​ក្រុម​យុវជន​ខ្មែរ​កម្ពុជាក្រោម ប្រកាស​ធ្វើ​បាតុកម្ម​ជាថ្មី ទាមទារ​ឲ្យ​មន្ត្រី​វៀតណាម​សុំ​ទោស​ជា​ផ្លូវការ​​

ដោយ៖​ ថុល ស្រី​លក្ខណ៍​​
ថ្ងៃចន្ទ ទី4 សីហា 2014
http://vodhotnews.com

សម្ព័ន្ធ​យុវជន​ខ្មែរ​ដើម្បី​លទ្ធិ​ប្រជាធិតេយ្យ និង​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម នៅ​ថ្ងៃ​ចន្ទ​នេះ ប្រកាស​ធ្វើ​បាតុកម្ម​៣​ថ្ងៃ​ជាប់​គ្នា នៅ​សប្តាហ៍​ក្រោយ ដើម្បី​ទាមទារ​ឲ្យ​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​លោក ត្រឹង វ៉ាន​ថុង សុំ​ទោស​ជា​ផ្លូវការ​ចំពោះ​ការអះអាង​របស់​ខ្លួន​ថា ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ជា​ទឹកដី​របស់​វៀតណាម​មុន​បារាំង​កាត់​ឲ្យ​។ 

​ការប្រកាស​ធ្វើបាតុកម្ម​ជា​ថ្មី​ទៀត​នេះ ធ្វើឡើង​បន្ទាប់​ពី​លោក ត្រឹង វ៉ាន​ថុង មិន​បាន​ចេញ​មុខ​សុំទោស​ជា​សាធារណៈ នៅពេល​ដែល​បាតុករ​បាន​យក​ញត្តិ​ដាក់​ទៅ​ស្ថានទូត​វៀតណាម កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ។​មន្ត្រី​ស្ថានទូត​វៀតណាម មិន​បាន​ចេញ​មក​ទទួល​យក​ញត្តិ​ទេ តែ​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​ទទួល​ញត្តិ ដោយ​អះអាង​ថា​បញ្ជូនទៅ​ក្រសួងការបរទេស​កម្ពុ​ជា​។ មន្ត្រី​ក្រសួងការបរទេស​កម្ពុ​ជា អះអាងថា​បាន​ផ្ញើ​ញត្តិ​ទៅ​ស្ថានទូត​វៀតណាម​។​

​ក្នុង​លិខិត​របស់​សម្ព័ន្ធ​យុវជន​ខ្មែរ​ក្រោម ដឹកនាំ​ដោយ​លោក ថាច់ សេដ្ឋា នាយក​ប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ជូន​ទៅ​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស ឲ្យដឹងថា ប្រជា​ពលរដ្ឋ​ខ្មែរ​នឹង​ធ្វើ​មហា​បាតុកម្ម​រយៈពេល​៣​ថ្ងៃ​ជាប់​គ្នា ចាប់ពី​ថ្ងៃ​ទី ១១ រហូត​ដល់​ថ្ងៃ​ទី ១៣​ខែ​សីហា​ខាង​មុខ​នេះ ដើម្បី​ជំរុញ​ឲ្យ​មន្ត្រី​ទូត​វៀតណាម​ចេញមុខ​សូម​ទោស​ជា​ផ្លូវការ​ចំពោះ​អ្វី​ដែល​ខ្លួន​បាន​អះអាង​កន្លងមក​។ លិខិត​ដដែល​បន្ថែមថា ពួកគេ​គ្រោង​ជួបជុំ​គ្នា​ជាង​១០០០​នាក់ នៅ​លើ​សួនច្បារ​ខាង​មុខ​វត្ត​បទុម​វ​តី សម្តែង​មតិ និង​ដង្ហែ​ញត្តិ ទៅ​ស្ថានទូត​ភូមា សាធារណរដ្ឋ​ប្រជាមានិត​ឡាវ  សាំង​ហ្គា​ពួ​រ ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន  ក្រសួង​កាបរទេស និង​សហ​ប្រតិប្រត្តិការ​អន្តរជា​តិ រួម​ទាំង​ទៅ​ស្ថានទូត​វៀតណាម​ដើម្បី​ទទួល​ចម្លើយ​ពី​ការទទួល​ញត្តិ​របស់​ពួកគេ​។​

​ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា មានប្រសាសន៍ថា លោក​បាន​ដាក់​លិខិត​នេះ ទៅ​សាលា​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ចន្ទ​នេះ តែ​មិន​ទាន់​ទទួលបាន​ការឆ្លើយតប​នោះទេ តែ​ក្រុមការងារ​របស់​លោក​នឹង​ធ្វើ​បាតុកម្ម​តាម​ការគ្រោងទុក​។ 

​នៅ​ថ្ងៃ​ចន្ទ​នេះ VOD មិនទាន់​អាច​សុំ​ការអត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក ឡុង ឌី​ម៉ង់ លើ​បញ្ហា​នេះ​បាន​នៅឡើយ​ទេ​។​ចំណែក​មន្ត្រី​ស្ថានទូត​វៀតណាម VOD​ក៏​មិន​ទាន់​អាចទាក់ទង​ភ្លាមៗ​ដើម្បី​សុំ​ការអត្ថាធិប្បាយ​នៅឡើយ​ទេ​។​

​កន្លង​ទៅ​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា លោក ត្រឹង វ៉ាន​ថុង មានប្រសាសន៍ថា​លោក​មិន​សុំ​ទោស​ចំពោះ​ការ​ថ្លែង​របស់​លោក​តាម​ការទា​ម​ទារ​ឡើយ ដោយ​ចាត់ទុក​ការតវ៉ា​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ជា​ការរំលោភច្បាប់​កម្ពុជា និង​អន្តរជាតិ​។​

​សម្ព័ន្ធ​យុវជន​ខ្មែរ​ដើម្បី​លទ្ធិ​ប្រជាធិតេយ្យ មាន​យុវជន​ចំនួន​៦​ក្រុម រួម​មាន​យុវជន​ខ្មែរ​មហានគរ ក្លឹប​សំឡេង​យុវជន​ខ្មែរ​-​អន្តរជាតិ I Love Cambodia Hot News  យុវជន​ដើម្បី​សន្តិភាព និង​ចលនា​យុវជន​ដើម្បី​លទ្ធិ​ប្រជាធិតេយ្យ និង​ជាតិនិយម​ជាដើម​៕ 

​សរសេរ​មកកាន់​អ្នកនាង​ថុល ស្រី​លក្ខណ៍ តាមរយៈ​sreyleak@vodhotnews.com

What Next?

Recent Articles