ចៅក្រម​តុលាការ​ខេត្ត​បាត់ដំបង​រង​ការ​ចោទ​ថា​គំរាម​ពលរដ្ឋ​ឲ្យ​ឈប់​តវ៉ា​ក្នុង​ជម្លោះ​ដីធ្លី

ដោយ ម៉ម មុនីរតន៍
2014-08-05
RFA

តុលាការ បាត់ដំបង ៦១០
សាលា​ដំបូង​ខេត្ត​បាត់ដំបង។ រូបថត​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០១៤ (RFA/Morm Moniroth)

ប្រជាពលរដ្ឋ ៧​នាក់ នៅ​ស្រុក​សំពៅលូន ត្រូវ​បាន​ចៅក្រម​សាលា​ដំបូង​ខេត្ត​បាត់ដំបង កោះ​ហៅ​ដើម្បី​ឲ្យ​ឆ្លើយ​បំភ្លឺ​ពាក់ព័ន្ធ​បណ្ដឹង​របស់​ក្រុមហ៊ុន សួន មានសម្បត្តិ រឿង​ទំនាស់​ដី។ អ្នក​ជាប់​បណ្ដឹង​ទាំង​នោះ​និយាយ​ថា នៅ​ក្នុង​បន្ទប់​សវនាការ ចៅក្រម​ស៊ើប​សួរ​បាន​គំរាម​ពួក​គេ​ឲ្យ​បញ្ឈប់​ការ​តវ៉ា។

ចៅក្រម​នៃ​សាលា​ដំបូង​ខេត្ត​បាត់ដំបង រង​ការ​ចោទ​ប្រកាន់​ថា បាន​គំរាម​កំហែង​ប្រឆាំង​លើ​ពលរដ្ឋ​ដែល​ជាប់​បណ្ដឹង​ក្នុង​សំណុំ​រឿង​វិវាទ​ដីធ្លី នៅ​ស្រុក​សំពៅលូន ដោយ​ព្រមាន​ថា បើ​ពួក​គេ​នៅ​បន្ត​ការ​តវ៉ា​ទៀត អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ។

ក្រោយ​ចេញ​ពី​បន្ទប់​សាកសួរ​នៅ​រសៀល​ថ្ងៃ​ទី​៥ សីហា ប្រជាពលរដ្ឋ​ដែល​ជាប់​បណ្ដឹង​និយាយ​ថា ប្រធាន​សាលា​ដំបូង​ខេត្ត​បាត់ដំបង និង​ជា​ចៅក្រម​ផង គឺ​លោក ជា វណ្ណៈ បាន​បង្គាប់​បញ្ជា​មិន​ឲ្យ​ពលរដ្ឋ​តវ៉ា​ទៀត​ទេ ជុំវិញ​បញ្ហា​ដី​ដែល​កំពុង​មាន​វិវាទ​ជាមួយ​ក្រុមហ៊ុន សួន មានសម្បត្តិ ដោយ​ចាត់​ទុក​ថា បើ​ពលរដ្ឋ​បន្ត​សកម្មភាព​តវ៉ា​ក្នុង​រូបភាព​ណា​មួយ អាច​ប្រឈម​នឹង​ដីកា​កោះ​មិន​ចប់​មិន​ហើយ​ឡើយ។

ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ពលរដ្ឋ​ដែល​ជាប់​បណ្ដឹង​ទាំង​នេះ​និយាយ​ថា តុលាការ​ថែម​ទាំង​ជំរុញ​ឲ្យ​ពួក​គេ​ទទួល​ខ្លួន​ខុស ចំពោះ​សកម្មភាព​ក្នុង​ពេល​កន្លង​ទៅ​ថែម​ទៀត​ផង៖ «គំរាម​ថា​បើ​សិន​ជា​អ្នក​ឯង​ឲ្យ​ខ្ញុំ​ឈប់​យក​ដី​ហ្នឹង​ហើយ ឲ្យ​ខ្ញុំ​ទៅ​អង្វរ​គេ​ថា ដី​ហ្នឹង​ខ្ញុំ​ធ្វើ​យក​ប្រមូល​ផល​ហើយ ខែ​ដប់ពីរ ឬ​មួយ​ខែ​ពីរ ឬ​មួយ​ខែ​បី។ ប្រគល់​ដី​ហ្នឹង​ឲ្យ​គេ​ទៅ ឲ្យ​ខ្ញុំ​ទៅ​និយាយ​ជាមួយ​ក្រុមហ៊ុន បើ​ខ្ញុំ​មិន​ទៅ​និយាយ គេ​នៅ​តែ​កោះ​ហៅ​ខ្ញុំ ធ្វើ​ដីកា​បញ្ជូន​ឡើង​តុលាការ​រហូត។ គេ​គំរាម​ថា យើង​ចាស់​ហើយ យើង​តវ៉ា​អី​ទៀត។ មាន​គ្រប់គ្រាន់​ហើយ តុលាការ​ថា​ឲ្យ​ទៅ​សុំ​ក្រុមហ៊ុន​ទៀត។ ដី​ខ្លួន​ឯង​ហើយ​ឲ្យ​ទៅ​សុំ​ក្រុមហ៊ុន»

