Fri, 1 August 2014
ផាក់ ស៊ាងលី
ភ្នំពេញប៉ុស្តិ៍
រតនគិរីៈ តំបន់ការពារធនធានធម្មជាតិដែលទើបតែទទួលស្គាល់ដោយក្រសួងបរិស្ថាន កាលពីបីសប្តាហ៍មុន កំពុងតែទទួលរងការកាប់បំផ្លាញហើយសហគមន៍ជនជាតិដើមភាគតិច កំពុងស្វះស្វែងរកកិច្ចអន្តរាគមន៍ទប់ស្កាត់បន្ទាប់ពីរកឃើញឈើ ១០០ ម៉ែត្រគុប តម្លៃប្រមាណ១២ម៉ឺនដុល្លារនៅក្នុងព្រៃ។
កាលពីថ្ងៃទី៩ ខែកក្កដា ព្រៃសហគមន៍ចំនួន ៥ ទំហំសរុបចំនួន ១៨ ៣៩៥ ហិកតា ដែលស្ថិតនៅក្នុងឧទ្យានជាតិវីរជ័យត្រូវបានក្រសួងបរិស្ថាន ចុះហត្ថលេខា ដាក់ជាតំបន់ការពារធម្មជាតិ។ តំបន់ទាំងប្រាំនេះ រួមមាន អូរចាយ អូរទុង អូរតាបូក មណ្ឌលយ៉ន និង អួតខាំផា។ ប៉ុន្តែតំបន់ការពារអូរទុងទំហំ ៩៨៦២ ហិកតា ស្ថិតនៅក្នុងឃុំកុកឡាក់ ស្រុកវ៉ឺនសៃ ខេត្តរតនគិរី ត្រូវបានសហគមន៍អះអាងថា កំពុងទទួលរងការកាប់បំផ្លាញ ពីក្រុមឈ្មួញ ហើយប្រជាសហគមន៍បានដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ទៅអង្គការអាដហុកខេត្តកាលពីម្សិលមិញ។
លោកឆាយ ធី អ្នកសម្របសម្រួលអង្គការអាដហុក បានឲ្យដឹងបន្ទាប់ពីទទួលពាក្យបណ្តឹងនោះថា ក្រុមល្បាត បានប្រទះឃើញឈើធ្នង់ ដែលគេលួចកាប់ប្រមាណ ១០០ ម៉ែត្រគុប នៅពេលចុះល្បាតកាលពីចុងខែកក្កដា។ ក្រៅពីនោះក៏ឃើញមានផ្លូវឡាន រទេះ ក្របី និងគល់ឈើធំៗ បន្សល់ទុកពីការកាប់ផងដែរ។
លោក បន្តថា៖«ព្រៃការពារសហគមន៍ផ្សេងៗ ត្រូវបានកាប់បំផ្លាញអស់រលីងហើយដោយមិនមានការទប់ស្កាត់ពីមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានឡើយ។ មកដល់ពេលនេះ ព្រៃការពារ អូរទុង ក្នុងឧទ្យានជាតិវីរជ័យ កំពុងរងនូវការកាប់បំផ្លាញ ពីក្រុមឈ្មួញដោយខុសច្បាប់»។
លោកបន្ថែមថា តម្លៃឈើប្រណីតបានហក់ឡើងថ្លៃខ្ពស់ ខណៈដែលប្រភេទឈើទាំងនោះ កាន់តែខ្សត់ទៅ។ ឈើធ្នង់មួយម៉ែត្រគុបជាមធ្យមតម្លៃ ១២០០ ដុល្លារ ដូចនេះ ១០០ ម៉ែត្រគុប មានតម្លៃ ១២ ម៉ឺនដុល្លារ។ លោកឆាយ ធីថ្លែងទៀតថា៖
«ព្រៃការពារនោះ គឺជាព្រៃនៅសេសសល់ចុងក្រោយ។ សហគមន៍អស់លទ្ធភាពទប់ស្កាត់ និងអស់ជំនឿលើអាជ្ញាធរមូលដ្ឋាន ទើបរកអាដហុកជួយ»។ អាហុកខេត្ត នឹងធ្វើការអង្កេតជាទ្រង់ទ្រាយធំមួយជាមួយនឹងមន្ត្រីនៅស្នាក់ការកណ្តាល។ ក្រៅពីនោះ ក៏នឹងសុំអន្តរាគមន៍ទៅក្រសួងពាក់ព័ន្ធផងដែរ។
លោកកឿន ម៉ូចអាយុ ៥៣ ឆ្នាំជាជនជាតិកាវ៉ែតបានឲ្យដឹងថា សហគមន៍លោក បានល្បាតក្នុងមួយខែពីរដង ដើម្បីទប់ស្កាត់បទល្មើស ប៉ុន្តែមិនអាចទប់ស្កាត់បាននោះទេ ដោយសារមានកម្លាំងតែ ៩ នាក់ប៉ុណ្ណោះ។ លើសពីនោះសហគមន៍ក៏ជាប់រវល់នឹងការដាំដុះផងដែរ។
លោកថ្លែងថា៖«យើងមិនដឹងថា អ្នកណាជាអ្នកកាប់នោះទេព្រោះមិនដែលបានជួប។ សហគមន៍កំពុងឃ្លាំមើលរកជនប្រព្រឹត្ត និងអ្នកនៅពីក្រោយ ហើយនឹងដាក់ពាក្យប្តឹង»។
លោកជូ សុភ័ក្ត្រប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី បានថ្លែងថា លោកមិនបានដឹងពីបញ្ហានេះទេ។ លោកបានសុំឲ្យសហគមន៍ផ្តល់ដំណឹងនេះទៅលោក ដើម្បីជួយគ្នាចាត់វិធានការទប់ស្កាត់។
លោកបន្តថា៖«ការចុះហត្ថលេខាទទួលស្គាល់គឺដើម្បីឲ្យសហគមន៍ចូលរួមទប់ស្កាត់។ តែបើគាត់ធ្វើមិនឈ្នះទេ សូមប្រាប់មកយើងនឹងជួយទប់ស្កាត់ទាំងអស់គ្នា»៕