៅក្រមភាគីកម្ពុជា លោក យូ ប៊ុនឡេង និងសហព្រះរាជអាជ្ញា លោកស្រី ជា លាង។
សាលាក្តីខ្មែរក្រហម ដែលជួបនឹងបញ្ហាខ្វះខាតថវិកា ជាញឹកញាប់កន្លងមកនោះ ត្រូវបានអ្នកឃ្លាំមើល រិះគន់ថា ដោយសារតុលាការកូនកាត់នេះ រងការជ្រៀតជ្រែកផ្នែកនយោបាយ។ ការខ្វះថវិកានេះ ជាផ្នែកមួយនាំឲ្យមានការពន្យាកាត់ក្តី ហើយជនជាប់ចោទ ដូចជាលោក អៀង សារី បានស្លាប់ ចំណែកប្រពន្ធគាត់ អ្នកស្រី អៀង ធីរិទ្ធ មានជំងឺមិនអាចនាំមកកាត់ទោស៕
សូមសរសេរមកលោក អ៊ឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com
justic in cambodia? look like find the needle in the sea’GOD bless all cambodian people’