បដិសេធ​នឹង​ការ​លើក​ឡើង​នេះ ប្រធាន​សាលា​ដំបូង​ខេត្ត​បាត់ដំបង និង​ជា​ចៅក្រម​ផង លោក ជា វណ្ណៈ អះអាង​ថា កាល​ពី​រសៀល​ថ្ងៃ​អង្គារ លោក​ពុំ​បាន​សួរ​នាំ​ណា​មួយ​ជាមួយ​នឹង​ពលរដ្ឋ​ដែល​ជាប់​បណ្ដឹង​ទាំង​នោះ​ទេ។ លោក​និយាយ​ថា ដោយសារ​លោក​មាន​ភារកិច្ច​ពុំ​អាច​ខកខាន​បាន ហេតុ​នេះ​លោក​សម្រេច​លើក​ពេល​សាកសួរ​នេះ​ទៅ​ពេល​ក្រោយ​វិញ៖ «ថ្ងៃ​មិញ គឺ​ឥត​បាន​សាកសួរ​ទេ ព្រោះ​ខ្ញុំ​ជាប់​ប្រជុំ បាន​ខ្ញុំ​ឲ្យ​លើក​ទៅ​ខែ​ក្រោយ។ ឥត​មាន​បាន​សាកសួរ​បាន​អី​ទេ»

ដី​ដែល​កំពុង​មាន​វិវាទ​នេះ ប្រជាពលរដ្ឋ​បាន​កាន់​កាប់ និង​អាស្រ័យ​ផល​អស់​រយៈពេល ១១​ឆ្នាំ​មក​ហើយ ចាប់​តាំង​ពី​ឆ្នាំ​២០០០ មុន​នឹង​ក្រុមហ៊ុន សួន មានសម្បត្តិ ចូល​ឈូស​ឆាយ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១១។ ផ្ទៃ​ដី​ជិត ៥​ពាន់​ហិកតារ (៤.០៩៥) ដែល​ក្រុមហ៊ុន សួន មានសម្បត្តិ ចាត់​ទុក​ក្រោម​ហេតុផល​អភិវឌ្ឍន៍​វិស័យ​កសិឧស្សាហកម្ម បាន​ប៉ះពាល់​ប្រជាពលរដ្ឋ ៧​ភូមិ ក្នុង​ឃុំ​សេរីមានជ័យ ស្រុក​សំពៅលូន នេះ។

បើ​ទោះ​ជា​បែប​ណា ប្រជាពលរដ្ឋ​ចោទ​ប្រកាន់​ថា ក្រុមហ៊ុន សួន មានសម្បត្តិ នេះ​បាន​ចូល​ទន្ទ្រាន​ដី​កម្មសិទ្ធិ​របស់​ពួក​គេ និង​បង្ខំ​ឲ្យ​ម្ចាស់​ដី​ទទួល​យក​លក្ខខណ្ឌ​ទៀត​ផង។ លើស​ពី​នេះ​ទៀត ក្រុមហ៊ុន សួន មានសម្បត្តិ ថែម​ទាំង​ប្ដឹង​ពលរដ្ឋ​ដែល​ប្រើ​សិទ្ធិ​តវ៉ា​ប្រឆាំង​ការ​រំលោភ​បំពាន​នេះ​ទៅ​តុលាការ​ជា​បន្តបន្ទាប់។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​របស់​ប្រជាពលរដ្ឋ​ពី​ភាគី​ក្រុមហ៊ុន សួន មានសម្បត្តិ បាន​ទេ​នៅ​ថ្ងៃ​ទី​៥ សីហា។

