​ពលរដ្ឋ​នៅ​ខេត្តសៀមរាប នាំគ្នា​សង់ផ្ទះ​លើ​ដី​មាន​ជម្លោះ ខណៈ​អាជ្ញាធរ​មិន​ព្រម​ដោះស្រាយ​​

ដោយ៖​ ឡាយ សា​មាន​
ថ្ងៃព្រហស្បតិ៍ ទី7 សីហា 2014
http://vodhotnews.com

​ប្រជាពលរដ្ឋ​ជាង​១០០​នាក់ ស្ថិតនៅ​ភូមិ​ភ្នំ​ក្រោម ក្រុង​សៀមរាប ខេត្ដ​សៀមរាប នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រមូលផ្តុំ​គ្នា​សង់ផ្ទះ​លើ​ដី​មាន​ជម្លោះ​ជាមួយ​ន្ដ្រី​យោធា​យោធភូមិ​ភាគ​ទី​៤ ខណៈ​ដែល​ពួកគេ​ចោទថា អាជ្ញាធរ​មិន​មាន​សមត្ថភាពក្នុងការដោះស្រាយ​។​

ពលរដ្ឋ​ម្នាក់​ដែល​មាន​ទំហំ​ដី​៨០​ម៉ែត្រ​គុណ៨០​ម៉ែត្រ លោក គ្រុំ វ៉េ​ត ប្រាប់ VOD នៅ​ថ្ងៃ​ទី៧ ខែសីហា​នេះ​ថា ការ​ដែល​ប្រជាពលរដ្ឋ​ប្រមាណ​ជា១០០​នាក់ នាំគ្នា​សង់ផ្ទះ​លើ​ដី​មាន​ជម្លោះ​នោះ ដោយសារ​តែ​មន្ត្រី​យោធភូមិភាគ​ទី​៤ ជា​គូ​ជម្លោះ​នោះ​បន្ត​សង់ផ្ទះ​លើដី​នោះដែរ បើទោះបីជា​ខាង​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​បាន​ចុះ​ហាមឃាត់​ជាច្រើនលើក​ក៏ដោយ។ លោកបន្ថែមថា ដូចនេះ​គាត់​ត្រូវតែ​សង់ផ្ទះ​លើ​ដី​មាន​ជម្លោះ​នោះ​ដែរ ដើម្បី​ឲ្យ​ស្មើ​ភាព​គ្នា។

លោក គ្រុំ វ៉េ​ត ឲ្យដឹងទៀតថា ខណៈពេល​ពលរដ្ឋ​សង់ផ្ទះ​នេះ មាន​ទាហាន​ជិត៣០​នាក់ មក​ឃ្លាំមើល ប៉ុន្តែ​មិន​ទាន់​មាន​ការប៉ះទង្គិច​កើតឡើង​ទេ​។​

ស្មៀន​សង្កាត់​សៀមរាប លោក ហឿន ហៀ​ង មានប្រសាសន៍ថា ការ​ដែល​ប្រជាពលរដ្ឋ​នាំគ្នា​ទៅ​សង់ផ្ទះ​លើដី​មាន​ជម្លោះ​នោះ ដោយ​ពួកគេ​គិតថា ខាង​ទាហាន​សង់​បាន ដូចនេះ​ពលរដ្ឋ​ក៏​ត្រូវតែ​សង់​បាន​ដូចគ្នា​។ តែ​លោក​ថា កន្លង​ទៅ​ខាង​អាជ្ញាធរ​ ធ្លាប់​បាន​ចុះ​ផ្អាក​ការ​សាង​សាង់​ផ្ទះ​របស់​មន្ត្រី​យោធា​ពីរ​ដង​ទៅ​ហើយ ប៉ុន្តែ​មន្ត្រី​រូប​នោះ​នៅតែ​បន្ត​ធ្វើ​ដោយសារ​មាន​អ្នកមានអំណាច​ចាំ​ជួយ។

លោក ហឿន ហៀ​ង សំណូមពរ​ឲ្យ​ពលរដ្ឋ​ស្ងប់ស្ងៀម​មួយរយៈ​សិន ដោយ​រង់ចាំ​ដំណោះស្រាយ កុំឲ្យ​មាន​ហិង្សា​កើតឡើង​។​

បើ​តាម​ពលរដ្ឋ  គឺ​ដី​ទំនាស់​នេះ មាន​ទំហំ​សរុប​ជាង​១០​ហិកតា មាន​ជម្លោះ​ជាមួយ​ទាហាន​យោធា​ភូមិភាគ​ទី​៤ បានអូសបន្លាយ​ជាច្រើន​ឆ្នាំ ដោយ​ពួកគេ​បាន​ដាក់​ពាក្យបណ្តឹង​ចំនួន​៣​លើក​មក​ហើយ ប៉ុន្ដែ​អាជ្ញាធរ​មិន​យកចិត្ដទុកដាក់​រក​ដំណោះស្រាយ​ជូន​ពួក​គាត់​ឡើយ​៕

សូមសរសេរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com

What Next?

Recent Articles