ដោយ៖ ណាត សុភាព
ថ្ងៃព្រហស្បតិ៍ ទី7 សីហា 2014
http://vodhotnews.com
គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ សមាជិក គជប ថ្មី ដែលត្រូវចាត់តាំងដោយគណបក្សជាប់ឆ្នោតទាំងពី រនៅមិនទាន់ទម្លាយឲ្យដឹងជាសាធារណៈនៅឡើយ ខណៈបក្សប្រឆាំងគ្រោងចូលប្រជុំសភានៅថ្ងៃស្អែកនេះ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ប្រាប់ VOD នៅព្រហ្បតិ៍នេះថា គណបក្សនេះ មិនទាន់ជ្រើសរើសសមាជិក គជប ៣រូបថ្មីនៅឡើយ ខណៈលោក គួយ ប៊ុន រឿន លាឈប់ពីតួនាទីជាតំណាងរាស្ត្រខេត្តកំពង់ចាម ទៅធ្វើជាសមាជិក គជប ថ្មី។
លោក យឹម សុវណ្ណ បញ្ជាក់ថា គណបក្សសង្គ្រោះជាតិនៅតែលើកទឹកចិត្ត ឲ្យអ្នកដែលមានសមត្ថភាពធ្វើការងារលើវិស័យបោះឆ្នោត ដាក់ពាក្យធ្វើជាសមាជិក គជប ថ្មីនេះ។
លោក យឹម សុវណ្ណ ឲ្យដឹងទៀតថា មូលហេតុដែលគណបក្សសង្គ្រោះជាតិមិនទាន់ជ្រើសរើសសមាជិក គជប ថ្មីបាន ដោយសារគណបក្សធ្វើតាមនីតិវិធី និងរង់ចាំធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ច្បាប់រដ្ឋធម្មនុញ្ញ និងបទបញ្ជាមួយចំនួនទៀត។
VOD មិនអាចសុំការអត្ថាធិប្បាយពីមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ព្រុំ សុខា និងលោក ជាម យៀប បានទេ។ តែលោក ឈាង វុន មានប្រសាសន៍ថា លោកសុំមិនបំភ្លឺជុំវិញករណីនេះ ទេដោយថា លោកមិនមានតួនាទីឆ្លើយតបនឹងបញ្ហានេះ។
ចំណែកលោក អ៊ឹម សួស្តី ប្រធានគជប និងលោក ទេព នីថា អគ្គលេខាធិការ គជប បច្ចុប្បន្ន អះអាងដូចគ្នាថា ពួកលោកមិនដឹងពីសមាសភាព គជប ថ្មីនោះទេ គឺអាស្រ័យបក្សទាំងពីរជាអ្នករៀបចំ។
កាលពីថ្ងៃទី២២ ខែកក្កដា គណបក្សនយោបាយជាប់ឆ្នោតទាំងពីរ បានឯកភាពគ្នាជ្រើសរើសសមាជិក គជប ថ្មី ចេញពីបក្សម្ខាង ៤រូប និងសង្គមស៊ីវិល១រូប។ គណបក្សនយោបាយទាំងពីរ ក៏ឯកភាពគ្នាជ្រើសរើសប្រធានអង្គការលីកាដូ លោកស្រី ពុង ឈីវកេក ជាសមាជិក គជប ទី៩៕
សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com