ដោយ៖ ស៊ុន ណារិន
ថ្ងៃព្រហស្បតិ៍ ទី7 សីហា 2014
http://vodhotnews.com
សាលាក្តីខ្មែរក្រហម នៅព្រឹកថ្ងៃព្រហស្បតិ៍ វេលាម៉ោង៩នេះ នឹងប្រកាសសាលក្រមក្នុងសំណុំរឿង០០២/០១ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ប្រឆាំងនឹងជនជាប់ចោទពីររូប គឺលោក នួន ជា និងលោក ខៀវ សំផន។
ជនជាប់ចោទក្នុងសំណុំរឿង០០២/០១ រួមមាន លោក នួន ជា អតីតអនុលេខាបក្សកុម្មុយនីស្តកម្ពុជា និង ខៀវ សំផន អតីតប្រមុខរដ្ឋនៃកម្ពុជាប្រជាធិបតេយ្យ។ សវនាការលើសំណុំរឿងនេះបានចាប់ផ្តើមនៅខែវិច្ឆិកា ឆ្នាំ២០១១ និង បានធ្វើសេចក្តីសន្និដ្ឋានបិទបញ្ចប់កិច្ចពិភាក្សាដេញដោលនៅខែតុលាឆ្នាំ២០១៣។
អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម លោក នេត្រ ភក្ត្រា ធ្លាប់មានប្រសាសន៍ថា ការប្រកាសសាលក្រម ខាងមុខនេះ ធ្វើឡើងបន្ទាប់ពីមានការពិនិត្យ វាយតម្លៃលើភ័ស្តុតាង និងឯកសារផ្សេងៗដែលទទួលបានពីសំណុំរឿង និងសក្ខីកាមរបស់សាក្សី អ្នកជំនាញ ក៏ដូចដើមបណ្តឹងរដ្ឋប្បវេណីក្នុងការជំនុំជម្រះក្តីអស់រយៈពេល២២២ថ្ងៃកន្លងមក។លោកបញ្ជាក់ថា ការប្រកាសសាលក្រមនេះ នឹងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ និងពលរដ្ឋខ្មែរទូទាំងប្រទេស។
បទចោទប្រកាន់នានាក្នុងសំណុំរឿង០០២/០១នេះ ផ្តោតលើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលពាក់ព័ន្ធនឹងការផ្លាស់ទីលំនៅប្រជាជនដោយបង្ខំចេញពីភ្នំពេញ នៅខែមេសាឆ្នាំ១៩៧៥ និងការផ្លាស់ទីលំនៅប្រជាជនចេញពីតំបន់ផ្សេងៗទៀត ក្នុងដំណាក់កាលក្រោយទៀត(ដំណាក់កាលទី១ និងដំណាក់កាលទី២) និងការសម្លាប់ទាហាននៃរបបសាធារណរដ្ឋខ្មែរនៅទួលពោធិ៍ជ្រៃក្នុងខេត្តពោធិ៍សាត់។
សេចក្តីប្រកាសព័ត៌មានរបស់សាលាក្តី ឲ្យដឹងទៀតថា អង្គជំនុំជម្រះសាលាដំបូងក៏បានស្តាប់ភ័ស្តុតាងអំពីប្រវត្តិសាវតារការបង្កើតរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ ព្រមទាំងតួនាទីរបស់ជនជាប់ចោទនៅក្នុងរដ្ឋាភិបាលនោះ និងស្តាប់ភ័ស្តុតាងទាក់ទិននឹងរចនាសម្ព័ន្ធរដ្ឋបាល និងរចនាសម្ព័ន្ធទំនាក់ទំនងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យផងដែរ។ ភ័ស្តុតាងទាំងនេះក៏នឹងក្លាយជា មូលដ្ឋានគ្រឹះសម្រាប់ការជំនុំជម្រះក្តីបន្ទាប់ទៀតពាក់ព័ន្ធនឹងជនជាប់ចោទទាំងពីរនេះនៅ ក្នុងសំណុំរឿង០០២/០២ ដែលរំពឹងថាអាចនឹងចាប់ផ្តើមនៅចុងឆ្នាំ២០១៤នេះ៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈ sun_narin@vodhotnews.com