គិត​មក​ដល់​ពេល​នេះ ប្រជាពលរដ្ឋ​ទាំង ៧​នាក់ ដែល​ជាប់​ចោទ​ពី​បទ​ប៉ះពាល់​កម្មសិទ្ធិ និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា បាន​ដាក់​ពាក្យ​ស្នើសុំ​ទៅ​តុលាការ​លើក​ពេល​ចូល​បំភ្លឺ​ទៅ​ថ្ងៃ​ក្រោយ​វិញ ដោយ​សំអាង​ថា ពុំ​ទាន់​មាន​មេធាវី​ដើម្បី​ការពារ​ក្នុង​សំណុំ​រឿង​នេះ​នៅ​ឡើយ។

អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (adhoc) ប្រចាំ​ខេត្ត​បាត់ដំបង លោក យិន ម៉េងលី ចាត់​ទុក​ថា ប្រសិន​បើ​ដំណើរ​សួរ​ដេញ​ដោល​នេះ​រហូត​ប្រើ​ភាសា​សម្លុត​គំរាម​កំហែង​ទៀត​នោះ វា​គឺ​ជា​ប្រការ​ផ្ទុយ​នឹង​ច្បាប់​ហើយ។ ម្យ៉ាង​វិញ​ទៀត ចៅក្រម​ស៊ើបសួរ​ក៏​ជា​អ្នក​ដែល​ជួយ​រក​ហេតុផល​ក្នុង​ការ​ដោះ​បន្ទុក​ទៀត​ផង៖ «បើ​ជា​អ្វី​ដែល​គេ​ឡើង​អ៊ីចឹង ហាក់​បី​ដូច​ជា​ធ្វើ​ការ​សន្មត​ទុក​ជា​មុន​ថា ជន​ជាប់​ចោទ​ហ្នឹង​មាន​ទោស។ អ៊ីចឹង ការ​សន្មត​ទុក​ជា​មុន​របៀប​នេះ គឺ​វា​ខុស​ទៅ​នឹង​គោលការណ៍​ច្បាប់​ហើយ។ អ៊ីចឹង តែ​ខ្ញុំ​មិន​ដឹង​ថា អ្នក​ដែល​និយាយ​នោះ គឺ​ជា​ក្រឡា​បញ្ជី ឬ​ក៏​ចៅក្រម​ទេ។ តែ​បើ​សិន​ជា​ចៅក្រម​នេះ​ជា​កំហុស​ធ្ងន់ធ្ងរ​ណាស់»

ពាក់ព័ន្ធ​នឹង​ដី​មាន​ទំនាស់​នេះ យ៉ាង​ហោច​ណាស់​ក៏​តំណាង​ប្រជាពលរដ្ឋ​ចំនួន ២​នាក់ បាន​ជាប់​ពន្ធនាគារ ព្រោះ​ការ​តវ៉ា​ក្នុង​ពេល​កន្លង​ទៅ ហើយ​នៅ​មិន​ទាន់​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

One Response to "ចៅក្រម​តុលាការ​ខេត្ត​បាត់ដំបង​រង​ការ​ចោទ​ថា​គំរាម​ពលរដ្ឋ​ឲ្យ​ឈប់​តវ៉ា​ក្នុង​ជម្លោះ​ដីធ្លី"

  1. CountryStudent says:

    U.S.A. Congressman Ed Royce, Chairman of the House Foreign Affairs Committee said in Long Beach, CA : Enough to the stealing election, enough to the corruption, enough to the stealing land. Enough to Hun Sen, HUN SEN MUST GO. ENOUGH, ENOUGH, ENOUGH.

    ——————————————————

    USA Congressman Dana Rohrabacher said in Long Beach, CA . : In USA we have a Government of people, by people and for people. In Cambodia you have a Government of Hun Sen, by Hun Sen and for Hun Sen.
    Hun Sen must go. When Hun Sen goes, his clique have to go. We have a chance to move Cambodia into the right direction. It is a long struggle. I will be on your side