ដោយ៖ បាន វិទ្យា
ថ្ងៃអង្គារ ទី5 សីហា 2014
http://vodhotnews.com
សាលាខេត្តក្រចេះ ប្រកាសផ្អាកការធ្វើចរាចរណ៍បណ្តោះអាសន្ន ចំពោះយានយន្តគ្រប់ប្រភេទធ្វើដំណើរតាមកំណាត់ផ្លូវជាតិលេខ៧៣ (ឆ្លូង-ក្រចេះ) ដើម្បី និងការពារសុវត្ថិភាពធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋ។
សេចក្តីជូនដំណឹងរបស់សាលាខេត្តក្រចេះ ចេញផ្សាយថ្ងៃទី៤ ខែសីហា ឲ្យដឹងថា គិតមកត្រឹមថ្ងៃទី៤ ខែសីហា កម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះឡើងដល់ ២២,៥០ម៉ែត្រ ដែលបណ្តាលឲ្យជន់លិចកំណាត់ផ្លូវជាតិលេខ ៧៣ (ឆ្លូង-ក្រចេះ) និងហូរកាត់ទ្រូងផ្លូវជាច្រើនកន្លែង។
សេចក្តីជូនដំណឹងបន្តថា រាល់ការធ្វើដំណើរតាមដងផ្លូវជាតិនេះ ត្រូវផ្អាកជាបណ្តោះអាសន្ន រហូតដល់ទឹកស្រកផុតពីទ្រូងផ្លូវ ដើម្បីបញ្ជៀសគ្រោះថ្នាក់ដែលកើតឡើងជាយថាហេតុ និងការពារសុវត្ថិភាពធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋ ព្រមទាំងការពារតួផ្លូវកុំឲ្យរងការខូចខាតធ្ងន់ធ្ងរ។
សាលាខេត្តក៏អំពាវនាវសាធារណជន បងប្អូនប្រជាពលរដ្ឋ និងម្ចាស់យានយន្តគ្រប់ប្រភេទដែលធ្វើដំណើរតាមដងផ្លូនជាតិលេខ៧៣ អនុវត្តដោយស្មារតីយោគយល់ខ្ពស់។
តាមរបាយការណ៍របស់ខុទ្ទកាល័យនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គិតមកដល់ថ្ងៃអាទិត្យទី៣ ខែសីហា យ៉ាងហោចណាស់មនុស្ស៤នាក់ស្លាប់ ដោយសារទឹកជំនន់បានជន់លិចនៅក្នុងខេត្តចំនួន១៣ រួមមាន ខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រះវិហារ កំពង់ធំ ក្រចេះ ស្ទឹងត្រែង ព្រៃវែង កណ្តាល រតនគិរី កំពត និងខេត្តព្រះសីហនុជាដើម។ អ្នកស្លាប់ទាំង៤នាក់ គឺនៅខេត្តក្រចេះស្លាប់២នាក់ ស្ទឹងត្រែង១នាក់ និងខេត្តកណ្តាល១នាក់៕
សូមសរសេរមកកាន់កញ្ញា បាន វិទ្យា តាមរយៈ vitcheaban77@gmail.com