​ពលរដ្ឋ​នៅ​ខេត្ត​ព្រះវិហារ តវ៉ា​ប្រឆាំង​ក្រុមហ៊ុន​បរទេស​មួយ ដោយសារ​ឈូសឆាយ​ដី​ពួកគេ​​

ដោយ៖​ បូ​ សា​វី​
ថ្ងៃអង្គារ ទី5 សីហា 2014
http://vodhotnews.com

​ប្រជាពលរដ្ឋជាង​១០០​នាក់ នៅ​ស្រុក​គូ​លេន ខេត្ដ​ព្រះវិហារ ប្រមូលផ្ដុំ​គ្នា​តវ៉ា​ប្រឆាំង​ក្រុមហ៊ុន​បរទេស​មួយ កុំឲ្យ​ធ្វើការ​ឈូស​ឆាយ​រំលោភ​យក​ដី​ពួកគាត់ ដែល​ក្រុម​យុវជន​បាន​វាស់​ជូន​ពលរដ្ឋ​កន្លងមក​។​

​ពលរដ្ឋ​នៅ​ភូមិស្រ​យ៉ង់​ត្បូង លោក ហា​ត់ ហ៊ី ប្រាប់​VOD​នៅ​ព្រឹក​ថ្ងៃ​នេះ​ថា កាលពី​ថ្ងៃ​ទី​៤​ខែ​សីហា​នេះ ក្រុមហ៊ុន​បរទេស ឈ្មោះ សិលាដា​មិច មាន​អ្នកគ្រប់គ្រង​ជា​ជនជាតិ​បារាំង បាន​យក​គ្រឿងចក្រ​ចំនួន​បី​គ្រឿង មក​ឈូសឆាយ​រំលោភ​លើ​ក្បាល​ដី​ស្រែចម្ការ​ពួកគេ បណ្ដាលឲ្យ​ខូចខាត​ដំណាំអ​ស់​ជា​ច្រើន​ហិកតា​។ ​លោក​បន្ដថា ដី​ពួកគាត់​មាន​លិខិត​កាន់កាប់​ត្រឹមត្រូវ​ ដែល​ផ្ដល់ឲ្យ​ដោយ​ក្រុមយុវជន​ស្ម័គ្រចិត្ដ​។

​ពលរដ្ឋ​មួយរូប​ទៀត អ្នកស្រី គេ អ៊ុច ឲ្យដឹងថា ដីស្រែ​ចម្ការរបស់​អ្នកស្រី​ចំនួន​៥​ហិកតា បាន​បង្កបង្កើន​ផល​តាំងពី​ដូនតា​មក ប៉ុន្ដែ​ត្រូវបាន​ក្រុមហ៊ុន​សិលា​ដា​មិច​នោះ ធ្វើការ​ឈូសឆាយ​រំលោភ​យកអស់​ជាច្រើន​ហិកតា ដើម្បី​ដាំ​កៅស៊ូ​។ អ្នកស្រី​បន្ដ​ថា ម្ចាស់​ក្រុមហ៊ុន​ជនជាតិ​បារាំង​មិន​ត្រឹមតែ​រំលោភ​យក​ដី​ពលរដ្ឋ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ប្រើ​ហិង្សា​មក​លើ​កុមារ​កម្ពុជា​ទៀត​ផង​។​

VOD​ មិនអាច​ទាក់ទង​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​សិលា​ដា​មិច ដែល​ពលរដ្ឋ​អះអាងថា ជា​ជនជាតិ​បារាំង ដើម្បី​បំភ្លឺ​ពី​ករណី​នេះ​បាន​នៅឡើយ​ទេ​។​

ប៉ុន្ដែ​អភិបាលស្រុក​គូ​លេន លោក ជុំ ពុយ បដិសេធថា ក្រុមហ៊ុន​នោះ​មិន​បាន​យក​គ្រឿងចក្រ​ឈូសឆាយ​លើ​ដីស្រែ​ចម្ការ​របស់​ពល​រដ្ឋ​នោះ​ទេ គឺ​ឈូសឆាយលើ​ដី​ក្រុមហ៊ុន​ដែល​រដ្ឋាភិបាល​ផ្ដល់​ឲ្យ​ប៉ុណ្ណោះ។ លោក​ចោទ​ពលរដ្ឋ​ដែល​តវ៉ា​នោះ​ថា គឺ​ចង់​បាន​ដីព្រៃ​បម្រុង​របស់​រដ្ឋ​ដើម្បី​ចែក​កូនចៅ​ពួកគេ​។​

​ទោះជា​យ៉ាងណា អ្នកសម្របសម្រួល​សមា​គម​ការពារ​សិទ្ធិមនុស្ស អាដហុក ខេត្ដ​ព្រះវិហារ លោក ឡោ ចាន់ មានប្រសាសន៍ថា ជម្លោះ​ដីធ្លី​រវាង​ក្រុមហ៊ុន និង​ពលរដ្ឋ​នៅ​តំបន់​នោះ​មាន​ការ​កើត​ឡើង​ជា​បន្ដ​បន្ទាប់ ដោយសារក្រុមហ៊ុន​ដែល​ទទួលបាន​ដី​សម្បទាន​ទាំងនោះ មិន​បាន​អនុវត្ដ​តាម​គោលការណ៍​រដ្ឋាភិបាល រហូត​ដល់​ប្រើ​ហិង្សា​លើ​ពលរដ្ឋ​ទៀត​។

កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា​កន្លង​ទៅ​ថ្មីៗ​នេះ ពលរដ្ឋ​ម្នាក់​ត្រូវបាន​ទាហាន​កងពល​តូច​ថ្មើរជើង លេខ​៤១ ប្រើ​អាវុធ​បាញ់សម្លាប់ ដោយសារ​ជម្លោះដីធ្លី​នៅ​ឃុំ​ស្រ​យ៉ង​ ស្រុក​គូ​លេន ក្បែរ​តំបន់​នោះដែរ៕​

សូមសរសេរមកលោក បូ​ សាវី តាមរយៈ savy@vodhotnews.com

What Next?

Recent Articles