ERA ស្នើ​រដ្ឋសភា​លើក​សំណើ​ទៅ គ​.​ជ​.​ប ផ្អាក​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​​

ដោយ៖​ បាន វិទ្យា​
ថ្ងៃអង្គារ ទី5 សីហា 2014
http://vodhotnews.com

​សម្ព័ន្ធ​កំណែទម្រង់​ការបោះឆ្នោត (ERA) ស្នើឲ្យ​រដ្ឋសភា​លើក​សំណើ​ទៅ​គ​.​ជ​.​ប ដើម្បី​ផ្អាក​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​សម្រាប់​ឆ្នាំ​២០១៤​។​

សម្ព័ន្ធ​កំណែទម្រង់​ការបោះឆ្នោត (ERA) ដែល​ជា​បណ្ដុំ​នៃ​អង្គការ​សង្គម​ស៊ីវិល​ធ្វើការ​លើ​ការបោះឆ្នោត ថ្ងៃទី​៥ ខែ​សីហា​នេះ ចេញ​សេចក្តីប្រកាស​ពត៌មាន​មួយ​លើក​ឡើង​ពី​ការព្រមព្រៀង​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៤ និង​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៤ ក្នុង​ការរៀបចំ​ការចុះ​ឈ្មោះ​បោះឆ្នោត និង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត ព្រមទាំង​កិច្ចព្រមព្រៀង​ស្តីពី​ដំណោះស្រាយ​នយោបាយ​រវា​ង​គណបក្ស​ទាំង​ពីរ​ចុះ​ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ​២០១៤ ត្រង់​ប្រការ ២ វាក្យខ័ណ្ឌទី​២ បាន​ព្រមព្រៀង “​រៀបចំ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ជា​ថ្មី​” ។​

​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បន្តថា ក្នុងដំណាក់កាល​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ក្នុង​ឆ្នាំ​ដែល​មិន​មាន​ការបោះឆ្នោត ត្រូវ​ចំណាយ​ថវិកា​ជាតិប្រមាណ​ជាង​មួយ​លាន​ដុ​លា្ល​រ ដូចនេះ​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​គួរ​ផ្អាក រហូតដល់​មាន​ច្បាប់ បទបញ្ជា និង​នីតិវិធី​ចុះ​ឈ្មោះ​បោះឆ្នោត និង​ការបង្កើត​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​ត្រូវបាន​ប្រកាស​ឱ្យ​ប្រើប្រាស់​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់ (ERA) ក៏​បានពា​វនាវ​ឱ្យ​ក្រុមការងារ​គណៈកម្មការ​ចម្រុះ​នៃ​គណបក្ស​ទាំង​ពីរ បន្ត​ពិភាក្សា​លើ​វិសោធនកម្ម​ច្បាប់បោះឆ្នោត ជាពិសេស​ជំពូក​ស្តី​ពី​ការចុះ​ឈ្មោះ​អ្នក​បោះ ឆ្នោត និង​បញ្ជី​បោះឆ្នោត ដោយ​ផ្តោត​សំខាន់​លើ​ការប្តូរ​មន្ត្រី​ទទួលបន្ទុក​ការពិនិត្យ​ឈ្មោះ និង​ចុះឈ្មោះ​បោះ ឆ្នោត ដោយ​កំណត់​ឱ្យ គ​.​ជ​.​ប ជា​ស្ថាប័ន​តែមួយ​ជំនួស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ និង​ស្មៀន​ឃុំ សង្កាត់​ទទួលខុសត្រូវ​ធ្វើ​ការចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​ថ្មី​មួយ ដើម្បី​ធានា​គុណភាព​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​សិទ្ធិ​អ្នកបោះឆ្នោត​។​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) កាលពី​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៤ ចេញ​សេចក្តីសម្រេច ស្តី​ពី​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៤ ដោយ​បាន​សម្រេច​ធ្វើការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត និង​ការផ្តល់​សុពលភាព​លើ​បញ្ជី​បោះឆ្នោត​សម្រាប់​ឆ្នាំ​២០១៤ ចាប់ពី​ថ្ងៃ​ទី​០១ ខែតុលា ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៤​។

​សូម​សរសេរ​មកកាន់​កញ្ញា បាន វិទ្យា តាមរយៈ vitcheaban77@gmail.com​

What Next?

Recent Articles

2 Responses to "ERA ស្នើ​រដ្ឋសភា​លើក​សំណើ​ទៅ គ​.​ជ​.​ប ផ្អាក​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​​"

  1. Judge says:

    រាស្ត្របញ្ជាក់ពី ការ ែលងទុកចិត្តលេី គជប ទៀតហេីយ ដូចនេះសូមអស់លោកឈប់មានមោទនភាពខាងខុសឆ្គងទៀតទៅ។ គណកម្មការថ្មី នឹង រៀបចំសាឡេីងវិញ។ អ្វីដែលព្យាយាមធ្វេីបន្ត ដោយខ្វះការទុកចិត្ត គ្មានសក្តានុពលទេ។

  2. Bol says:

    បើចេះអីក៏ចេះយ៉ាងនេះ ម្តេចក៏មិនសុំដាក់ពាក្យ ចូលមកជំនួសលោកស្រី ពុង ឈីវកិក??
    មេបក្សទាំងពីរ ក៏អញ្ចឹងដែរ ! គួរណាស់តែ ឲ្យអ្នកទាំងអស់គ្នានេះ ចូលប្រឡង បញ្ចេញសមត្ថភាព ដូចប្រឡងបាក់ឌុបអញ្ចឹង ទៅ។
    មិនគួរណា មេបក្ស នាំគ្នាចង្អុលចំឈ្មោះ នាំឲ្យលោកស្រី កិក ឡើងថ្លៃសោះ!