ដោយ៖ អ៊ិត សូធឿត
ថ្ងៃអង្គារ ទី5 សីហា 2014
http://vodhotnews.com
គណបក្សជាប់ឆ្នោតទាំងពីរនៅថ្ងៃអង្គារនេះ បង្ហាញសមាសភាពក្រុមការងារសម្រាប់ពិភាក្សាអំពីការរៀបចំឡើងវិញក្បាលម៉ាស៊ីនដឹកនាំព្រឹទ្ធសភា ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី កាលពីម្សិលមិញ សរសេរលិខិតមួយផ្ញើជូនលោក ជា ស៊ីម ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ស្នើឲ្យមានការចាត់ចែងការជួបគ្នារវាងក្រុមការងារគណបក្សទាំង ដើម្បីពិភាក្សារៀបចំឡើងវិញនូវក្បាលម៉ាស៊ីនដឹកនាំព្រឹទ្ធសភា ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរវាងគណបក្សទាំងពីរកាលពីថ្ងៃទី២២ ខែកក្កដាកន្លងទៅ ។
នៅក្នុងលិខិតដដែលនោះលោក សម រង្ស៊ី ក៏បានឧទ្ទេសនាមសមាសភាពក្រុមការងារគណបក្ស សម រង្ស៊ី ដែលមាន៣រូបដែលមានលោក គង់ គាំ ជាប្រធាន និង លោក ទាវ វណ្ណុល និងលោក ហុង សុខហួរ ជាសមាជិក ។
ជាការឆ្លើយតប លោក ជា ស៊ីម នៅថ្ងៃនេះបានសរសេរលិខិតទៅលោក សម រង្ស៊ី ដោយបានឧទ្ទេសនាមនូវសមាសភាពទាំង៣រូបរបស់គណបក្សប្រជាជនកម្ពុជាដែលមាន លោក ទេព ងន ជាប្រធាន និងលោក អ៊ុក ប៊ុនឈឿន និងលោក ជា ជេដ្ឋ ជាសមាជិក ។
គណបក្សទាំងពីរមិនបានបញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់ណាមួយក្នុងការជួបពិភាក្សាគ្នានោះទេ តែលោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកថា «ព្រឹទ្ធសភានឹងរៀបចំក្បាលម៉ាស៊ីនដឹកនាំរបស់ខ្លួនជាថ្មី នៅក្នុងពេលឆាប់ៗខាងមុខនេះ» ។
កិច្ចព្រមព្រៀងដើម្បីបញ្ចប់ជម្លោះនយោបាយ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ មាន៧ប្រការ ហើយត្រង់ប្រការ៥ សរសេរថា "គណបក្សទាំងពីរ ឯកភាពគ្នាពិនិត្យរៀបចំឡើងវិញនូវក្បាលម៉ាស៊ីនដឹកនាំព្រឹទ្ធសភា" ៕
សូមសរសេរមកកាន់លោក អ៊ិត សូធឿត តាមរយៈ sothoeuth@vodhotnews.com
