ដោយ៖ ជន ស្រីណុច
ថ្ងៃព្រហស្បតិ៍ ទី7 សីហា 2014
http://vodhotnews.com
ក្រុមយុវជនប្រមាណ៦០០នាក់ មកពីស្ថាប័នផ្សេងៗ នឹងប្រារព្ធទិវាយុវជនអន្តរជាតិ ថ្ងៃទី១២ ខែសីហា នៅទីលានប្រជាធិបតេយ្យ បន្ទាប់មកហែក្បួនទៅស្ថាប័នជាតិមួយចំនួន ដើម្បីបង្ហាញពីកង្វល់របស់ពួកគេ ធ្វើយ៉ាងណាឲ្យការដោះស្រាយប្រកបដោយប្រសិទ្ធភាព។
លិខិត ជូនដំណឹងរួមគ្នារបស់យុវជន សម្ព័ន្ធសហជីព និងសមាគមជាដើម ដាក់ជូនអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ចុះថ្ងៃទី០៥ ខែសីហានេះឲ្យដឹងថា ពួកគេ នឹងរៀបចំទិវាយុវជនអន្តរជាតិ ខួបលើកទី១៥ ឆ្នាំ២០១៤ ដោយបង្ហាញពីកង្វល់របស់យុវជនទៅដល់ស្ថាប័នជាតិរួមមាន រដ្ឋសភា ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីរៈ ដើម្បីឲ្យស្ថាប័នទាំងនេះដោះស្រាយ។
កម្មវិធីនេះ នឹងចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង១២ថ្ងៃត្រង់ នៅទីលានប្រជាធិបតេយ្យ ដែលមានអ្នកចូលរួមចំនួន៦០០នាក់ ជាយុវជន កម្មករនិយោជិត មន្ត្រីរាជការ និងអង្គការសង្គមស៊ីវិល ជាដើម និងមានការដង្ហែក្បូនឆ្ពោះទៅកាន់រដ្ឋសភា កាត់តាមបណ្តោយវិថីព្រះស៊ីសុវត្ថិ។
ប្រធានគណៈកម្មាការយុវជន លោក ទុយ ស៊ីធៀង មានប្រសាសន៍ថា ការដែលក្រុមយុវជនក៏ដូចជាសហជីពផ្សេងៗប្រារព្ធកម្មវីធីនេះ គឺដើម្បីចង់បានដំណោះស្រាយពីស្ថាប័នជាតិមួយចំនួន ដូចជាបញ្ហាការងាររបស់យុវជនជាដើម ដែលមិនទាន់គ្រប់គ្រាន់សម្រាប់ពួកគេ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា លោកបានទទួលលិខិតនេះរួចហើយ ហើយលោកនឹងហៅតំណាងក្រុមទាំងនោះចូលប្រជុំអំពីកម្មវិធីនេះ។
សាលារាជធានី បានបើកទីលានប្រជាធិបតេយ្យឡើងវិញ កាលពីថ្ងៃទី៥ខែសីហា គឺភ្លាមៗ បន្ទាប់ពីគណបក្សសង្គ្រោះជាតិ ព្រមស្បថចូលសភា៕
សូមសរសេរមកកញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com