ដោយ កែវ និមល
2014-08-20
RFA

យុវជន នាង សុឃុន ផ្ដល់បទសម្ភាសន៍មុខសាលាឧទ្ធរណ៍ បន្ទាប់តុលាការនេះបដិសេធពាក្យបណ្ដឹងរបស់លោកប្រឆាំងលោក ហ៊ុន សែន នៅព្រឹកថ្ងៃ៧ ឧសភា ឆ្នាំ២០១៤។ RFA/Sochivy
អង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) បានចេញសេចក្តីអំពាវនាវមួយ នៅថ្ងៃទី២០ សីហា សុំឲ្យចៅក្រមតុលាការ និងមន្ត្រីក្រសួងមហាផ្ទៃខាងពន្ធនាគារ អនុញ្ញាតឲ្យសាច់ញាតិ និងគ្រួសារជនជាប់ចោទជាយុវជនគណបក្សសង្គ្រោះជាតិ ចំនួន ៣នាក់ បានចូលជួប និងសួរសុខទុក្ខក្នុងពន្ធនាគារ។
យុវជនគណបក្សសង្គ្រោះជាតិ ទាំង ៣នាក់ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនមានឈ្មោះ លោក ឃិន ជំរឿន ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ លោក សាន គឹមហេង ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ ខណ្ឌទួលគោក និងលោក នាង សុឃុន ហិរញ្ញិកចលនាយុវជនគណបក្សសង្គ្រោះជាតិ ខណ្ឌច្បារអំពៅ។ ពួកគេត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២ ខែសីហា ដោយសង្ស័យថា ជាប់ពាក់ព័ន្ធនឹងការប៉ះទង្គិចដោយហិង្សានៅក្បែរស្ពាននាគ ជិតទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា បណ្ដាលឲ្យពលរដ្ឋ និងកងសន្តិសុខសាលាខណ្ឌដូនពេញ របួសជាច្រើននាក់។
សេចក្តីថ្លែងការណ៍របស់អង្គការលីកាដូ បានរៀបរាប់ឲ្យដឹងថា កាលពីថ្ងៃទី៣ និងថ្ងៃទី៤ សីហា គ្រួសារ និងសាច់ញាតិយុវជនជាប់ចោទទាំង ៣រូប បានទៅសុំជួបសួរសុខទុក្ខពួកគេក្នុងពន្ធនាគារព្រៃស ប៉ុន្តែឆ្មាំពន្ធនាគារបានបដិសេធមិនឲ្យជួបទេ និងទាមទារឲ្យមានលិខិតអនុញ្ញាតពីចៅក្រមស៊ើបអង្កេតតុលាការភ្នំពេញ ឬលិខិតអនុញ្ញាតពីអគ្គនាយកដ្ឋានពន្ធនាគារ។ មួយថ្ងៃបន្ទាប់មក មេធាវីការពារយុវជនជាប់ចោទទាំង ៣រូប បានផ្ញើលិខិតសុំជួបសួរសុខទុក្ខទៅចៅក្រមស៊ើបអង្កេត លោក កែវ មុនី ប៉ុន្តែរយៈពេល ២សប្ដាហ៍មកហើយ មិនទាន់មានចម្លើយតបទេ។
លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតរបស់អង្គការលីកាដូ មានប្រសាសន៍ថា ការរារាំងមិនឲ្យសាច់ញាតិគ្រួសារ ជួបអ្នកជាប់ឃុំនេះ ជារឿងរំលោភបំពានធ្វើបាបមនុស្ស៖ «ហើយបើសិនជាជាប់ ហើយមិនឲ្យក្រុមគ្រួសារសួរសុខទុក្ខនេះ វាជារឿងមួយរំលោភបំពានទៅលើសិទ្ធិរបស់គាត់ ក្នុងការជួបជាមួយក្រុមគ្រួសារ ពីព្រោះការជួបគ្រួសារនេះ ជាឱកាសសាច់ញាតិផ្តល់ម្ហូបអាហារបំប៉នដល់ពួកគាត់ផងដែរ។ ជាឱកាសលើកទឹកចិត្តមិនឲ្យគាត់នៅឯកោ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោកចៅក្រមស៊ើបអង្កេត កែវ មុនី ដើម្បីសុំការបកស្រាយអំពីរឿងនេះបានទេ នៅថ្ងៃទី២០ សីហា នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- លោក ហេង សំរិន បដិសេធព័ត៌មានថារដ្ឋសភានឹងចាត់វិធានការចំពោះបាតុកម្មមុខទូតវៀតណាម
- សង្គមស៊ីវិលវិភាគច្បាប់ការចាប់ខ្លួននិងចោទអ្នកធ្វើបាតុកម្មកាលពីថ្ងៃ១៥កក្កដា
- ហេតុផលតុលាការកោះហៅនិងចាប់សកម្មជនគណបក្សសង្គ្រោះជាតិ
- សង្គមស៊ីវិលស្នើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកំណត់អាណត្តិនាយករដ្ឋមន្ត្រីត្រឹម២អាណត្តិ
- សហគមន៍ខ្មែរក្រោមនិងយុវជនព្រមផ្អាកគម្រោងធ្វើបាតុកម្មឲ្យវៀតណាមសុំទោស
- វៀតណាមសុំឲ្យកម្ពុជាបង្ការបាតុកម្មដុតទង់ជាតិវៀតណាម
- ក្រុមការងារបក្សទាំង២បញ្ចប់កិច្ចពិភាក្សាអំពីវិសោធនកម្មច្បាប់បោះឆ្នោត
- ការបោះឆ្នោតរៀបចំក្បាលម៉ាស៊ីនសភានឹងធ្វើឡើងនៅថ្ងៃ២៦ សីហា
- លោក ហ៊ុន សែន ព្រមានដកមន្ត្រីដែលមិនដោះស្រាយបញ្ហាជូនពលរដ្ឋ