ដោយ៖ ស៊ុន ណារិន
ថ្ងៃព្រហស្បតិ៍ ទី7 សីហា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
លោក ខៀវ សំផន (ធ្វេង) និងលោក នួន ជា (រូបថតពី ECCC)
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ប្រកាសសាលក្រមក្នុងសំណុំរឿង០០២/០១ ដោយកាត់ទោសអតីតមេដឹកនាំជាន់ខ្ពស់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ គឺលោក នួន ជា និងលោក ខៀវ សំផន ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ។
សំណុំរឿង០០២ ត្រូវបានបែងចែកជា២ករណី ដើម្បីសម្រួលដល់ការកាត់ក្តី គឺករណី០០២/០១ និង០០២/០២ ដោយសារភាពស៊ាំញ៉ាំ និងវ័យចាស់ជរារបស់ជនជាប់ចោទ។ ជនជាប់ចោទក្នុងសំណុំរឿង០០២ រួមមាន លោក នួន ជា អាយុ៨៨ឆ្នាំ អតីតអនុលេខាបក្សកុម្មុយនីស្តកម្ពុជា និង ខៀវ សំផន អាយុ៨៨ឆ្នាំ អតីតប្រមុខរដ្ឋនៃកម្ពុជាប្រជាធិបតេយ្យ។
ប្រធានអង្គជំនុំជម្រះសាលាដំបូង លោក និល ណុន បានចំណាយពេលប្រហែល១ម៉ោងនិង៣០នាទី អានឯកសារពាក់ព័ន្ធ និងបទចោទនានាប្រឆាំងនឹងលោកនួន ជា និងលោកខៀវ សំផន។ លោកប្រកាសសាលាក្រមដោយកាត់ទោសឲ្យជនជាប់ចោទទាំងពីរ ជាប់ទោស ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ រួមមានការសម្លាប់រង្គាល អំពើមនុស្សឃាត ការធ្វើទុក្ខបុកម្នេញនយោបាយ និងអំពើអមនុស្សធម៌ផ្សេងទៀត ដូចជាការជម្លៀសដោយបង្ខំ និងការធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់មនុស្ស។ លោកបញ្ជាក់ថា អ្នកទាំងពីរ ត្រូវទទួលខុសត្រូវជាថ្នាក់លើ ក្នុងការរៀបចំបង្កើតគោលនយោបាយមួយចំនួន ការរៀបចំផែនការ បញ្ជា ញុះញង់ ជួយ និងជំរុញឲ្យមានអំពើមនុស្សឃាត និងអំពើអមនុស្សធម៌ផ្សេងៗ។
លោក និល ណុន បន្តថា លោក នួន ជា បានប្រព្រឹត្តឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ដោយសារលោកមានអំណាចធ្វើសេចក្តីសម្រេចចុងក្រោយរបស់បក្ស ទាំងកិច្ចការរដ្ឋាភិបាល រដ្ឋបាល និងយោធា។ លោកច្រានចោលចំពោះការលើកឡើងថា លោក នួន ជា មិនមានតួនាទីខ្ពស់ក្នុងបក្ស គ្រាន់តែជាសមាជិករបស់បក្សកុម្មុយនីស្តមួយរូបទេ។
លោក និល ណុន ប្រកាសថា លោក ខៀវ សំផន មានសិទ្ធិសម្រេចលើផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មតែប៉ុណ្ណោះ តែលោកពិតជាបានដឹងពីគោលនយោបាយបក្ស និងបានដឹងពីស្ថានភាពទូទៅនៃប្រទេសកម្ពុជា។
ពេលប្រកាសសាលក្រម លោក នួន ជា លើកឡើងថា លោកមិនអាចងើបឈរបានទេ។
លោកនិល ណុន បន្តថា អង្គជំនុំជម្រះ បានច្រានចោលការលើកឡើងរបស់មេធាវីការពារក្តីថា ការជម្លៀសប្រជាជនចេញពីភ្នំពេញក្នុងឆ្នាំ១៩៧៥ គឺដើម្បីគេចពីទម្លាក់គ្រាប់បែក និងដើម្បីគេចពីការខ្វះខាតស្បៀង។ លោកឲ្យដឹងទៀតថា ចាប់ពីឆ្នាំ១៩៧៥ ដល់១៩៧៧ មានការវាយប្រហារជាប្រព័ន្ធប្រឆាំងប្រជាជនកម្ពុជា ដែលនាំឲ្យមានការសម្លាប់រង្គាល ការជម្លៀសដោយបង្ខំ ការធ្វើទុក្ខបុកម្នេញ លើប្រជាជនរាប់លាននាក់ដែលរងគ្រោះ ដើម្បីអនុលោមតាមផែនការបក្សមានទ្រង់ទ្រាយធំ ទាំងភូមិសាស្ត្រ និងចំនួនជនរងគ្រោះ។ លោកបន្តថា ការវាយប្រហារជាប្រព័ន្ធនេះ មានការគ្រោងទុកជាមុន និងអនុលោមតាមបក្ស ប្រឆាំងជនស៊ីវិល។
បទចោទប្រកាន់នានាក្នុងសំណុំរឿង០០២/០១នេះ ផ្តោតលើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលពាក់ព័ន្ធនឹងការផ្លាស់ទីលំនៅប្រជាជនដោយបង្ខំចេញពីភ្នំពេញ នៅខែមេសាឆ្នាំ១៩៧៥ និងការផ្លាស់ទីលំនៅប្រជាជនចេញពីតំបន់ផ្សេងៗទៀត ក្នុងដំណាក់កាលក្រោយទៀត(ដំណាក់កាលទី១ និងដំណាក់កាលទី២) និងការសម្លាប់ទាហាននៃរបបសាធារណរដ្ឋខ្មែរនៅទួលពោធិ៍ជ្រៃក្នុងខេត្តពោធិ៍សាត់នៅខែមេសា ឆ្នាំ១៩៧៥។
មេធាវីជនជាប់ចោទទាំងពីររូប មានរយៈពេល៣០ថ្ងៃក្នុងការប្តឹងឧទ្ធរណ៍។
សវនាការលើសំណុំរឿង០០២នេះ បានចាប់ផ្តើមកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១១ និង បានធ្វើសេចក្តីសន្និដ្ឋានបិទបញ្ចប់កិច្ចពិភាក្សាដេញដោលនៅខែតុលាឆ្នាំ២០១៣។ សំណុំរឿង០០២/០១ អង្គជំនុំជម្រះបានស្តាប់សក្ខីកម្មពីសាក្សីចំនួន៩២នាក់។
ចំណែកសំណុំរឿង០០២/០២មានបទចោទពាក់ព័ន្ធ អំពើប្រល័យពូជសាសន៍លើជនជាតិចាម ជនជាតិវៀតណាម ការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ និងរំលោភសេពសន្ថវៈ ការបោសសំអាតផ្ទៃក្នុងមន្ទីរសន្តិសុខ ស-២១ មន្ទីរសន្តិសុខក្រាំងតាចាន់ មន្ទីរសន្តិសុខអូរកន្សែង មន្ទីរសន្តិសុខភ្នំក្រោល ការដ្ឋានទំនប់១មករា ការដ្ឋានសាងសង់ព្រលានយន្តហោះកំពង់ឆ្នាំង ការដ្ឋានទំនប់ត្រពាំងថ្ម ការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ និងការប្រព្រឹត្តជាក់លាក់លើអ្នករដ្ឋការនៃរបបសាធារណរដ្ឋខ្មែរ៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈ sun_narin@vodhotnews.com