​មន្ត្រីនគរបាល​នៅ​ព្រៃវែង​ម្នាក់​ហូរ​តាម​ទឹក​ខណៈ​ទប់​ទឹក​ជំនន់ សង្ស័យ​ស្លាប់​

ដោយ៖​ បាន វិទ្យា​
ថ្ងៃពុធ ទី6 សីហា 2014
http://vodhotnews.com

​មន្ត្រីនគរបាល​មួយ​រូប​នៅ​ប៉ុស្តិ​រំលេច នៅ​ភូមិ​ឬ​ស្សី​សាញ់ ឃុំ​ឬ​ស្សី​សាញ់ ស្រុក​ស៊ីធរ​កណ្តាល ខេត្ត​ព្រៃវែង ផុងជើង​ហូរ​តាម​ទឹក ខណៈ​បំពេញ​ភារកិច្ច​រៀប​ទំនប់​ទប់​ទឹក​ជំនន់ ។​

​អធិការ​ស្រុក​ស៊ីធរ​កណ្តាល លោក ឡុង ប៊ុនធឿន បាន​ប្រាប់​VOD នៅ​ថ្ងៃ​ពុធ​នេះ​ថា កាលពី​ព្រឹក​មិញ កម្លាំង​មន្ត្រីនគរបាល​មួយចំនួន​បាន​ទៅ​ជួយ​ទប់ស្កាត់​ទឹកជំនន់​ដែល​ហក់​ឡើង​ខ្លាំង​នៅ​ក្បាល​ស្ពាន​ខាងលិច​សាលាស្រុក ដើម្បី​ការពារ​សុវត្ថិភាព​ប្រជាពលរដ្ឋ​។ លោក​បន្តថា ខណៈ​បំពេញភារកិច្ច​នៅ​ម៉ោង ១១:៥០​ព្រឹក មន្ត្រីនគរបាល​ម្នាក់​លោក ម៉ោង មុន បាន​ផុងជើង​ហូរ​តាម​ទឹក និង​បោក​នឹង​គល់​ស្ពាន ដោយសារ​ទឹក​ហូរ​គួច​ខ្លាំង​មិន​អាច​ជួយសង្គ្រោះ​ទាន់ពេល​។​

​លោក​អធិការ​បន្ត​ថា សម្ថ​កិច្ច​ស្វែងរក​ជនរងគ្រោះ​អស់​រយៈពេល​ជាច្រើន​ម៉ោង​រហូត​មកដល់​រសៀល​នេះ​នៅតែ​ពុំ​ឃើញ ហេតុនេះ​លោក​សន្និដ្ឋាន​ជនរងគ្រោះ​បាន​បាត់បង់​ជីវិត ។ លោក​ថា កងកម្លាំង​កំពុង​បន្ត​ស្វែងរក លុះត្រាតែ​ឃើញ​សាកសព​ទើប​ឈប់​។​

​ភរិយា​លោក ម៉ោង មុន សន្លប់​បន្ទាប់​ពី​ទទួល​ដំណឹង​គ្រោះថ្នាក់​របស់​ប្តី​គាត់ និង​ត្រូវបាន​បញ្ជូន​ទៅ​មណ្ឌល​សុខភាព​ព្រៃ​ដើម​ថ្នឹង ។ ជនរងគ្រោះ​មាន​កូន​៥​នាក់ ប្រុស​៣ ស្រី​២ ដែល​មាន​ប្រពន្ធ​ជា​មេផ្ទះ​។​

​សូម​សរសេរ​មកកាន់​កញ្ញា បាន វិទ្យា តាមរយៈ vitcheaban77@gmail.com

What Next?

Recent Articles